ជាតិ
​​​ន​យោ​បាយ​ជាតិ​
​អាមេរិក ចង់ឃើញ​បក្សនយោបាយ​នៅ​កម្ពុ​ជាមាន​«​ការផ្សះផ្សា​នយោបាយ​ពិតប្រាកដ​»
03, Feb 2017 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបីជា​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ថ្មី ដូ​ណា​ល់ ត្រាំ បាន​កាន់កាប់​អំណាច​ប្រមាណ​ពីរ​សប្តាហ៍​ក៏ដោយ រដ្ឋបាល​ថ្មី​នេះ មិនទាន់​បញ្ចេញ​គោលនយោបាយ​ការបរទេស​មក​តំបន់​ច្រើន​ប៉ុន្មាន​នោះទេ ដែល​រាប់បញ្ចូល​ទាំង​កម្ពុជា​ផងដែរ​។ យ៉ាងណាក៏ដោយ សម្រាប់​កិច្ចការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​លោក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ជឿជាក់ថា វិស័យនេះ នៅតែ​ជា​វិស័យ​អាទិភាព​របស់​អាមេរិក​ដដែល​។



​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​តុមូល​នៅ​ថ្ងៃទី​០៣ កុម្ភៈ ស្តីពី​សមិទ្ធផល​ឆ្នាំ​២០១៦​កន្លងទៅ លោក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា William Heidt បាន​ឲ្យ​ដឹងថា លោក មិនទាន់​អាច​បញ្ជាក់​ពី​គោលនយោបាយ​របស់​រដ្ឋ​បាល​ថ្មី​អាមេរិក​មកកាន់​កម្ពុជា​នៅឡើយ​នោះទេ ដ្បិត​រដ្ឋមន្ត្រីការបរទេស​ថ្មី ក៏​ទើបតែ​ស្បថ​កាន់តំណែង​ផង​នោះ​។ លោក និយាយថា​៖«​ការលើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជុំវិញ​ពិភពលោក គឺជា​កិច្ច​ការដែល​អាមេរិក​បានធ្វើ​ជាច្រើន​ឆ្នាំ​ហើយ ហើយ យើង​ក៏​មិនទាន់​ឃើញ​មាន​អ្វី​ប្រែប្រួល​ផងដែរ​»​។

​សួរថា​តើ​លោក យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​ការបោះឆ្នោត​របស់​កម្ពុជា​នាពេល​ខាងមុខនេះ លោក​អគ្គរដ្ឋទូត អះអាងថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​បច្ចេកទេស​ក្នុង​ការរៀបចំ​សម្រាប់​ការបោះឆ្នោត ដែល​រាប់បញ្ចូល​ទាំង​របៀប​នៃ​ការចុះឈ្មោះ​ថ្មី​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ដំណើរការ​ដោយ​រលូន​។

​យ៉ាងណាក៏ដោយ ដើម្បី​ឲ្យ​ការបោះឆ្នោត​អាច​ធានាថា​មាន​តម្លាភាព និង​ត្រឹមត្រូវ លោក​អគ្គរដ្ឋទូត យល់ឃើញថា ការធានា​ពី​ការ​អាចធ្វើ​យុទ្ធនាការ​ការបោះឆ្នោត ក៏ត្រូវ​រាប់បញ្ចូល​ផងដែរ​ពោលគឺ កម្ពុជា​ក៏ត្រូវ​ធានាថា គណបក្សនយោបាយ​ទាំងអស់ អាចមាន​លទ្ធភាព​ក្នុង​ការជួប​ជាមួយនឹង​អ្នកគាំទ្រ​របស់ខ្លួន និង​អាច​និយាយ​ក្នុង​សារព័ត៌មាន​ជាដើម​។​



​តែ​នៅពេល​អ្នកសារព័ត៌មាន​សួរថា​តើ​លោក យល់ឃើញ​បែបណា​ចំពោះ​ការវិវត្ត​ចុងក្រោយ​រវាង​គណបក្សនយោបាយ​កម្ពុជា លោក មិនបាន​អត្ថាធិប្បាយ​ច្រើន​ឡើយ​។ ក៏ប៉ុន្តែ​លោក យល់់ឃើញ​គណបក្ស​ទាំងអស់​គួរតែ​ដកថយ​ជំហរ​របស់ខ្លួន​បន្តិច ហើយ​បង្កើត​«​ការផ្សះផ្សា​នយោបាយ​មួយ​ពិតប្រាកដ​តាមរយៈ​វប្បធម៌​សន្ទនា​»​។ លោក ពន្យល់ថា កត្តា​សំខាន់​សម្រាប់​ការផ្សះផ្សា​នយោបាយ គឺ​គណបក្សនយោបាយ​ទាំងអស់​គួរតែ​ទទួលស្គាល់​នូវ​សិទ្ធិ និង​វត្តមាន​របស់​គណបក្ស​ផ្សេងទៀត​។​

​លោក​អគ្គរដ្ឋទូត បាន​ប្រៀបធៀប​ពី​ស្ថានភាព​នយោបាយ​អាមេរិក​បច្ចុប្បន្ន ក៏មាន​ភាពស្មុគស្មាញ​ផងដែរ តែ​ពលរដ្ឋ​អាមេរិក នៅតែ​ទទួលស្គាល់​គណបក្ស​ន​យោបាយ​ទាំងអស់​។ លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដូច​អ្នក​បានឃើញ​អាមេរិក បច្ចុប្បន្ន​ពិតជា​មានរឿង​ចម្រូងចម្រាស​(​ពាក់ព័ន្ធ​ដំណើរ​ការន​យោ​បាយ​) ... ក៏ប៉ុន្តែ​អ្នក​គ្រប់គ្នា នៅតែ​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​»​។ លោក​អគ្គរដ្ឋទូត បាន​អះអាងថា​ដើម្បី​អាច​ទទួលបាន​ការផ្សះផ្សា​នៅ​កម្ពុជា គឺ​តាមរយៈ​កិច្ចសន្ទនា និង​ការជជែក​ជាមួយគ្នា​ដូច​ប្រជាជន​សាមញ្ញ​៕


Tag:
 ​អាមេរិក​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com