អន្តរជាតិ
ណា​តូ​ស្ទាក់ស្ទើរ​ទទួល អ៊ុយ​ក្រែ​ន ព្រោះ​ខ្លាច​មានការ​ប្រឈមមុខ​គ្នា​ជាមួយ​រុស្ស៊ី​
02, Feb 2017 , 10:39 pm        
រូបភាព
​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ត្រៀម​រៀបចំ​ប្រជាមតិ​ដើម្បី​កំណត់​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko ប្រាប់​អ្នកសារព័ត៌មាន​ដើម​សប្តាហ៍​កន្លងទៅ​ថា ប្រជាជន​អ៊ុយ​ក្រែ​ន ៥៤​ភាគរយ​គាំទ្រ​ឲ្យ​អ៊ុយ​ក្រែ​ន​ចូលរួម​ជាមួយ​ណា​តូ ដែល​វា​កើនឡើង​ពី​ជាង​៤០​ភាគរយ​ក្នុង​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា ការទទួលយក​អ៊ុយ​ក្រែ​ន​ជា​បញ្ហា​ធំ​របស់ ណា​តូ បង្ក​ឲ្យ​បញ្ហា​កាន់តែ​ធំ​ជាពិសេស​ការប្រឈមមុខ​គ្នា​រវាង​ក្រុម​នេះ​ជាមួយ​មហាអំណាច​រុស្ស៊ី​ផ្ទាល់​។ ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ជា​មួយ​រុស្ស៊ី ណា​តូ ក៏​សុខចិត្ត​ឈប់​ជជែក​ជាមួយ​អ៊ុយ​ក្រែ​ន​ពី​គម្រោង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​អ៊ុយ​ក្រែ​ន​ដែរ​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​ការបង្កើត​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​លោកខាងលិច​និង​ឈានទៅ​ក្លាយ​សមាជិក​សហភាព​អឺរ៉ុប​ជា​អ្វីដែល​អ៊ុយ​ក្រែ​ន​ចង់បាន​បំផុត​ចាប់ពី​របប​ដឹកនាំ​ស្និទ្ធ​រុស្ស៊ី​របស់លោក Viktor Yanokvych ត្រូវបាន​គេ​គាស់​រម្លើង​ចោល​ឆ្នាំ ២០១៤​។ ប៉ុន្តែ​ផ្លូវ​ដើរ​កាន់តែ​រលាក់ ហើយ​ក្តី​ស្រមៃ​របស់​អ៊ុយ​ក្រែ​ន​ឃ្លាត​កាន់តែ​ឆ្ងាយ​បន្តិច​ម្តងៗ​។ ឃ្លាតឆ្ងាយ​នេះ​មា​ន័យ​ថា ការ​ឆ្ពោះទៅ​រួមរស់​ជាមួយ​សហភាព​អឺរ៉ុប​នោះ​ទំនងជា​មិនអាច​ទៅរួច​ឡើយ​។​

​ថ្វីបើ​ការ​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​មិនអាច​ក្លាយជា​ការពិត​ក្តី រដ្ឋាភិបាល​លោក Petro Poroshenko ជឿជាក់ថា អ៊ុយ​ក្រែ​ន​នៅតែ​អាច​ជ្រក​ក្រោម​ឆ័​ត្រ​សន្តិសុខ​របស់​បក្ស​ណា​តូ​និង​គេច​ពី​ឥទ្ធិពល​រុស្ស៊ី​បាន​។ ការ​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ដើមឆ្នាំ ២០១៤ ជំរុញ​ឲ្យ​អ៊ុយ​ក្រែ​ន​ងាក​កាន់តែ​ជ្រៅ​ទៅរក​ជំនួយ​ពី​អឺរ៉ុប​និង​អាមេរិក និង​មាន​ជម្លោះ​ប្រដាប់អាវុធ​ផង​។ ហើយ​បញ្ហា​ជម្លោះ​នេះ​ក៏បាន​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជា​បន្តបន្ទាប់​ដែរ​ដោយសារ​ការកសាង​កម្លាំង​ទ័ព​រៀងៗ​ខ្លួន​នៅតាម​ព្រំដែន​រុស្ស៊ី​និង​ប្រទេស​អឺរ៉ុប​ខាងកើត​។​

