កីឡាជាតិ
ស្វាយរៀង ជួប ទ័ព​ដណ្តើម​ជើងឯក រីឯ​ក្រុម​សិង្ហ​បុរី​ប៉ះ​ក្រុម​ម៉ាឡេស៊ី​ដណ្តើម​លេខ​៣​រសៀល​នេះ​
05, Feb 2017 , 1:17 pm        
រូបភាព
ដោយ:
 
​ក្រុម​តំណាង​កម្ពុជា​ទាំងពីរ ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ​ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់ Asian Club Pre-Season Championship 2017 ខណៈ​ក្រុម​មកពី​សិង្ហ​បុរី ត្រូវ​ជួប​ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៤​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 
​ក្រុម​ឈរ​កំពូល​តារាង​នៃ​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​តទល់​ជាមួយ​ក្រុម​ឈរ​លំដាប់​ទី​២ ក្រសួងការពារជាតិ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​មិត្តភាព​ក្លិប​បាល់ទាត់​អាស៊ី​២០១៧(Asian Club Pre-Season Championship 2017)​។ ការប្រកួត​នេះ​ធ្វើឡើង​នា​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៥ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​សម្រាប់​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​កន្លងទៅ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុម​មកពី​ម៉ាឡេស៊ី Petaling Jaya Rangers FC ៣-១ ក្នុង​ថ្ងៃ​បើ​ឆាក​។ បន្ទាប់មក​យកឈ្នះ​លើ​ក្រុម​មកពី​សិង្ហ​បុរី Warriors FC ៤-១ ក្នុង​ជើង​ទី​២ និង​បន្ត​យកឈ្នះ​ក្រសួងការពារជាតិ ១-០ ក្នុងជំនួប​ដែល​កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ កូនប្រុស​បង្កើត​របស់​លោក ប្រាក់ សុវណ្ណារ៉ា បាក់ឆ្អឹង​ដៃស្តាំ​ជា​ពីរ​កំណាត់​។  
 
 
​ចំណែក​ក្រសួងការពារជាតិ​ក្នុងចំណោម​៣​ប្រកួត​របស់ខ្លួន​គឺ​ចាញ់​១ និង​ឈ្នះ​២ ក្នុងនោះ​ឈ្នះ​ក្រុម Warriors FC របស់​សិង្ហ​បុរី ២-១ និង​ឈ្នះ​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ២-១ មុន​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ ១-០ ក្នុងជំនួប​ចុងក្រោយ​។​
 
​ដោយឡែក នា​វេលា​ម៉ោង​៤​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដដែល ពោលគឺ​មុន​ការប្រកួត​គូ​ដណ្តើម​ជើងឯក ក៏មាន​ការប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ រវាង​ក្រុម Warriors FC របស់​សិង្ហ​បុរី ជាមួយ​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី​ផងដែរ​៕  



Tag:
 បាល់ទាត់​
  Asian Club Pre-Season Championship 2017
© រក្សាសិទ្ធិដោយ thmeythmey.com