អន្តរជាតិ
រដ្ឋបាល​ត្រាំ គំរាម​ចាត់វិធានការ​ប្រឆាំង​អ៊ីរ៉ង់​រឿង​បាញ់​សាកល្បង​មី​ស៊ី​ល​
02, Feb 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា ខ្លួន​សម្រេច​ដាក់​អ៊ីរ៉ង់​ស្ថិតក្រោម​ការត្រួតពិនិត្យ​ក្រោយ​ប្រទេស​ឥស្លាម​មួយ​នេះ​សម្រេច​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាថ្មី​។ ស្ថាប័ន​នេះ​ក៏​ចោទប្រកាន់ថា អ៊ីរ៉ង់​បាន​បន្ត​បង្ក​អស្ថិរភាព​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​មកដល់​បច្ចុប្បន្ន ។ គេ​រំពឹងថា រដ្ឋបាល​អាមេរិក​ថ្មី​នឹងមាន​វិធានការ​រឹងត្អឹង​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ផងដែរ​។​



​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស និង​ប្រកាសថា ខ្លួន​ដាក់​អ៊ីរ៉ង់​ស្ថិតក្រោម​ការត្រួតពិនិត្យ​ក្រោយ​អ៊ីរ៉ង់​បាញ់​សាកល្បង​មី​ស៊ី​ល​។ ហើយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នេះ​ហាក់​បង្ហាញ​ចេតនា​ឆ្លើយតប​សកម្មភាព​បង្កបញ្ហា​របស់​អ៊ីរ៉ង់ ដោយ​អាចមាន​ការដាក់ទណ្ឌកម្ម​នៅពេល​ខាងមុខ​ផង​។​

​សេចក្តីថ្លែងការណ៍​ដែល​ត្រូវបាន​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់ថា អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​, វាយប្រហារ​លើ​នាវា​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏ដូចជា​គាំទ្រ​ក្រុម Houthi នៅ​យេ​ម៉ែន ហើយ​ទីប្រឹក្សា​នេះ​ក៏​ចាត់ទុកថា អ៊ីរ៉ង់​កំពុង​បំពាន​ច្បាប់​អន្តរជាតិ និង​ព្យាយាម​បង្កើត​អស្ថិរភាព​នៅក្នុង​តំបន់​ថែម​ដែល​ប៉ះពាល់​ប្រយោជន៍​អាមេរិក​និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ទៀតផង​។​

​សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់​ដូច្នេះ​« ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​អ៊ីរ៉ង់ ប្រឆាំង​ដំណោះស្រាយ​លេខ ២២៣១ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ដែល​ដំណោះស្រាយ​នេះ​ទាមទារ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ការបង្កើត​កាំជ្រួច​មី​ស៊ី​ល​ដែល​អាចមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន រួមទាំង​ការបាញ់​កាំជ្រួច​មី​ស៊ី​ឆ្លង​ទ្វីប​ដែរ​»​។​

​ជារឿយៗ លោក ដូ​ណា​ល់ ត្រាំ បន្ត​រិះគន់​កិច្ចព្រមព្រៀង​នុយ​ក្លែ​រ​អ៊ីរ៉ង់​ដែល​បង្កើតឡើង​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ប្រាំ បួ​កមួយ  ក្នុង​ជំនាន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កន្លងមក​និង​គំរាម​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​ថែម​ទៀតផង​។

​ត្រឡប់មកវិញ  សេចក្តីថ្លែងការណ៍​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​ដដែល​ក៏​បន្ទោស​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលមាន​ជំហរ​ទន់ខ្សោយ​ក្នុងការ​ឆ្លើយតប​សកម្ម​ភាព​របស់​អ៊ីរ៉ង់ ជាពិសេស​ការផ្ទេរ​អាវុធ​, គាំទ្រ​ក្រុម​ភេរវជន​និង​បំពាន​ច្បាប់​អន្តរជាតិ​ជាដើម​នោះ​។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍​នេះ​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ​ថា រដ្ឋបាល ត្រាំ នឹង​ឆ្លើយតប​បែប​ម៉េច​ចំពោះ​សកម្មភាព​របស់​អ៊ីរ៉ង់​នេះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អ៊ីរ៉ង់​
  Houthi
© រក្សាសិទ្ធិដោយ thmeythmey.com