អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​៖«​ប្រទេស​ផ្សេង​កុំ​ភ័យ​! ខែល​ការពារ​មី​ស៊ី​ល​ដើម្បី​តែ​តទល់​កូរ៉េខាងជើង​នោះទេ​»
02, Feb 2017 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​ការពារជាតិ​អាមេរិក លោក James Mattis បាន​និយាយថា មាន​ហេតុផល​តែមួយគត់ ដែល​អាមេរិក នឹងត្រូវ​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​នៅពេលដែល​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បាន​ដល់​ទឹកដី​កូរ៉េខាងត្បូង​ជា​លើកដំបូង​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ការពារជាតិ​នា​ដំណើរ​ទស្សនកិច្ច​ថ្ងៃទី​០២ កុម្ភៈ​នេះ​។



«​ខែល​ការពារ​មី​ស៊ី​ល THAAD គឺ​សម្រាប់តែ​ការពារ​ប្រជាជន​នៃ​សម្ព័ន្ធមិត្ត​របស់​យើង និង​ទាហាន​របស់​យើង ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចការ​ការពារ​របស់​ពួកគេ ហើយ​ប្រសិនបើ​កូរ៉េខាងជើង មិន​បង្ហាញ​ពី​ឥរិយាបថ​បង្ករឿង​នោះទេ យើង ក៏​មិន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ទីនោះ​ផងដែរ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២ កុម្ភៈ​នេះ និង បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន CNN​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​ដទៃ​ផ្សេងទៀត មិនចាំបាច់​ព្រួយបារម្ភ​អំពី​ខែល​ការពារ​មី​ស៊ី​ល​នេះឡើយ ដ្បិត​ខែល​នោះ បំពាក់​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ប៉ុណ្ណោះ​។ កន្លងមក ទាំង​ចិន និង​រុស្ស៊ី បាន​ជំទាស់​ដាច់ខាត​ចំពោះ​ការបំពាក់​ខែល​ការពារ​មី​ស៊ី​ល​នេះ ដ្បិត ពួកគេ យល់ឃើញថា​វា នឹង​បំផ្លាញ​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​ជាពិសេស​នោះ ផលប្រយោជន៍​សន្តិសុខ​របស់​ពួកគេ​តែម្តង​។ ចិន ធ្លាប់​ទាំង​ព្រមាន​ថា នឹងមាន​វិធាន​ការតបត​វិញ​ជាក់​ជាពុំខាន​បើ THAAD នៅតែ​ដំឡើង​។

​សូម​ជម្រាប​ផងដែរ​ថា លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis កំពុងតែ​បំពេញ​ទស្សនកិច្ច​ជាដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​នៃ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ហើយ​លោក បន្ត​បំពេញ​ទស្សនកិច្ច​ទៅកាន់​ជប៉ុន​នៅ​ថ្ងៃទី​០៣ កុម្ភៈ​។ បើតាម​ប្រភពព័ត៌មាន CNN ដដែល​នោះ វត្តមាន​របស់លោក​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​លើក​នេះ ក៏​ដើម្បី​តែ​ប្រមូល​ទិន្នន័យ និង​ស្វែងយល់​ស្ថានភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ ដើម្បី​ឈានដល់​ការបង្កើត​គោលនយោបាយ​តបត​ក្រុង​ព្យុងយ៉ាង​វិញ​។

​សម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំមុន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​ព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅក្នុង​ទីក​ដី​កូរ៉េខាងត្បូង​។ ការសម្រេច​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធ្ងន់​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ពី​ការវាយប្រហារ​ពី​កូរ៉េខាងជើង ដ្បិត ក្រុង​ព្យុងយ៉ាង តែងតែ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​សព្វាវុធ​ទំនើបៗ ដែល​កូរ៉េខាងត្បូង ធា្ល​ប់​អះអាងថា ខ្លួន​គ្មាន​សមត្ថភាព​ដើម្បី​តបត​វិញ​ឡើយ ប្រសិន គ្មាន​ជំនួយ​ពី​អាមេរិក​នោះ​។​

​នៅ​ថ្ងៃទី​៣១ មករា រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក Han Min-koo និង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​អាមេរិក James Mattis ក៏បាន​ជជែក​តាមរយៈ​ទូរ​សព្ទ ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD) នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅក្នុង​ឆ្នាំ​២០១៧ ហើយ​សម្ព័ន្ធមិត្ត​ទាំងពីរ ក៏បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចស្រេច​ដើម្បី​វាយបក​ទៅ​សកម្មភាព​ឈា្ល​ន​ពី​កូរ៉េខាងជើង​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com