អន្តរជាតិ
សិស្ស​ម្នាក់​ប្រឈម​ជាប់គុក​៣០​ថ្ងៃ​ដោយសារ​បង្ហោះ​យន្តហោះ​ក្រដាស​ចំ​ភ្នែក​គ្រូ​
02, Feb 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​សិស្ស​វិទ្យាល័យ​អាមេរិក​ម្នាក់​ដែល​ស្ថិតនៅ​ក្រុង South Carolina បាន​បង្ហោះ​យន្តហោះ​ក្រដាស​ដោយ​ហើរ​ទៅបុក​ភ្នែក​គ្រូបង្រៀន​ម្នាក់​។ ភ្នែក​របស់លោក Edward Mclver ដែលជា​គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នោះ មានការ​ឈឺចាប់​យ៉ាងខ្លាំង រហូតដល់​ឡើង​ក្រហម​យ៉ាងខ្លាំង​។​



​ការធ្វេសប្រហែស​របស់​សិស្ស​ឈ្មោះ David Michael Elliott វ័យ​១៧​ឆ្នាំ ធ្វើ​ឲ្យ​គេ​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥០០​អាមេរិក ពីបទ​បង្ក​របួសស្នាម​កម្រិត​ទី​បី​។ Elliott ត្រូវបាន​ការិយាល័យ​ប៉ូលិស Georgetown County ឃាត់ខ្លួន​ដើម្បី​សាកសួរ​កាលពី​ថ្ងៃទី​១០ ខែមករា ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ​នៅ​ដដែល បន្ទាប់ពី​មានការ​តម្កល់​ប្រា​ក់ជាង​១០០០​ដុល្លារ​អាមេរិក​។​

​បើតាម​ការផ្សាយ​របស់ South Strand News សំណុំ​រឿងនេះ នឹងត្រូវ​បើក​ជំនុំជម្រះ នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខ​។ សិស្ស​ឈ្មោះ David Michael Elliott ទទួលស្គាល់ថា រូបគេ​ពិតជា​បាន​បង្ករ​ការឈឺចាប់​លើ​ភ្នែក​របស់​គ្រូបង្រៀន​មែន ប៉ុន្តែ​គេ​បាន​និយាយ​ការពារ​ខ្លួនឯង​ថា វា​មិនមែនជា​ចេតនា​នោះឡើយ​។

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Mclver បាន​និយាយ​ទៅកាន់​សិស្ស​ផ្សេង​ទៀតថា សិស្ស Elliott ពិតជា​មានបំណង​បង្ហោះ​យន្តហោះ​ក្រដាស​ទៅ​បំ​បុក​ផ្នែក​របស់លោក​មែន ដោយសារតែ​គាត់​ធ្លាប់បាន​ស្តី​ឲ្យ Elliott ទាក់ទង​អាកប្បកិរិយា​មិន​គប្បី​របស់គេ​មួយចំនួន​។

​លោក​បាន​អះអាងថា ការរាយការណ៍​ពី​ទង្វើ​របស់ Elliott នេះ គឺ​លោក​គ្រាន់តែ​ចង់​ប្រដៅ​គេ​ឲ្យ​រាងចាល​តែប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នេះ លោក​បាន​បន្ថែម ភ្នែក​លោក​មានប្រតិកម្ម​ដោយសារតែ​លោក​ទើបតែ​ធ្វើការ​វះកាត់​កាលពីពេល​ថ្មីៗ​កន្លងមក​៕


Tag:
 ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com