អន្តរជាតិ
អារ៉ាប់​រួម​៖ បទបញ្ជា​របស់​ត្រាំ ហាម​ប្រជាជន​មកពី​ប្រទេស ៧ មិន​ប្រឆាំង​ម៉ូ​ស្លី​ម​ទេ​
02, Feb 2017 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមលោក Sheikh Abdullah bin Zayed
រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមលោក Sheikh Abdullah bin Zayed
ដោយ: ថ្មីៗ
​ស្របពេល​ប្រទេស​ជាច្រើន​តវ៉ា​ប្រឆាំង​បទបញ្ជា​លោក ដូ​ណា​ល់ ត្រាំ  រដ្ឋាភិបាល​អារ៉ាប់​រួម​គាំទ្រ​បទបញ្ជា​ដែល​ហាម​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម ៧​ចូល​ដី​អាមេរិក​នេះ​។ ប្រទេស​នេះ​ថា វា​ជា​ចំណាត់ការ​ផ្ទៃក្នុង​និង​សម្រេច​ដោយ​សិទ្ធិ​អធិបតេយ្យ​ផ្ទាល់ខ្លួន​ដើម្បី​ការពារ​ប្រយោជន៍​អាមេរិក ហើយ​វា​មិន​ប្រឆាំង​សាសនា​ណាមួយ​ឡើយ​។



​រដ្ឋមន្ត្រីការបរទេស​អារ៉ាប់​រួម​លោក Sheikh Abdullah bin Zayed បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា បទបញ្ជា​ហាម​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម ៧ របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិនមាន​អ្វី​ខុសឆ្គង​ឡើយ ហើយ​វា​ជា​រឿង​ផ្ទៃក្នុង​របស់​អាមេរិក​សុទ្ធសាធ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​រុស្ស៊ី លោក Sergei Lavrov  នា​រាជធានី Abu Dhabi  រដ្ឋមន្ត្រីការបរទេស​អារ៉ាប់​រួម Sheikh Abdullah bin Zayed ប្រកាសថា ការសម្រេច​របស់លោក ដូ​ណា​ល់ ត្រាំ ជា​សិទ្ធិ​អធិបតេយ្យ​របស់​អាមេរិក ហើយ​វា​មិន​ប៉ះពាល់​ឬ​មាន​គោលដៅ​ប្រឆាំង​សាសនា​ណាមួយ​ឡើយ​។​

​លោក Sheikh Abdullah បានបញ្ជាក់​ដូច្នេះ​៖ «​អាមេរិក​បា​នស​ម្រេ​ចិត្ត​ធ្វើបែបនេះ​ស្ថិតក្រោម​អធិបតេយ្យ​របស់ខ្លួន​។ វា​មានការ​ប៉ុនប៉ង​ចោទប្រកាន់ថា បទបញ្ជា​របស់លោក ត្រាំ មាន​ចរិតលក្ខណៈ​ប្រឆាំង​សាសនា​មួយ​ជាក់លាក់​។ ប៉ុន្តែ​គ្រប់យ៉ាង​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ការចោទប្រកាន់​នេះ​មិន​ត្រឹមត្រូវ​ឡើយ​។ វា​មិន​មែនមាន​គោលដៅ​ប្រឆាំង​សាសនា​ណាមួយ​នោះឡើយ​»​។​

​សូម​រម្លឹក​បន្តិច​ដែរ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដាក់បទបញ្ជា​មួយ​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម ៧​ចូល​ទឹកដី​អាមេរិក​ក្រោម​ហេតុផល​ការពារ​សន្តិសុខ​។ ប៉ុន្តែ​ការដាក់​បទបញ្ជា​នេះ​បានធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​ខ្លាំង និង​មានប្រតិកម្ម​តប​ពី​សំណាក់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​, ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​ដែរ​។ គេ​ជឿជាក់ថា ការសម្រេច​នេះ​មាន​គោលដៅ​ប្រឆាំង​អ្នក​កាន់សាសនា​ឥស្លាម​។​

​ក្រៅពី​គាំទ្រ​បទបញ្ជា​ប្រតិបត្តិ​របស់ ដូ​ណា​ល់ ត្រាំ ប្រមុខ​ការទូត​រដ្ឋ​អារ៉ាប់​រូបនេះ បានប្រកាស​ស្វាគមន៍​គំនិត​បង្កើត​តំបន់​សុវត្ថិភាព​នៅក្នុង​ទឹកដី​ស៊ី​រី ដើម្បី​អនុញ្ញាត​ឲ្យ ជនភៀសខ្លួន​ជ្រកកោន​នោះ​។ អារ៉ាប់​រួម​គាំទ្រ ក្នុងករណី​ដែល​វា​ជា​តំបន់​ដែល​បង្កើត​ឡើងជា​លក្ខណៈ​បណ្តោះអាសន្ន​និង​បម្រើ​ប្រយោជន៍​មនុស្សធម៌​ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហគមន៍ អន្តរជាតិ​។​

​ក្រុង Abu Dhabi  ក៏​ត្រៀមចាំ​ស្តាប់​មើល​ការបញ្ជាក់​បន្ថែម​ពី​ក្រុង​វ៉ាស៊ីនតោន​សិន​ពាក់ព័ន្ធ​ផែនការ​បង្កើត​តំបន់​សុវត្ថិភាព​នេះ ព្រោះ​ខ្លួន​ក៏​មិនទាន់​យល់ច្បាស់​ពី​គម្រោង​នេះដែរ​៕


Tag:
 Sheikh Abdullah bin Zayed
  ដូ​ណា​ល់ ត្រាំ​
  អារ៉ាប់​រួម​
  Sergei Lavrov
© រក្សាសិទ្ធិដោយ thmeythmey.com