អន្តរជាតិ
សម្រាប់ស្ថាប័នអន្តរជាតិ «រ៉ូហ៊ីងយ៉ា ជាវិបត្តិសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ», តែអាស៊ាន នៅតែស្ងៀមស្ងាត់? ប្រភពរូបភាព៖ Council on Foreign Relations
× ទាំងរបាយការណ៍អង្គការសហប្រជាជាតិ និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានរកឃើញថា មានការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ និងច្រើនទម្រង់ទៅលើជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា ដែលបង្កឡើងដោយក្រុមអាជ្ញាធរមីយ៉ាន់ម៉ា។ ស្ថាប័នជំនាញទាំងនេះ ក៏បានថ្កោលទោស និងទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់សកម្មភាពទាំងនោះ និងបើកការស៊ើបអង្កេតដើម្បីកាត់ទោសដល់ក្រុមល្មើសទាំងនោះដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ ក៏ប៉ុន្តែ ស្ថាប័នអាស៊ានវិញ មិនទាន់មានសេចក្តីថ្លែងការណ៍អ្វីឡើយ។ តើជំហរអាស៊ានជាអ្វីវិញ?
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី០៣ កុម្ភៈ បានចេញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដោយកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhine។ របាយការណ៍ បានចាត់ទុកការបំពាននេះ ថា អាចក្លាយជាបទល្មើសប្រឆាំងមនុស្សជាតិបាន។
របាយការណ៍ដែលចេញផ្សាយដោយការិយាល័យនៃឧត្តមស្នងការទទួលសិទ្ធិមនុស្ស (OHCHR) ដែលយោងតាមកិច្ចសម្ភាសន៍ជាមួយនឹងប្រជាជនដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ក្រោយការវាយប្រហារនៅដើមខែតុលាឆ្នាំមុន បានបង្ហាញថា មានការករណីរំលោភ សម្លាប់ ដែលរាប់បញ្ចូលទាំងទារក និងកុមារ ការធ្វើទារុណកម្មព្រៃផ្សៃ និងសកម្មភាពរំលោភសិទ្ធិមនុស្សផ្សេងទៀតទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។
តាមចម្លើយដែលផ្សាយចេញតាមរបាយការណ៍នោះ កងកម្លាំងមីយ៉ាន់ម៉ា មិនត្រឹមតែប្រព្រឹត្តបទល្មើសប៉ុន្មានខាងលើនោះទេ តែពួកគេ ក៏បានដុតផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និងដីស្រែជនជាតិភាគតិចទាំងនោះ និងថែមទាំងមានឃាត់ក្រុមទាំងនោះនៅក្នុងផ្ទះ ហើយដុតសម្លាប់ពួកគេតែម្តង។ តាមចម្លើយក្នុងរបាយការណ៍ដដែលនោះ ស្ត្រីច្រើនជាងពាក់កណ្តាល ដែលបានផ្តល់កិច្ចសម្ភាសន៍នោះ បានអះអាងថា ពួកគេសុទ្ធសឹងតែរងការឈឺចាប់ដោយសារការរំលោភ និងហិង្សាផ្លូវភេទជាច្រើនទម្រង់ផ្សេងទៀត។
ជាមួយគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក ក៏បានចេញថ្លែងការណ៍ថ្កោល និងទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់សកម្មភាពរំលោភសិទ្ធិមនុស្សផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មានថ្ងៃទី០៦ កុម្ភៈ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស កងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានរំលោភ និងប្រព្រឹត្តហិង្សាផ្លូវភេទលើស្ត្រី និងក្មេងស្រីជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខនៅខេត្ត Rakhine នៅចុងឆ្នាំ២០១៦។
