អន្តរជាតិ
ដូណាល់ ត្រាំ អរគុណនិងស្វាគមន៍ Samsung ដែលពិចារណាបើករោងចក្រនៅអាមេរិក
× ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអរគុណនិងស្វាគមន៍ការពិចារណារបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ក្នុងការបើកក្រុមហ៊ុននៅអាមេរិក។ ការពិចារណានេះត្រូវបានធ្វើឡើងដោយសារតែក្រុមហ៊ុននេះបារម្ភពីការអនុវត្តគោលនយោបាយគាំពារនិយមរបស់លោក ដូណាល់ ត្រាំនៅពេលអនាគតនៅ។
«អរគុណ Samsung។យើងរីករាយណាស់ដែលមានអ្នក»។ នេះជាសាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបង្ហោះតាមគណនី Twitter ផ្លូវការរបស់ខ្លួនដើម្បីស្វាគមន៍ដែល Samsung កំពុងពិចារណាបើកក្រុមហ៊ុននៅទឹកដីអាមេរិកនោះ។
ការផ្ញើសារស្វាគមន៍ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងនេះ កើតឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្តីប្រភពដែលស្និទ្ធជាមួយក្រុមហ៊ុន Samsung។ ប្រភពនោះបានអះអាងថា ក្រុមហ៊ុន Samsung ពិចារណានិងវាយតម្លៃលើគម្រោងវិនិយោគនៅអាមេរិកនេះ ដើម្បីកំណត់ថាវាជារឿងចាំបាច់ពិតឬអត់។
ជារួមក្រុមហ៊ុន Samsung មិនទាន់អាចបញ្ជាក់បានថា ខ្លួននឹងត្រូវវិនិយោគលុយប៉ុន្មាន និង កំណត់បានថាតើរោងចក្ររបស់ខ្លួនអាចនឹងត្រូវកសាងនៅកន្លែងណាឲ្យជាក់ច្បាស់ឡើយ។
ការពិចារណាវិនិយោគលើការបើកក្រុមហ៊ុនថ្មីនៅអាមេរិកដើម្បីផ្គត់ផ្គង់ផលិតខ្លួននៅទីនោះ គឺដើម្បីឆ្លើយតបគោលនយោបាយគាំពារនិយមរបស់លោក ដូណាល់ ត្រាំ ដែលអាចនឹងត្រូវអនុវត្តនៅពេលខាងមុខនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដដែល ខណៈដែលក្រុមហ៊ុន Samsung កំពុងពិចារណាថាគួរបើករោងចក្រនៅអាមេរិកឬអត់ ក្រុមហ៊ុន LG អេឡិចត្រូនិកកំពុងស្វះស្វែងរកការសាងសង់រោងចក្រនៅTennessee។ ក្រុមហ៊ុននេះក៏ស្ថិតក្នុងដំណាក់កាលពិចារណា ដំឡើងរោងចក្រសាងសង់សម្ភារៈផ្ទះ និងទូទស្សន៍ជាដើមដូចគ្នា។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុននេះបដិសេធផ្តល់ព័ត៌បន្ថែមពាក់ព័ន្ធការសាងសង់រោងចក្រនេះ។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងតម្កល់ប្រយោជន៍អាមេរិកជាធំ ក្នុងពេលលោកស្បថចូលកាន់តំណែងកាលពីថ្ងៃ ២០មករា។ហើយលោកថែមទាំងសន្យាអនុវត្តគោលនយោបាយគាំពារនយោបាយដោយមានទាំងដកខ្លួនចេញពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដទៃ និងដំឡើងកម្រិតពន្ធសម្រាប់ទំនិញនាំចូលជាដើមផងដែរ៕
Tag:
ដូណាល់ ត្រាំ
Samsung
© រក្សាសិទ្ធិដោយ thmeythmey.com