១.​អ៊ុយ​ក្រែ​ន​ត្រៀម​ធ្វើ​ប្រជាមតិ​ថា​គួរ​ចូលបក្ស​សម្ព័ន្ធ​យោធា​ណា​តូ​ឬ​អត់​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២​មករា​នេះ​ថា លោក​នឹង​បញ្ជា​ឲ្យ​គេ​រៀបចំ​ប្រជាមតិ​ដើម្បី​ស្ទង់​មើល យោបល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ថា​គួរ​ឲ្យ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​អង្គការ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ឬក៏​អត់​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចរន្ត​នៃ​ការគាំទ្រ​អ៊ុយ​ក្រែ​ន​ជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​នេះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជឿជាក់ថា វា​ជា​វិធានការ​តែមួយគត់​ដែល​អាច​ទប់ទល់​ឥទ្ធិពល​រុស្ស៊ី​បាន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រូបនេះ​ពន្យល់ថា​៖« កាលពី ៤​ឆ្នាំមុន ប្រជាជន​អ៊ុយ​ក្រែ​ន​ត្រឹម ១៦​ភាគរយ​ប៉ុណ្ណោះ ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន​ឲ្យ​ចូលរួម​ជាមួយ​ណា​តូ​។​តែ​ឥឡូវនេះ​ប្រជាជន ៥៤​ភាគរយ​ឯណោះ​ដែល​ចង់​ឲ្យ​អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​អង្គការ​នេះ​។ ខ្ញុំ​នឹង​រៀបចំ​ប្រជាមតិ​មួយ​ពាក់ព័ន្ធ​សមាជិកភាព​អ៊ុយ​ក្រែ​ន​នេះ តាម​ការចង់បាន​រប​ស់​ប្រជាជន​ខ្ញុំ​»​។​

​បើសិន​ជាមាន​ប្រជាមតិ​មែន សំណួរ​មួយទៀត​នឹង​លេចឡើង ដែល​វា​ទាក់ទង លទ្ធភាព​នៃ​ការ​ឈានទៅ​ចូលរួម​ជា​សមាជិក​អង្គការ​នេះ​។ វា​ច្បាស់​ណាស់​ថា អ៊ុយ​ក្រែ​ន​ចង់​ចូលរួម​ជាមួយ​ណា​តូ ប៉ុន្តែ​ណា​តូ​វិញ​មិនដឹង​ជា​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​អ៊ុយ​ក្រែ​ន​ឬ​អត់​ឡើយ​។ ម្យ៉ាង​នីតិវិធី​ដែល​អ៊ុយ​ក្រែ​ន​ត្រូវបំពេញ​ដើម្បី​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​ណា​តូ ក៏​ស្មុគស្មាញ​ដូចគ្នា​។​

​ប្រធានាធិបតី​ដែល​ឡើងកាន់តំណែង​ក្រោយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​នេះ​ហ៊ាន​សន្យាថា ដើម្បី​ក្លាយជា​សមាជិក​ណា​តូ ទោះ​ផ្លូវ​រលាក់​និង​វែងឆ្ងាយ​យ៉ាងណាក៏ដោយ ក៏​លោក​មិន​បោះបង់​ដែរ​។ «​បើសិនជា​ប្រជាជន​អ៊ុយ​ក្រែ​ន​បោះឆ្នោត​គាំទ្រ ខ្ញុំ​នឹង​បំពេញការងារ​តាម​អ្វីដែល​ខ្ញុំ​អាច​ធ្វើបាន​ដើម្បី​ឲ្យ​អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​ណា​តូ​» ។ នេះ​ជាការ​បញ្ជាក់​របស់លោក Poroshenko​។​

២.​ការទទួលយក​អ៊ុយ​ក្រែ​ន​មិនមែនជា​ជម្រើស​ណា​តូ នៅពេលនេះ​

​តាមពិតទៅ ណា​តូ និង​អ៊ុយ​ក្រែ​ន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា​តាំងពី​ដើមឆ្នាំ ១៩៩០ ក្រោយ​សហភាពសូវៀតរ​លំ​រលាយ​ទៅ​។ ទំនាក់ទំនង​ស្និទ្ធស្នាល​នេះ​ជំរុញ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្លាយជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​បក្សសម្ព័ន្ធ​យោធា​នេះ​រហូតមក ខណៈដែល​អ៊ុយ​ក្រែ​ន​អាច​រក្សា​ចំណងមិត្តភាព​ជាមួយ​រុស្ស៊ី​បានល្អ​ដែរ​។ ប៉ុន្តែ​ការរត់​តម្រង់​ទៅរក​សហភាព​អឺរ៉ុប បាន​បង្ខំ​ឲ្យ​រុស្ស៊ី​លូកដៃ​ជ្រៅ និង​បង្ក​ជា​ជម្លោះ​អ៊ុយ​ក្រែ​ន​រហូតមកដល់​បច្ចុប្បន្ន​។

​ដូច្នេះ​ក្នុងករណី​ដែល​អ៊ុយ​ក្រែ​ន រត់​ទៅ​ចូលរួម​ជាមួយ​ណា​តូ រឹតតែ​ធ្វើ​ឲ្យ​រុស្ស៊ី​នៅ​មិន​សុខ ដេក​មិន​លក់​បក់​មិន​ល្ហើយ​ថែមទៀត ហើយ​រុស្ស៊ី​នឹង​ប្រតិកម្ម​បែបណា​នោះ​រឹតតែ​ស្រពេចស្រពិល​ទៀត​។​

