កីឡាជាតិ
ជាតិ
FFC បង្កើត​គណៈកម្មការ​មួយ​ដើម្បី​រៀបចំ​ការប្រកួត ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព
24, Jan 2017 , 9:59 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) កាលពី​ល្ងាច​ថ្ងៃទី​២២ ខែមករា បានប្រកាស​ពី​ការបង្កើត​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (Cambodia National Competitions Committee) ដែល​ហៅ​កាត់​ថា CNCC ។ គណៈកម្មការ​នេះ មាន​តួនាទី​ជួយ​ពង្រឹង អភិវឌ្ឍន៍​បច្ចេកទេស និង​បទបញ្ជា​នៃ​ការប្រកួត​ឲ្យ​កាន់តែ​រីកចម្រើន​។



​ការប្រកួត​ក្របខណ្ឌលីក​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន  ចាប់ពី​ឆ្នាំ​២០១៧ នេះ​ទៅ ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) ដែល​បង្កើតឡើង​ឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ គណៈកម្មការ​ដែល​ស្ថិតក្រោម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) មាន​តួនាទី​ជួយ​សម្រាល​បន្ទុក​របស់​សហព័ន្ធ ​ជាពិសេស​ពង្រឹង​ផ្នែក​បច្ចេកទេស និង​បទបញ្ជា​ការប្រកួត​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​រដូវ​កាល​ថ្មី​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ថ្ងៃទី​២២ ខែមករា លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​របស់ CNCC បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្កើត​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ជា​នាយកដ្ឋាន​ដោយឡែក​នេះ​គឺ សំដៅ​ដល់​ការពង្រឹង​ផ្នែក​ការប្រកួត​របស់​យើង​ឲ្យ​កាន់​តែមាន​គុណភាព​។ បើ​យើង​ងាក​ទៅ​មើល​ប្រទេស​ជឿនលឿន​ដូចជា​ជប៉ុន និង​សិង្ហ​បុរី​ជាដើម​ការប្រកួត​លី​ក​របស់គេ​គឺ​ស្ថិតនៅក្រោម​ស្ថាប័ន​ដាច់ដោយឡែក​»​។​

​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​នេះ មាន​លោក ឌី វិជ្ជា ជា​ប្រធាន​គណៈកម្មការ​នាយក ដែលមាន​លោក ឆាំង ពិសិដ្ឋ ជា​លេខា​ប្រតិបត្តិ​។ ចំណែក​ប្រធាន និង​អគ្គលេខាធិការ​របស់​ក្លិប​នីមួយៗ​ត្រូវបានតែងតាំង​ជា​សមាជិក​គណៈកម្មការ​នាយក​។

​ទោះបី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ជា​ស្ថាប័ន​ដាច់ដោយឡែក​ក៏ពិតមែន ប៉ុន្តែ​ស្ថាប័ន​នេះ​ស្ថិតនៅក្រោម​ការឃ្លាំមើល និង​អធិការកិច្ច​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ «​នៅ​ដាច់ដោយឡែក គ្រប់គ្រង​ដោយឡែក ប៉ុន្តែ​ស្ថិតនៅក្រោម​ការឃ្លាំមើល និង​អធិការកិច្ច​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​ជាតិ​នីមួយៗ​»​។ នេះ​ជា​សំដី​របស់លោក ឆាំង ពិសិដ្ឋ​។  



​ទោះបីការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​ស្ថិតក្រោម​ការរៀបចំ​រប​ស់ CNCC ក៏ដោយ ប៉ុន្តែ​ស្ថាប័ន​នេះ​មិនមាន​តួនាទី​លូកដៃ​ដោះស្រាយ​បញ្ហា​របស់​កីឡាករ មន្ត្រី​និង​ក្លិប​នីមួយៗ​ដែល​ល្មើស​ពីបទ​បញ្ជា​នៃ​ការប្រកួត​នោះឡើយ​។ ពោលគឺ​បញ្ហា​នេះ​សិ្ថ​ត​នៅក្រោម​អធិការកិច្ច​របស់​គណៈ​កម្ម​ការ​វិន័យ​។

«​នៅក្នុង​បទបញ្ជា​ប្រកួត​គឺ​យើង​មាន​គណៈកម្មការ​នីមួយ​ដែលជា​អង្គការ​គតិ​យុទ្ធ​ដែល​បង្កើត​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​។ យើង​មាន​គណៈកម្មាការ​វិន័យ ប្រសិនបើ​ក្រុមបាល់ទាត់ កីឡាករ ឬ​មន្ត្រី​ក្រុម​ដែល​គាត់​ប្រព្រឹត្តិ​ឆ្លង​ទៅនឹង​បញ្ជាការ​ប្រកួត​របស់​យើង គឺ​គណៈកម្មការ​វិន័យ​នឹងមាន​វិធានការ​ចំពោះ​គាត់​។ ប៉ុន្តែ​សម្រាប់ CNCC បង្កើតឡើង​ដើម្បី​ជួយ​ពង្រឹង និង​ជំរុញ​បន្ថែម ដើម្បី​ឲ្យ​ការប្រកួត​មានគុណ​ភាពល្អ និង​ដើម្បី​អភិវឌ្ឍន៍​បាល់ទាត់​យើង​តែម្តង​»​។ នេះ​ជាការ​បញ្ជាក់​របស់​លេខា​ប្រតិបត្តិ​របស់ CNCC​។​

​តាំងពី​ថ្ងៃ​បង្កើត​រហូតដល់​មកទល់​ពេលនេះ CNCC មិនទាន់​បានកំណត់​ពី​អាណត្តិ​របស់ខ្លួន​នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​រួមរស់​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​រំពឹងថា ទៅ​ថ្ងៃ​អនាគត CNCC នឹង​រស់​ដោយ​ខ្លួនឯង ដោយ​មិនបាច់​ពឹង​ផ្អែកលើ​សហព័ន្ធ​។

​គួរ​បញ្ជាក់ថា ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​(Cambodian League 2017) នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែធ្នូ​។ ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​១២ រួមមាន​បឹងកេត​អង្គរ​, ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​ស្វាយរៀង​, ភ្នំពេញ​ក្រោ​ន​, ណាហ្គា​វើ​ល​, ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឹ​រ​, ប៉ូលិស​, ស៊ីម៉ាក់​, វេ​ស្ទើ​ន​ភ្នំពេញ​, គីរីវង់​សុខ​សែន​ជ័យ​, អគ្គិសនី​កម្ពុជា និង​អាស៊ី​អឺរ៉ុប​៕


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com