« ទាហាន និងប៉ូលិសតម្រួតព្រំដែនមីយ៉ាន់ម៉ា បានចូលរួមប្រព្រឹត្តអំពើរំលោភ រំលោភបូក និង ការបំពារបំពានផ្លូវភេទនៅក្នុងភូមិយ៉ាងតិចប្រាំបួននៃខេត្ត Rakhine នៅចន្លោះថ្ងៃទី០៩ តុលា និងពាក់កណ្តាលខែធ្នូ» ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល ដែលបានដកស្រង់ចេញពីរបាយការណ៍ ដែលធ្វើឡើងតាមរយៈការសម្ភាសន៍ជាមួយនឹងជនរងគ្រោះ និងអ្នកភៀសខ្លួនចេញពីតំបន់មានវិវាទជាតិសាសន៍នៃប្រទេសមីយ៉ាន់ម៉ា។
តាមពិតទៅ របាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សទាំងនេះ មិនមែនជារបាយការណ៍លើកដំបូងអ្វីឡើយ។ កន្លងមក មិនត្រឹមតែស្ថាប័នជំនាញពីរប៉ុណ្ណោះនោះ តែមានស្ថាប័នជំនាញសិទ្ធិមនុស្សផ្សេងទៀត រួមមាន អង្គការលើកលែងទោសអន្តរជាតិ និងសភាសិទ្ធិមនុស្សតំបន់អាស៊ាន ក៏បានថ្លែងការណ៍ និងទទូចឲ្យមីយ៉ាន់ម៉ា ធានាឲ្យបានការគោរពសិទ្ធិ និងការគាំពារឲ្យស្មើភាពគ្នាផងដែរ។
សូមជម្រាបផងដែរថា ខេត្ត Rakhine គឺជាខេត្តមួយរបស់មីយ៉ាន់ម៉ា ដែលមានសហគមន៍ធំពីរ រួមមានសហគមន៍អ្នកកាន់សាសនាព្រះពុទ្ធ(ភាគច្រើន) និងជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា(ភាគតិច)។ នៅឆ្នាំ២០១២ ធ្លាប់មាន ព្រឹត្តិការណ៍ហិង្សាធ្ងន់ធ្ងរម្តងរួចហើយរវាងសហគមន៍ទាំងពីរ ដោយពេលនោះ មានរបាយការណ៍ចំនួននិយាយថា អាជ្ញាធរមីយ៉ាន់ម៉ា បានចូលដៃជាមួយសហគមន៍ និងសង្ឃជ្រុលនិយមពុទ្ធសាសនា បដោយបំផ្លាញផ្ទះសម្បែងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ជនជាតិភាគតិចនេះ មិនទាន់ទទួលសិទ្ធិរស់នៅស្របច្បាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ានោះទេ។
ចុះអាស៊ាននៅឯណាវិញ? អាស៊ាន ជឿតាមសម្តីលោកស្រី ស៊ូជី?
បើទោះបីជា អង្គការជំនាញអន្តរជាតិ ដែលរួមទាំងអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភ និងថែមទាំងថ្កោលទោសខ្លាំងៗពីបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាបន្តបន្ទាប់ក៏ដោយ អាស៊ាន ហាក់ដូចជាមិនសូវមាត់កអ្វីឡើយ ពោលគឺស្ថាប័នដែលមានសមាជិកខ្លួនត្រូវបានគេរិះគន់នោះ នៅតែរក្សាជំហរស្ងៀមស្ងាត់។ ក៏ប៉ុន្តែ គេនៅចាំថា នៅពេលមានចលនាប្រឆាំង និងទាមទារឲ្យមីយ៉ាន់ម៉ាគោរព និងធានាមនុស្សដល់ជនជាតិរ៉ូហ៊ីងយ៉ា មីយ៉ាន់ម៉ា បានបើកកិច្ចប្រជុំបន្ទាន់ក្រៅផ្លូវការមួយ។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាដែលចុះនៅថ្ងៃទី១៩ ធ្នូ ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីអគ្គលេខាធិកាអាស៊ាន និងប្រមុខការទូតអាស៊ានទាំងប្រាំបួនផ្សេងទៀត លោកស្រី ស៊ូជី បានសង្ខេបពីការវិវត្តនៅក្នុងរដ្ឋ Rakhine ដោយភ្ជាប់ជាមួយនឹងការវាយប្រហារទៅលើកងកម្លាំងព្រំដែនដោយក្រុមប្រដាប់អាវុធ។ ហើយលោកស្រី ក៏ពន្យល់បន្ថែមពីការប្រឹងប្រែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការផ្តល់ជំនួយមនុស្សធម៌ទាំងទៅកាន់សហគមន៍នៅរដ្ឋ Rakhine ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងភ្នាក់ងារអង្គការសហប្រជាជាតិ។
អាស៊ានមិនចង់បែកបាក់សាមគ្គី និងចង់គោរពគោលការណ៍មិនជ្រៀកជ្រែក ទើបមិនហ៊ាននិយាយពីរ៉ូហ៊ីងយ៉ា?
