កីឡាជាតិ
ជាតិ
ទ័ព​លើក​ពាន ACC ក្រោយ​យកឈ្នះ​ស្វាយរៀង ៥-៣ ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​
06, Feb 2017 , 11:43 am        
រូបភាព
រូបភាពពី៖ ហ្វេសប៊ុកក្លិបបាល់ទាត់ក្រសួងការពារជាតិ
រូបភាពពី៖ ហ្វេសប៊ុកក្លិបបាល់ទាត់ក្រសួងការពារជាតិ
ដោយ:
​ក្រសួងការពារជាតិ​(​ទ័ព​)​លើក​ពាន​មិត្តភាព​ក្លិប​បាល់ទាត់​អាស៊ី​២០១៧(Asia Club Pre-Season Championship 2017) ក្រោយ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៥-៣ ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​(​ប៉េ​ណាំង​ទី​)​។ ចំណែក​ក្រុម Worriors FC របស់​សិង្ហ​បុរី​ឈ្នះ​លេខ​៣​ក្រោយ​យកឈ្នះ​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ២-០​។



​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Asia Club Pre-Season Championship 2017 (ACC 2017) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ម្សិលមិញ កីឡាករ Moneka Obi Ugochukwu បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ស្វាយរៀង​នៅ​នាទី​៥៧​។ ប៉ុន្តែ Choe Myong-ho បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ទ័ព​នៅ​ទី ៧៣ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ក្រោយ​កីឡាករ Chidera Ononiwu ធ្វើ​ឲ្យ​កីឡាករ​ទ័ព​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​។ 

​ក្រោយ​តាម​ស្មើ ១-១ របស់​ក្រសួងការពារជាតិ​បានធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​តឹងតែង​សម្រាប់​ក្រុម​ទាំងពីរ​។ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​វាយ​សម្រុក និង​បង្កើត​ឱកាស​យ៉ាងច្រើន ប៉ុន្តែ​នៅតែ​មិនអាច​ទម្លុះ​សំណាញ់​ទី​របស់​ក្រសួងការពារជាតិ​។ យ៉ាងណាមិញ ក្រសួងការពារជាតិ ក៏​ធ្វើការ​វាយ​សម្រុក និង​បង្កើត​ឱកាស​ផងដែរ តែ​ធ្វើ​មិនបាន​សម្រេច​ដូចគ្នា​។ លទ្ធផល​ស្មើ ១-១ នេះ​ក្រុម​ទាំងពីរ​បាន​រក្សា​រហូត​ចប់​វគ្គ​ទី​២​។

​ដោយសារ​វា​ជា​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក គឺ​តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ជ្រើសរើស​កីឡាករ​៥​នាក់​សម្រាប់​ទាត់​បាល់​ពិន័យ​១១​មែត្រ ដើម្បី​ស្វែងរក​ក្រុម​ទទួល​ជ័យជម្នះ​។ ក្នុងនោះ Choe Myong-ho បាន​ទាត់​បាល់​ពិន័យ​នាំមុខ ១-០ សម្រាប់​ក្រុម​ទ័ព​។ បន្ទាប់មក ប្រាក់ មុន្នី​ឧ​ត្ត​ម ជា​អ្នក​ទាត់​បាល់​ពិន័យ​ដំបូង​សម្រាប់​ក្រុម​ស្វាយរៀង ប៉ុន្តែ​មិនអាច​ទម្លុះ​សំណាញ់​ទី​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន ធ្វើ​ឲ្យ​ក្រសួងការពារជាតិ​បន្ត​នាំមុខ ១-០​។

​កីឡាករ ច្រឹង ពលរដ្ឋ បាន​ទាត់​បាល់​ពិន័យ​នាំមុខ ២-០ សម្រាប់​ក្រុម​ទ័ព មុន​កីឡាករ ណុប តុលា ទាត់​បាល់​ពិន័យ​តាម​ពីក្រោយ ១-២ សម្រាប់​ស្វាយរៀង តែ​កីឡាករ Ri Hyok Chol បាន​ទាត់​បាល់​ពិន័យ​ទី​៣​បានសម្រេច​សម្រាប់​ក្រុម​ទ័ព​នាំមុខ ៣-១ ក្រោយមក នេន សុធា​រ័ត្ន សម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ២-៣ សម្រាប់​ស្វាយរៀង​។

​កីឡាករ Kim Kyong-hun បាន​ទាត់​បាល់​ពិន័យ​ទី​៤​បានសម្រេច​ឲ្យ​ក្រុម​ទ័ព មុន Kim Nam Gun ទាត់​បាល់​ពិន័យ​ទី​៣​បានសម្រេច​ឲ្យ​ស្វាយរៀង​។ ប៉ុន្តែ​កីឡាករ Jang Song hyok បាន​ទាត់​បាល់​ពិន័យ​ទី​៥​បាន​ឲ្យ​ក្រុម​ទ័ព ដែលជា​គ្រាប់​បាល់​កាត់សេចក្តី​នៃ​ជ័យជម្នះ ៥-៣ ដើម្បី​ឲ្យ​ក្រសួងការពារជាតិ​លើក​ពាន Asia Club Pre-Season Championship 2017 តែម្តង​។        

​ចំណែក​ក្រុម Warriors FC របស់​សិង្ហ​បុរី បានឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕


Tag:
 បាល់ទាត់​
  ទ័ព​
  ស្វាយរៀង​
  ACC 2017
© រក្សាសិទ្ធិដោយ thmeythmey.com