​សម្រាប់​រុស្ស៊ី វា​ជា​គ្រោះថ្នាក់​ធំ​សម្រាប់​សន្តិសុខ​របស់ខ្លួន​ផង និង​វា​ប៉ះពាល់​ដល់​ការកសាង​អនុត្តរភាព​មហាអំណាច​មួយ​នេះ​នៅ​អឺរ៉ុប​ខាងកើត​ផង​។ ចង់​មិន​ចង់ៗ​រុស្ស៊ី​ត្រូវ​ប្រឹង​បង្អាក់​ដំណើរការ​នេះ ដោយ​ប្រើ​ធម៌​ក្តៅ​ផង និង​ត្រជាក់​ផង​។ ការបន្ត​គាំទ្រ​ជម្លោះ​ភាគ​ខាងកើត ជា​មធ្យោបាយ​មួយ​ដែល​រារាំង​ការជជែក​រឿង​សមាជិកភាព​អ៊ុយ​ក្រែ​ន​ជា​មួយណា​តូ  ហើយ​ការប្រើប្រាស់​អំណាច​យោធា​ដើម្បី​កំញើញ​រដ្ឋ​អឺរ៉ុប​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ពញ្ញាក់​ក្រុម​សមាជិក​ណា​តូ​ថា រុស្ស៊ី​នឹង​តបត បើ​ហ៊ាន​យក​អ៊ុយ​ក្រែ​ន​មែន​។

​សមាជិក​ណា​តូ​ស្ទាក់ស្ទើរ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយក៏​កាន់តែ​ស្ទាក់ស្ទើរ​ថែមទៀត​នៅពេលដែល ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធាន​ធិបតី​អាមេរិក​។ នេះ​ក៏​ព្រោះថា អាមេរិក​មិនមាន​និន្នាការ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​ឡើយ ហើយ​រដ្ឋបាល​អាមេរិក​ថ្មី​ក៏​ចង់​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឡើងវិញ​ដូចគ្នា​។​

​ចង់​មិន​ចង់​ណា​តូ ត្រូវ​ដើរ​ដោយ​ប្រុងប្រយ័ត្ន មិន​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​រុស្ស៊ី​ឡើយ និង​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​កាន់តែខ្លាំង​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ណា​តូ និង​រុស្ស៊ី​តែម្តង​។​

៣.​ណា​តូ បញ្ឈប់​ការជជែក​ពិភាក្សា​រឿង​ដាក់​ខែល​ការពារ​មី​ស៊ី​ល​នៅ​អ៊ុយ​ក្រែ​ន

​កុំថាឡើយ​ដល់​ទទួលយក​អ៊ុយ​ក្រែ​ន បច្ចុប្បន្ននេះ​ណា​តូ មិន​ទាំង​ហ៊ាន​ជជែក​រឿង​ដំឡើង​ខែល​មី​ស៊ី​ល​នៅ​អ៊ុយ​ក្រែ​ន​ផង​។ ដើម្បី​ការពារ​ការធ្លាក់ចុះ​នៃ​ទំនាក់ទំនង​និង​មានការ​ប្រឈមមុខគ្នារ​វាង​ណា​តូ និង​រុស្ស៊ី បក្សសម្ព័ន្ធ​យោធា​នេះ​បានសម្រេច​បញ្ចប់​ការជជែក​ពិភាក្សាគ្នា​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។

​សារព័ត៌មាន Wall Street Journal បាន​ស្រង់​សម្តី​អ្នកការទូត​ជាច្រើន ដែល​បាន​បង្ហើប​ថា ការ​សុខចិត្ត​បញ្ឈប់​ការចរចា​នេះ​ដោយសារ​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នេះ​វា​ជា​ជំហាន​មួយ​ដ៏​គ្រោះថ្នាក់​។ ប៉ុន្តែ​គេ​បញ្ជាក់ថា វា​ជាការ​ផ្អាក​បណ្តោះអាសន្ន​សិន​ប៉ុណ្ណោះ​មិនមែន​ការបិទផ្លូវ​សម្រាប់​ការចរចា​ទៅមុខ​ទៀតឡើយ​។​

​វា​ជា​ឥរិយាបទ​មួយ​របស់​ណា​តូ ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ភាគី​ទាំងពីរ និង​បញ្ចៀស​ការប៉ះទង្គិច​គ្នា​ផង​។ ប៉ុន្តែ​ណា​តូ​នៅតែ​ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​អ៊ុយ​ក្រែ​ន​និង​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​រុស្ស៊ី​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Minsk ឲ្យ​បាន​ពេញលេញ​និង​ត្រឹមត្រូវ​។​

​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ណា​តូ និង​រុស្ស៊ី​ត្រូវបាន​ព្យួរ​នៅ​ឆ្នាំ ២០១៤​នៅពេលដែល​លោកខាងលិច​នាំគ្នា​ចោទ​រុស្ស៊ី​ថា បាន​ព្យាយាម​លូកដៃ​និង​នៅ​ពីក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ណា​តូ​ក៏​មិន​ទទួលស្គាល់​ការ​ក្រសោប​យក​ទឹកដី Crimea របស់​អ៊ុយ​ក្រែ​ន​និង​ការបោះឆ្នោត​ទទួលយក​ទឹកដី​នេះ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ដូចគ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com