អន្តរជាតិ
រដ្ឋបាល​ត្រាំ ប្តូរ​ជំហរ​ព្រមាន​អ៊ីស្រាអែល​ថា ការសង់​លំនៅដ្ឋាន​ថ្មី​លើដី​ប៉ា​ឡេ​ស្ទី​ន​មិនបង្កើត សន្តិភាព​ឡើយ​
03, Feb 2017 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់តែ​សរសើរ​និង​ការពារ​រដ្ឋាភិបាល​អ៊ីស្រាអែល​កន្លងមក រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ស្រាប់តែ​ប្តូរ​ឥរិយាបទ​របស់ខ្លួន​ភ្លាម ដោយ​រិះគន់​កម្មវិធី​សាងសង់​លំនៅដ្ឋាន​ថ្មី​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​នៅ​សប្តាហ៍​នេះ​។ រដ្ឋបាល​នេះ​ព្រមាន​ថា សកម្មភាព​អ៊ីស្រាអែល​លើដី​ប៉ា​ឡេ​ស្ទី​ន មិន​ជួយ​កសាង​សន្តិភាព​សម្រាប់​ភាគី​ទាំងពីរ​ឡើយ​។​



​ជា​រឿង​ខុសប្លែក​ពី​សព្វមួយដង សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ស្រាប់តែ​ចាប់ផ្តើម​រិះគន់​ការសង់​លំនៅដ្ឋាន​អ៊ីស្រាអែល​ថ្មី​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​បច្ចុប្បន្ននេះ​។ រដ្ឋបាល​អាមេរិក​មើលឃើញថា ការបន្ត​សកម្មភាព​អ៊ីស្រាអែល​មិន​ជួយ​បង្កើត​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន និង​តំបន់​ទាំងមូល​ឡើយ​។​

​អ្នកនាំពាក្យ​សេត​វិមាន Sean Spicer បានបញ្ជាក់​ដូច្នេះ​ថា​៖« ខណៈ​យើង​មិន​ជឿជាក់ថា សំណង់​ដែលមាន​ស្រាប់​មិនមែនជា​ឧបសគ្គ​សម្រាប់​ការកសាង​សន្តិភាព សំណង់ផ្ទះ​សម្បែង​ថ្មី​និង​ការពង្រីក​ការសាងសង់​លើស​ព្រំដែន​បច្ចុប្បន្ននេះ​ប្រហែលជា​មិន​ជួយ​ដល់​ការសម្រេច​បំណង​បង្កើត​សន្តិភាព​ឡើយ​»​។​

​ការលើកឡើង​របស់​ម​ន្ត្រី​សេត​វិមាន​រូបនេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្រសួងការពារជាតិ​អ៊ីស្រាអែល​ប្រកាស​ដាក់​គម្រោង​សាសង់​លំនៅដ្ឋាន​ពលរដ្ឋ​អ៊ីស្រាអែល​ថ្មី​ចំនួន ៣​ពាន់​ខ្នង​ផ្សេងទៀត​នៅលើ​ទឹកដី West Bank។ 

​តាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ប្រធានាធិបតី​រូបនេះ​ហាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការផ្លាស់ប្តូរ​ជំហរ​បន្តិច​របស់​អាមេរិក​ចំពោះ​រដ្ឋាភិបាល​អ៊ីស្រាអែល ជាពិសេស​ការបន្ត​បំពាន​ច្បាប់​អន្តរជាតិ​នោះ​។ ថ្វីបើ​អាមេរិក​ជំទាស់​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ដែល​ថ្កោលទោស​អ៊ីស្រាអែល​ក៏ដោយ អាមេរិក​ក៏​មិន​ចង់​ឲ្យ​អ៊ីស្រាអែល​បានចិត្ត​បន្ត​សង់​សំណង់​រំលោភ​ដី​គេឯង​មិន​ញញើត​បែបនេះ​ដែរ​។ 

​ត្រឡប់មកវិញ លោក Sean Spicer ក៏​ប្រាប់​អ្នកសារព័ត៌មាន​ផងដែរ​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ចាប់ផ្តើម​ជ​ជែ​កិ​ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល​ពី​បញ្ហា​កសាង​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន និង​បញ្ហា​ប្រឈម​ទាំង​អម្បាលម៉ាន​នៅ​ចុងខែ​នេះ​។​

« ដូចដែល​ប្រធានាធិបតី​បានលើកឡើង​ជាច្រើន​ដង​មកហើយ​, គាត់​សង្ឃឹមថានឹង​អាចបង្កើត​សន្តិភាព​បាន​នៅ​មជ្ឈិមបូព៌ា​។ រដ្ឋបាល​លោក ត្រាំ មិនមាន​ជំហរ​ផ្លូវការ​ទេ​លើ​សកម្មភាព​សង់ផ្ទះ​សម្បែង​បច្ចុប្បន្ន និង​រង់ចាំ​ការជជែក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នៅពេលដែល​លោក​មក​ទស្សនកិច្ច​នៅ​អាមេរិក​ចុងខែ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Sean Spicer​។


Tag:
 ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល​
  ដូ​ណា​ល់ ត្រាំ​
  Sean Spicer
© រក្សាសិទ្ធិដោយ thmeythmey.com