អន្តរជាតិ
របប​សឹក​ថៃ រឹតបន្តឹង​សន្តិសុខ​ខ្លាំង​លើ​បុគ្គល​សំខាន់​រដ្ឋាភិបាល ក្រោយ​មានការ​គំរាម​សម្លាប់​ប្រមុខ​ការពារជាតិ
03, Feb 2017 , 12:00 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា
ដោយ: ថ្មីៗ
​ការគំរាមកំហែង​សុវត្ថិភាព​បុគ្គល​សាធារណ​សំខាន់ៗ​របស់​រដ្ឋាភិបាល​រប​ប​សឹក​ថៃ​នៅតាម​បណ្តាញ​សង្គម បាននិងកំពុង​តែ​កើនឡើង បើទោះបីជា​រដ្ឋាភិបាល បាន​មាន​វិធានការ​តឹងរឹង​ខ្លាំង​ក៏ដោយ​។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង និង​ទប់ស្កាត់​ឧប្បទ្ទវហេតុ​ណាមួយ​កើតឡើង​នោះ មេទ័ព​ថៃ លោក Chalermchai Sittisat បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំង​សន្តិសុខ​ដើម្បី​ធានា​ពី​សុវត្ថិភាព​មេដឹកនាំ​។



​លោក​ឧ​ត្ត​ម​សេនីយ៍ Chalermchai Sittisat មេទ័ព​ភូមិន្ទ​ថៃ បាន​អះអាងថា លោក ជឿជាក់ថា អាច​នឹងមាន​ផែនការ​ធ្វើឃាត​លើ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ Prawit Wongsuwon​មែន​។ លោក​ឧ​ត្ត​ម​សេនីយ៍ ថ្លែង​បែបនេះ ក្រោយ​លោក​រដ្ឋមន្ត្រី​ការពារជាតិ បាន​ឲ្យ​ដឹង​មុន​ថា មាន​ជន​មិន​ស្គាល់មុខ បាន​គំរាមកំហែង​ធ្វើឃាត​លោក​ជា​ច្រើនដង​តាមរយៈ​បណ្តាញ​សង្គម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍​។

​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថា​តើ ការគំរាមកំហែង​នោះ អាច​ទុកចិត្តបាន​កម្រិតណា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​អះអាងថា លោក ជឿជាក់ថា ផែនការ​ឃាតកម្ម​នោះ អាចជា​ពិតប្រាកដ​។ ហើយ លោក ក៏​បញ្ជាក់ដែរថា ការរៀបចំ​សន្តិសុខ​ឲ្យ​បាន​តឹងរឹង ក៏ត្រូវ​បានដាក់​តាម​គោលដៅ​ដើម្បី​ការពារ​បុគ្គល​សំខាន់​របស់​រដ្ឋាភិបាល​រួចរាល់​ហើយ​។

​ក្រៅពី​ការ​ជឿជាក់ថា មិនមាន​ហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង ដ្បិត​ការគ្រប់គ្រង​សន្តិសុខ​ល្អ​ហើយ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែមទៀតថា រដ្ឋាភិបាល កំពុងតែ​ចាត់​វិធាន​ស៊ើបអង្កេត​លើ​ករណីនេះ​ផងដែរ​។ លោក សង្កត់ធ្ងន់ថា​៖« ខ្ញុំ ជឿជាក់ថា គ្មានអ្វី​អាក្រក់​កើតឡើង​នោះទេ​។ ហើយ​អ្នក​ដែល​ចេញផ្សាយ​ការ​គំរាម​នោះ នឹងត្រូវ​នាំយកមក​កាត់ទោស​ជាក់​ជាពុំខាន​។​» លោក ពន្យល់ថា ការដាក់​ទិសដៅ​លើ​រដ្ឋមន្ត្រី​ការពារជាតិ ក៏​ព្រោះតែ លោក រដ្ឋមន្ត្រី ជា បេះដូង និង​ដួងវិញ្ញាណ​នៃ​ប្រតិបត្តិការ​សន្តិសុខ​ថៃ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។

​សូម​ជម្រាប​ផងដែរ ក្រោយពី​ការឡើង​កាន់តំណែង​ជា​រដ្ឋាភិបាល ក្រោម​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែឧសភា ២០១៤ មក មាន​ចលនា​ច្រើន​ប្រឆាំងនឹង​របប​សឹក ជាពិសេស​នោះ តាមរយៈ​បណ្តាញ​សង្គម និង​ព័ត៌មាន​។ យ៉ាងណាក៏ដោយ ប្រមុខ​របប​សឹក​ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ និង​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា ក៏​មិន​នៅ​ស្ងៀម​ដែរ​។ លោក បាន​បញ្ជា​ឲ្យ​សារព័ត៌មាន​ដក​ខ្លឹមសារ​ទាំងឡាយណា​ដែល​ចុះផ្សាយ​ប៉ះពាល់​ដល់​របប​សឹក​។ ចំណាត់ការ​នេះ ក៏​រាប់បញ្ចូល​ទាំង​វិធាន​តឹងរឹង​ដោយ​រាប់បញ្ចូល​ទាំង​ការកាត់ទោស​ដាក់ពន្ធនាគា​រ​ដល់​ជន​ទាំងឡាយណា​ដែល​និយាយ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ​តាមរយៈ​បណ្តាញ​សង្គម​ផងដែរ​៕


Tag:
 ​ថៃ​
  សន្តិសុខ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com