កីឡាជាតិ
ជាតិ
កីឡា​១០​ប្រភេទ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប៉ុន្តែ​អវត្តមាន​កីឡា​សក្តានុពល​មួយចំនួន​
23, Jan 2017 , 9:19 am        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៨ ខែមករា បានចេញ​លិខិត​ឧទ្ទេសនាម​ប្រភេទ​កីឡា​ទាំង​១០​ដែល​ត្រូវ​រៀបចំ​ប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧​។ ប៉ុន្តែ​ក្នុង​លិខិត​នោះ​មិនមាន​វត្តមាន​ប្រភេទ​កីឡា​សក្កា​នុព​ល​មួយចំនួន​ដែល​បានដាក់​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦ នោះឡើយ​។



​យោងតាម​លិខិត​ឧទ្ទេសនាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​១៨ ខែមករា កីឡា​ទាំង​១០​ប្រភេទ​ដែល​ដាក់​ឲ្យ​រៀបចំ​ការប្រកួត​កីឡា​មហា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ រួមមាន​សូ​ហ្វ​តិ​ន្នី​ស​, សី​ប៉ា​ក់តា​ក្រ​, ស្គី​ទឹកកក​, ទាញព្រ័ត្រ​, វូ​ស៊ូ​, យូ​ដូ​, វ៉ូ​វី​ណា​ម​, តេ​ក្វាន់​ដូ​(ITF), តុង​ហ្គី​ល​ម៉ូ​ដូ​, និង​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​កា​នូ​កា​យ៉ាក់​។ គួររំលឹកថា ប្រភេទ​កីឡា​ទាំងនេះ​សុទ្ធតែ​មិនបាន​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦​។

​ទោះបី​ឆ្នាំនេះ​មិនមែនជា​ឆ្នាំ​ដែល​ត្រូវ​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ក៏ដោយ ប៉ុន្តែ​ប្រភេទ​កីឡា​សក្តានុពល​មួយចំនួន​ដូចជា តេ​ក្វាន់​ដូ WTF, ប៉េតង់​, ចំបាប់ និង​ល្បុក្កតោ​ជាដើម មិនមាន​វត្តមាន​ក្នុង​បញ្ជី​ឧទ្ទេសនាម​ការប្រកួត​កីឡា​មហាជន​នេះឡើយ ពោលគឺ​ប្រ​ភ​ទេ​កីឡា​ដែល​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៦​។

​លិខិត​ឧទ្ទេសនាម​ដដែល​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សហព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​លើ​ផ្នែក​បច្ចេកទេស ដោយ​ធ្វើលិខិត​ស្នើសុំ​គោលការណ៍​រៀបចំ​ការប្រកួត ភ្ជាប់​មកជា​មួយ​នូវ​បទបញ្ជា និង​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​ការប្រកួត​ប​ញ្ជូ​ន​មក​ក្រសួង​អប់រំ តាមរយៈ​នាយកដ្ឋាន​កីឡា​ឲ្យ​បាន​មុន​ពីរ​ខែ​នៃ​ការប្រកួត​។ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​សមាគម​-​ក្លិប​រៀបចំ​ការប្រកួត ដើម្បី​ចម្រាញ់​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព សម្រាប់​បញ្ជូន​ចូលរួម​ប្រកួត​ជើងឯក​នេះ​»​។

​ក្រៅពី​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ ក៏មាន​ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នា​សម្រាប់​រាជធានី​-​ខេត្ត និង​សម្រាប់​នាយដ្ឋាន​អប់រំ​កាយ និង​កីឡា ផងដែរ​៕


Tag:
 ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com