អន្តរជាតិ
អ៊ីស្រាអែល​ត្រៀម​សង់ផ្ទះ ៣​ពាន់​ខ្នង​លើដី​ប៉ា​ឡេ​ស្ទី​ន ដោយ​មិន​ញញើត​ច្បាប់​អន្តរជាតិ​
01, Feb 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អ៊ីស្រាអែល​ត្រៀម​សង់​សំណង់​លំនៅដ្ឋាន​បន្ថែមចំនួន ៣០០០​កន្លែង​ទៀត​សម្រាប់​ប្រជាជន​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន West Bank ។ ការប្រកាស​សាងសង់​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​បាន ១១​ថ្ងៃនោះ​។​



​ផ្ទះសម្បែង ៣០០០​ខ្នង​ទៀត​នឹងត្រូវ​សាងសង់ឡើង​នៅលើ​ទឹកដី West Bank តាម​គម្រោង​របស់​រដ្ឋា​ភិ​បាល​អ៊ីស្រាអែល​នៅពេល​ឆាប់ៗ​ខាងមុខ​។ រដ្ឋ​ជ្វី​ហ្វ​មួយ​នេះ​ហាក់​ប្រញាប់ប្រញាល់​បន្តសកម្មភាព​សង់​លំនៅដ្ឋាន​របស់ខ្លួន ទាន់​ពេលដែល​ខ្លួន​មាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​ខ្នងបង្អែក​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការពារជាតិ​អ៊ីស្រាអែល​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា ការសាងសង់​នេះ​គឺ​ដើម្បី​បំពេញតម្រូវការ​ផ្ទះសម្បែង ហើយ​វា​ជាការ​ត្រឡប់​ទៅ​រស់នៅ​ទឹកដី​របស់ខ្លួន​វិញ​ប៉ុណ្ណោះ​។​

​ខណៈដែល​មានការ​ប្រកាស​សាងសង់​លំនៅដ្ឋាន​បន្ថែម គេ​ឃើញ​អាជ្ញាធរ​អ៊ីស្រាអែល​រៀបចំ​បណ្តេញ​ប្រជាជន​ប្រហែល ៣៣០ នាក់​ពី​ទីតាំង​មួយកន្លែង​នៅ​តំបន់ West Bank នេះ​។
​តាមពិតទៅ សំណង់​លំនៅដ្ឋាន ៣០០០​កន្លែង​នេះ ត្រូវដាក់​ចេញ​ឲ្យ​សាងសង់​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​រដ្ឋាភិបាល​អ៊ីស្រាអែល​សម្រេច​អនុម័ត​គម្រោង​សង់ លំនៅដ្ឋាន ២៥០០​ខ្នង​នៅលើ​ទឹកដី West Bank ដែរ​។ គម្រោង​នេះ​បានធ្វើ​ឲ្យ​មាន​ប៉ា​ឡេ​ស្ទី​ន​ខឹងសម្បារ និង​មានការ​រិះគន់​ខ្លាំង​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​ជាពិសេស​សហភាព​អឺរ៉ុប​។

 សកម្មភាព​អ៊ីស្រាអែល តាមពិតទៅ​បំពាន​លើ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ដែល​ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​អនុម័ត​កាលពី​ចុងខែ​មុន​។ ដំណោះស្រាយ​នេះ​ថ្កោលទោស​កម្មវិធី​អ៊ីស្រាអែល​និង​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ចប់​ការសាងសង់​នេះ​ដូចគ្នា​។ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ខ្វល់​ឡើយ ព្រោះ ដូ​ណា​ល់ ត្រាំ នៅ​ធ្វើជា​ខ្នងបង្អែក និង​ជា​អ្នកការពារ​ខ្លួន​នៅពេល​មាន​បញ្ហា​។

​អ្វីដែល​សំខាន់​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប៊ិន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ នឹងធ្វើ​ដំណើរ​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួប​និង​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ថែម​ទៀតផង​។ ដែល​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពស្និទ្ធស្នាល​រវាង​រដ្ឋ​បាល​អាមេរិក​ថ្មី និង​រដ្ឋ​ជ្វី​ហ្វ​អ៊ីស្រាអែល​។​

​ត្រឡប់មកវិញ ពាក់ព័ន្ធ​ការចេញ​ដំណោះស្រាយ​នេះដែរ លោក ដូ​ណា​ល់ ត្រាំ បាន​ទិតៀន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាស់ដៃ ហើយ​លោក​ចាត់ទុក​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​នេះ​បទបញ្ញត្តិ​ដែលមាន​ច​រិ​ក​ប្រឆាំង​អ៊ីស្រាអែល ទៀត​។​

​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​ហ៊ាន​សន្យាថា រដ្ឋបាល​លោក នឹង​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដែល​វា​ជាការ​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការកាន់កាប់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដោយ​អ៊ីស្រាអែល​។ ប៉ុន្តែ ការទទួលស្គាល់​ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​ស្របច្បាប់ ជាការ​ព្យាយាម​បំផ្លាញ​ផ្លូវ​ឆ្ពោះទៅរក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ទៅវិញ​ទេ​។

​តាមពិតទៅ ប៉ា​ឡេ​ស្ទី​ន មានបំណង​កំណត់​យក​ទឹកដី West Bank និង Gaza Strip ដើម្បី​ធ្វើជា​រដ្ឋ​ឯករាជ្យ និង​ប្រកាស​យក​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់ខ្លួន ដែល​វា​ប្រឆាំងនឹង​អ្វីដែល​អ៊ីស្រាអែល​បំណង​អ៊ីស្រាអែល​ដែរ​។ នៅ Gaza វា​មិនសូវ​មានការ​ប្រទាញប្រទង់​ឡើយ​ព្រោះ​កងទ័ព​អ៊ីស្រាអែល​និង​ប្រជាជន​អ៊ីស្រាអែល​ដកខ្លួន​ពី តំបន់​នេះ​នៅ​ឆ្នាំ ២០០៥​។

​អ៊ីស្រាអែល​ចង់យក​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ធ្វើជា​រដ្ឋធានី​របស់ខ្លួន​។ រដ្ឋ​ជ្វី​ហ្វ​នេះ បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​រដ្ឋ​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​រហូតមក​៕


Tag:
 អ៊ីស្រាអែល​
  ​ប៉ា​ឡេ​ស្ទី​ន​
  West Bank
  Gaza Strip
  ហ្ស៊េ​រុយ​សា​ឡិ​ម
© រក្សាសិទ្ធិដោយ thmeythmey.com