ជាតិ
សេដ្ឋកិច្ច
ចិន​កាន់កាប់​ជាង ២៣​ភាគរយ​នៃ FDI របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០១៦ ​
28, Jan 2017 , 8:39 pm        
រូបភាព
លោកបណ្ឌិត តេង ដឺលុច សាស្រា្តចារ្យសេដ្ឋកិច្ចនៃសកលវិទ្យាល័យកម្ពុជា
លោកបណ្ឌិត តេង ដឺលុច សាស្រា្តចារ្យសេដ្ឋកិច្ចនៃសកលវិទ្យាល័យកម្ពុជា
ដោយ:
ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​បាន​បោះទុន​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ ដែលមាន​ទឹកប្រាក់​ចំនួន ៥១១​លាន​ដុល្លារ ស្មើ ២៣,៧​ភាគរយ​នៃ​វិនិយោគ​ផ្ទាល់​បរទេស (FDI) របស់​កម្ពុជា​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ការវិនិយោគ​របស់​ចិន​បាន​ថយចុះ ៨​ភាគរយ​។ នេះ​ជា​តួលេខ​លំហូរ​សាច់ប្រាក់​ដែល​ធនាគារជាតិ​នៃ​កម្ពុជា (NBC)  ធ្វើការ​កត់ត្រា​។ បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច កម្ពុជា​មិនត្រូវ​ពឹងផ្អែក​ខ្លាំងពេក​លើ​ការវិនិយោគ​របស់​ប្រទេស​ណាមួយ និង​ត្រូវ​ទាក់ទាញ​វិនិយោគ​លើ​វិស័យ​ចម្រុះ​ឲ្យ​បាន​កាន់តែច្រើន​។​



របាយការណ៍​របស់ NBC ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន​វិនិយោគ​ភាគច្រើន​លើ​វិស័យ​កម្មន្តសាល (​ឧស្សាហកម្ម​ផលិត​កែច្នៃ​) ដែលមាន ៤១ ភាគរយ​នៃ​ទុន FDI របស់​កម្ពុជា​លើ​វិស័យ​មួយ​នេះ​, ហិរញ្ញវត្ថុ ១៥ ភាគរយ ,​អចលនទ្រព្យ ២០ ភាគរយ និង​វិស័យ​សកម្មភាព​ស្នាក់នៅ​និង​អាហារ​មាន ២៧ ភាគរយ​។

ក្រុមហ៊ុន​ចិន​បាន​នាំមុខគេ​ក្នុងចំណោម​ប្រទេស​ដែល​វិនិយោគ​ច្រើន​នៅ​កម្ពុជា​។ របាយការណ៍​របស់ NBC បង្ហាញថា ហុងកុង​បាន​វិនិយោគ ២៣៧​លាន​ដុល្លារ​, វៀតណាម ១៩២​លាន​ដុល្លារ​, ជប៉ុន ១៨៥​លាន​ដុល្លារ និង​សិង្ហ​បុរី ១៦៩​លាន​ដុល្លារ​។

លោក​បណ្ឌិត តេង ដឺ​លុច សា​ស្រា្ត​ចា​រ្យ​សេដ្ឋកិច្ច​នៃ​សកល​វិទ្យាល័យ​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការវិនិយោគ​របស់​ចិន​ក្នុងពេល​ថ្មីៗ​នេះ​មាន​ភាពល្អប្រសើរ​ជាង​មុន​ដល់​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ការវិនិយោគ​នេះ​បានធ្វើ​ពិពិធ​កម្ម (​ចម្រុះ​) ច្រើនជាង​មុន​ទៅក្នុង​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា​។

ប៉ុន្តែ​រដ្ឋាភិបាល​មិនត្រូវ​ពឹង​ផ្អែកលើ​ការវិនិយោគ​ចិន​ខ្លាំងពេក​ទេ ដែល​នាំ​ឲ្យ​បាត់បង់​ឯករាជ្យភាព​សេដ្ឋកិច្ចជាតិ​។ នេះ​បើតាម​លោក តេង ដឺ​លុច ដែល​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ការពឹង​ផ្អែកលើ​ការវិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស ដូចជា ចិន​ខ្លាំងពេក នឹងធ្វើ​ឲ្យ​បាត់បង់​តុល្យភាព គេ​ហៅថា​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ចជាតិ ដូច្នេះ​វា​ធ្វើ​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម និង​វិនិយោគ​ពឹង​ផ្អែកលើ​ដង្ហើម​សេដ្ឋកិច្ច​មួយ​»​។​

សាស្ត្រាចារ្យ​សេដ្ឋកិច្ច​រូបនេះ​បានផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ពង្រឹង​ការទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ជាច្រើន​ទៀត ដើម្បី​វិនិយោគ​លើ​វិស័យ​ចម្រុះ​ជាច្រើន​មុខ​ទៀត​របស់​កម្ពុជា​។ «​ធ្វើ​ពិពិធ​កម្ម​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​តូចៗ ព្រោះថា​ក្នុង​វិស័យ​ឧស្សាហកម្ម សេវាកម្ម មានមុខ​របរ​រាប់ពាន់​រាប់ម៉ឺន ប៉ុន្តែ​ការវិនិយោគ​នៅ​ស្រុក​ខ្មែរ​តិចតួច​បំផុត វា​ដដែលៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក តេង ដឺ​លុច ។​

ជាមួយគ្នានេះដែរ លោក តេង ដឺ​លុច ក៏​ជំរុញ​អ្នកវិនិយោគ​ចិន និង​រដ្ឋាភិបាល​ព្យាយាម​ពង្រឹងគុណភាព​វិនិយោគ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​អវិជ្ជមាន​លើ​ពលរដ្ឋ ដែលជា​ភាគី​មួយ​ត្រូវ​ទទួលផល​ពី​ការវិនិយោគ​ផងដែរ​។​

បើ​យោងតាម​របាយការណ៍​អង្កេត FDI ឆ្នាំ​២០១៤ ដែល​ចេញផ្សាយ​ដោយ NBC កាលពី​ខែកញ្ញា​ឆ្នាំ​២០១៦ ប្រទេស​ចិន​នៅតែ​ជា​វិនិយោគិន​ផ្ទាល់​បរទេស​ធំជាងគេ​នៅ​កម្ពុជា​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៤ ចិន (​រាប់ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) បាន​វិនិយោគ​ចំនួន ៨,៤​ពាន់​លាន​ដុល្លារ ស្មើ ៤៤​ភាគរយ​នៃ FDI សរុប​របស់​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com