អន្តរជាតិ
ថៃ​-​អាមេរិក ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ប្រចាំ​អាស៊ី​«​ពស់វែក​មាស​»​ជាមួយគ្នា​ចាប់ពី​ថ្ងៃ​១៤ កុម្ភៈ
02, Feb 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថៃ និង​អាមេរិក នឹង​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការធ្វើ​លំ​ហាត់​យោធា​ប្រចាំឆ្នាំ​ដែល​ឈ្មោះថា ពស់វែក​មាស ( Cobra Gold) លើ​វិញ្ញាសារ​ជាច្រើន​ប្រភេទ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៤ កុម្ភៈ នៅក្នុង​ប្រទេស​ថៃ​។ សមយុទ្ធ​យោធា នឹងមាន​ការចូលរួម និង​អង្កេត​ដោយ​ប្រទេស​ជាង​ម្ភៃ​ផងដែរ​។



​សមយុទ្ធ​យោធា​«​ពស់វែក​មាស​» ដែលជា​សមយុទ្ធ​ពហុភាគី​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ី បាន​អនុវត្ត​ជា​រៀងរាល់ឆ្នាំ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។ ហើយ​សម្រាប់ ពស់វែក​មាស ដែលជា​សមយុទ្ធ​លើក​ទី​៣៦​នេះ នឹងមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជាង​ម្ភៃ​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​សន្តិសុខ​សកល ក៏ដូចជា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថិរភាព​ក្នុង​តំបន់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ថៃ ដែល​ចុះ​នៅ​ថ្ងៃទី​០១ កុម្ភៈ​។

​សមយុទ្ធ​យោធា​ពស់វែក​មាស​២០១៧ នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ បង្កើន​សមត្ថភាព​នៃ​ការចូលរួម​ធ្វើការ​រវាង​រដ្ឋ​និង​រដ្ឋ​លើ​ប្រតិបត្តិការ​ពហុ​វិស័យ ដូចជា​បញ្ហា​សន្តិសុខ​ដែនសមុទ្រ ការទប់ស្កាត់ និង​ប្រឆាំង​ការ​ងើបឡើង​នៃ​ជំងឺ និង​ការឆ្លើយតប​ទៅនឹង​មហន្តរាយ​ធម្មជាតិ​ទ្រង់ទ្រាយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្តទៀតថា សមយុទ្ធ​យោធា​នេះ នឹងមាន​ការចូលរួម​ពី​យោធា​អាមេរិក​ប្រមាណ ៣៦០០​នាក់ ផងដែរ​។

​សូម​ជម្រាប​ផងដែរ បើទោះបីជា ក្រោយ​រដ្ឋាភិបាល​របប​សឹក ដឹកនាំ​ប្រទេស​ថៃ ប្រទេស​ទាំងពីរ អាមេរិក និង​ថៃ ហាក់ដូចជា​មានការ​ប៉ះទង្គិច​ច្រើន​តាមរយៈ​ភាសា​ការទូត ដ្បិត របប​សឹក​មិនសូវ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ក៏ដោយ សមយុទ្ធ​យោធា​ពស់វែក នៅតែ​បន្ត​ធ្វើជា​រៀងរាល់ឆ្នាំ​៕


Tag:
 អាមេរិក​
  ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com