អន្តរជាតិ
ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត​មួយអង្គ​នាំ​ស្ទាំង​៨០​ក្បាល​ជិះ​យន្តហោះ​នៅ​កៅអី First Class
05, Feb 2017 , 8:30 pm        
រូបភាព
ដោយ: ធីតា
 ​រូបថត​មួយ​សន្លឹក​អំពី​សត្វ​ស្ទាំង​ចំនួន​៨០​ក្បាល​ដែល​ស្ថិតនៅក្នុង​យន្តហោះ ត្រូវបាន​បង្ហោះ​ឡើង​លើកដំបូង​នៅតាម​បណ្តាញ​សង្គម Reddit កាលពីដើម​សប្តាហ៍​កន្លងមក​។ បន្ទាប់មក គេ​ឃើញ​សកម្មភាព​ដ៏​មិនគួរ​ឲ្យ​ជឿ​នេះ ត្រូវបាន​បង្ហោះ​ឡើង​នៅលើ Youtube​។​

 
​អ្នក​បង្ហោះ​ដំបូង​នៅលើ Reddit បាន​អះអាងថា ខ្លួន​បានទទួល​រូបថត​ពី​មិត្តភក្តិ​ដែលជា​អ្នកបើកបរ​យន្តហោះ​នៅ​ក្រុមហ៊ុន Qatar Airways​។ ប្រភព​បាន​អះអាងថា ព្រះអង្គម្ចាស់​មួយអង្គ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ទិញ​សំបុត្រ​យន្តហោះ​ដល់​សត្វ​ស្ទាំង​ទាំង​៨០​ក្បាល​របស់ខ្លួន​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត ដោយ​ពួកវា​ជិះ​នៅ​លំដាប់​កៅអី​ជួរមុខ First Class​។​
 
​បុរស​ដែល​ប្រើ​ឈ្មោះថា Lensoo បាន​អះអាង​នៅលើ Reddit ថា​៖ «​មិត្ត​ម្នាក់​ដែលជា​អ្នកបើក​យន្តហោះ បាន​ផ្ញើ​រូបនេះ​មក​ខ្ញុំ​។ ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត​មួយអង្គ បាន​ទិញ​សំបុត្រ​យន្តហោះ​សម្រាប់​សត្វ​ស្ទាំង​របស់​ព្រះអង្គ​»​។​
 
​តាមពិតទៅ​សកម្មភាព​បែបនេះ មិនមែនជា​រឿង​ថ្មី​នោះឡើយ​សម្រាប់​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។ ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន ដូចជា Etihad Airways, Emirates Airlines, Royal Jordanian Airline និង Qatar Airlines ជាដើម​នោះ សុទ្ធតែ​បានអនុញ្ញាត​ឲ្យ​សត្វ​ជិះ​លើ​យន្តហោះ​។​
 
​បើតាម​ការផ្សាយ​របស់ Fox News អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សត្វ​ស្ទាំង​ទាំងនោះ សុទ្ធ​តែមាន​លិខិតឆ្លងដែន និង​ចងភ្ជាប់​ជាមួយ​ខ្សែក្រវាត់​សុវត្ថិភាព​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កាលពី​ឆ្នាំ​២០០២ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត ក៏បាន​បង្កើត​លិខិតឆ្លងដែន​សម្រាប់​សត្វ ជាពិសេស​ស្ទាំង ដែល​រហូតមក​សព្វថ្ងៃ​នេះ ឯកសារ​លិខិតឆ្លងដែន​រាប់រយ ត្រូវបាន​ផ្តល់​ឲ្យ​សម្រាប់​ដំណើរ​តាម​យន្តហោះ​របស់​សត្វ​ទាំងនោះ​៕
 
ទស្សបានវីដេអូខាងក្រោម

 
 

Tag:
 ស្ទាំង​
  អា​រ៉ា​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com