អន្តរជាតិ
ទូតអាមេរិកនៅ UN៖ អាមេរិកមិនដកទណ្ឌកម្មទេ បើរុស្ស៊ីមិនប្រគល់ Crimea មកវិញ
× បេសកជនពិសេសអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley បានប្រកាសប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អាមេរិកនៅតែរក្សាទុកទណ្ឌកម្មដែលមានទាំងអម្បាម៉ានប្រឆាំងរុស្ស៊ីពាក់ព័ន្ធបញ្ហាអ៊ុយក្រែន។ដកទណ្ឌកម្មនេះនឹងត្រូវដកចេញ ដរាបណារុស្ស៊ីប្រគល់ទឹកដី Crimeaទៅឲ្យអ៊ុយក្រែនវិញ។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិបានថ្កោលទោសសកម្មភាពរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងការបន្តកាន់កាប់ទឹកដី Crimea ដោយខុសច្បាប់។
សូមស្តាប់សំឡេង
យោងតាមសុន្ទរកថាដែលចុះផ្សាយក្នុងគេហទំព័របេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានថ្លែងដូច្នេះថា៖«អាមេរិកនៅឈរជាមួយប្រជាជនអ៊ុយក្រែនដែលរងគ្រោះអស់ជិតបីឆ្នាំមកនេះដោយសារការកាន់កាប់និងអន្តរាគមន៍យោធារបស់រុស្ស៊ី។ យើងពិតជាចង់បានទំនាក់ទំនងល្អជាមួយរុស្ស៊ីប៉ុន្តែស្ថានភាពអាក្រក់នៅភាគខាងកើតអ៊ុយក្រែនបច្ចុប្បន្នវាទាមទារឲ្យមានការថ្កោលទោសសកម្មភាពរុស្ស៊ី»។
ក្រៅពីនេះ បេសកជនរូបនេះពិសេសរូបនេះក៏បានបញ្ជាក់ផងដែរថា រុស្ស៊ីត្រូវបញ្ឈប់ការកាន់កាប់ទឹកដី Crimea។ អាមេរិកមិនដកទ័ណ្ឌកម្មប្រឆាំងរុស្ស៊ីឡើយ បើគ្មានការប្រគល់ទឹកដី Crimea ត្រឡប់មកអ៊ុយក្រែនវិញ។
«ឧបទ្វីប Crimea ជាផ្នែកមួយរបស់អ៊ុយក្រែន។ រាល់ទណ្ឌកម្មប្រឆាំងរុស្ស៊ីពាក់ព័ន្ធបញ្ហា Crimea នឹងត្រូវរក្សាទុក ទាល់តែរុស្ស៊ីព្រមផ្ទេរទឹកដីនេះត្រឡប់មកឲ្យអ៊ុយក្រែនវិញ»។ នេះជាការប្រកាសរបស់លោកស្រី Nikki Haley នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ។
ឯកអគ្គរដ្ឋទូតអាមេរិករូបនេះក៏បានឆ្លៀតអំពាវនាវឲ្យរុស្ស៊ីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ឲ្យបានត្រឹមត្រូវនិងពេញលេញដើម្បីបញ្ចប់បញ្ហាប្រឈមទាំងឡាយណាដែលកើតឡើងនៅភាគខាងកើត។
ជម្លោះអ៊ុយក្រែនផ្ទុះឡើងនៅដើមឆ្នាំ ២០១៤ ក្រោយប្រជាជនគាំទ្រសហភាពអឺរ៉ុបនាំគ្នាធ្វើបដិវត្តគាស់រំលើងរបបដឹកនាំស្និទ្ធរុស្ស៊ីរបស់លោក Viktor Yanukovych។ ក្រោយបដិវត្តកើតឡើងរុស្ស៊ីបានចូលអន្តរាគមន៍ និងជួយរៀបចំប្រជាមតិនៅទឹកដី Crimea ដើម្បីផ្តាច់ខ្លួនចេញពីអ៊ុយក្រែនផង។ ហើយមិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីក៏រងការចោទប្រកាន់ថា បានបន្តជួយជ្រោមជ្រែងកងកម្លាំងឧទ្ទាមដែលប្រឆាំងរដ្ឋាភិបាលនៅតំបន់ភាគខាងកើតដូចគ្នា។
យ៉ាងណាក៏ដោយចុះ ការលើកឡើងរបស់មន្ត្រីទូតជាន់ខ្ពស់អាមេរិកប្រចាំអង្គការសហប្រជាជាតិហាក់បីដូចជា ផ្ទុយជំហររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់បានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រេមឡាំង។ គេធ្លាប់ឃើញ ការលើកឡើងពីការឈានទៅដកទណ្ឌកម្មប្រឆាំងរុស្ស៊ី និងទទួលស្គាល់ទឹកដី Crimea ជាផ្នែកមួយរបស់រុស្ស៊ីដូចគ្នាដែរ ដើម្បីត្រូសត្រាយផ្លូវសម្រាប់ស្តារចំណងការទូតឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com