នាឱកាសដដែលនោះ លោកស្រីទីប្រឹក្សារដ្ឋ ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដ៏ស្មុគស្មាញ និងត្រូវការពេលវេលាដើម្បីអាចទទួលបានលទ្ធផលល្អប្រសើរ។ ជាងនេះទៅទៀតនោះ លោកស្រី ក៏បានលើកពីសារៈសំខាន់នៃការពង្រឹងភាពរួបរួមរបស់អាស៊ាន និងការដោះស្រាយភាពខ្វែងគ្នាក្នុងចំណោមសមាជិកគ្រួសារអាស៊ានតាមរយៈការពិគ្រោះយោបល់ដោយសន្តិវិធី និងមាត្រីភាព។
ជាលទ្ធផល និងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ម្ចាស់ផ្ទះដែលដង្ហោយសុំការយោគយល់នោះ រដ្ឋមន្ត្រីការបរទេសអាស៊ានពេលនោះ ក៏បានសរសើរពីការរៀបចំឲ្យមានកិច្ចប្រជុំដើម្បីផ្តល់បច្ចុប្បន្នភាពនៃបញ្ហានៅរដ្ឋ Rakhine។ អាស៊ាន ក៏បានស្វាគមន៍ពីជំហានរបស់មីយ៉ាន់ម៉ាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងរដ្ឋ Rakhine។ ជាងនេះទៅទៀតនោះ ប្រមុខការទូតអាស៊ាន ក៏បានផ្តល់ជាគំនិត និងមធ្យោបាយដើម្បីលើកកម្ពស់ពីសហស្ថិរភាព និងសុខដុមរមនាក្នុងចំណោមសហគមន៍ ការពារសិទ្ធិរបស់ជនស៊ីវិល និងផ្តល់ជំនួយមនុស្សធម៌ និងការថែទាំសុខភាពសម្រាប់ជនស៊ីវិលនៅក្នុងរដ្ឋនោះទាំងអស់គ្នា។
ដោយមិនត្រឹមតែលើកជាមធ្យោបាយនោះទេ មេដឹកនាំការទូតអាស៊ាន ក៏បានបង្ហាញការត្រៀមលក្ខណៈរួចជាស្រេចក្នុងជួយជំនួយមនុស្សធម៌ និងការអភិវឌ្ឍទៅកាន់រដ្ឋមានបញ្ហា ខណៈមីយ៉ាន់ម៉ា ក៏អះអាងពីការត្រៀមខ្លួនផងដែរសម្រាប់បញ្ជូនជំនួយទាំងនោះ ក៏ដូចជាបន្តរក្សាការផ្តល់ព័ត៌មានពីការអភិវឌ្ឍនៅក្នុងតំបន់មានបញ្ហានោះ។
យ៉ាងណាក៏ដោយ ទោះជាអាស៊ាន និងរដ្ឋអាស៊ានមួយចំនួន នៅតែបន្តរក្សាជំហរស្ងៀមស្ងាត់ និងប្រកាន់យកជំហរមិនជ្រៀកជ្រែក និងទំនងជាចាត់ទុកបញ្ហានេះ គឺជាបញ្ហាក្នុងស្រុក ហើយទុកលទ្ធភាពឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាដោះស្រាយក៏ដោយ សហគមន៍អន្តរជាតិ នៅមិនស្ងៀមដូចអាស៊ានឡើយ៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
រ៉ូហ៊ីងយ៉ា
UN
© រក្សាសិទ្ធិដោយ thmeythmey.com