អន្តរជាតិ
កូន​តោ​កាត់​ខ្លា (Liger) មួយ​ក្បាល​នៅ​រុស្ស៊ី​ដែល​ធំធាត់​ដោយសារ​ទឹកដោះពពែ​
01, Feb 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
កូន Liger ដែល​កើតចេញពី​ការ​បង្កាត់​រវាង​តោ​ឈ្មោល និង​ខ្លា​ញី នៅ​សួនសត្វ​មួយ​ក្នុងប្រទេស​រុស្ស៊ី តាំងពី​ខែវិច្ឆិកា​មក កំពុង​ធំធាត់​ដ៏​គួរ​ឲ្យ​សម្គាល់​។ កូន Liger ឈ្មោល​ឈ្មោះ Tsar នេះ អាចមាន​ទម្ងន់​រហូតដល់​៤០០​គីឡូក្រាម និង​ប្រវែង​៣​ម៉ែត្រ​។



Tsar ជា​កូន​តោ​កាត់​ខ្លា (Liger) មួយ​ក្បាល ដោយមាន​បា​ជា​តោ​ឈ្មោល​ឈ្មោះ Caesar និង​មេ​ជា​ខ្លា​ញី​ឈ្មោះ Princess​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Erik Airapetyan ប្រធាន​មជ្ឈមណ្ឌល និង​សួនសត្វ Samara Circus ដែល​កំពុង​នាំ Tsar ទៅ​សម្តែង​តាម​តំបន់​មួយចំនួន​។​

​លោក​បាន​បញ្ជាក់ថា ដោយសារតែ​មេ​វា​គ្មាន​ទឹកដោះ បច្ចុប្បន្ន Tsar ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ទឹកដោះពពែ​ដែល​ស្ថិតនៅក្នុង​សួនសត្វ​ជាមួយគ្នា​។ លោក​បានកត់សម្គាល់​ផងដែរ​ថា Tsar មានការ​ធំធាត់​ដ៏​គួរ​ឲ្យ​កត់សម្គាល់ នា​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​។​

​បច្ចុប្បន្ន គេ​រកឃើញ​មាន Liger តែ​២៣​ក្បាល​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​។ Liger ដែល​ធំជាងគេ គឺ Hercules ដែល​រស់នៅ​សហរដ្ឋអាមេរិក ដោយ​វា​មានឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា Guinness Book of World Records ជាមួយ​ទម្ងន់​៤១៨​គីឡូក្រាម និង​ប្រវែង​៣,៣៣​ម៉ែត្រ​។​

​កន្លងមក កូន Liger បី​ក្បាល​ត្រូវ​ម្តាយ​របស់ខ្លួន​បោះបង់ចោល​នៅ​សួនសត្វ Sochi ប្រទេស​រុស្ស៊ី តែ​ពួកវា​ត្រូវបាន​សត្វ​ឆ្កែ​ខ្មៅ​មួយ​ក្បាល​ចិញ្ចឹម​ថែរក្សា​ដូចជា​កូន​របស់ខ្លួន នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកទទួលខុសត្រូវ​សួនសត្វ​៕


Tag:
 Liger
  សួនសត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com