អន្តរជាតិ
សមាជិកសភា ខឹងច្រឡោត ពេលលោក ត្រាំ ថាអាមេរិកក៏ធ្វើរឿងអាក្រក់់ដូចរុស្ស៊ីដែរ
× ក្រុមសមាជិកសភាបក្សសាធារណរដ្ឋនិងក្រុមប្រជាធិបតេយ្យនាំគ្នាទិតៀនប្រធានាធិបតីដូណាល់ ត្រាំ ក្រោយពេលដែលលោកបានព្យាយាមការពារជំហរទន់ភ្លន់ជាមួយរុស្ស៊ី និងព្យាយាមព្រងើយកន្តើយលើបញ្ហាឃាតកម្មនយោបាយ និងការឈ្លានពានអ៊ុយក្រែនជាដើម។ លោក ត្រាំ ថែមទាំងនិយាយថា អាមេរិកក៏ធ្វើរឿងអាក្រក់ដូចរុស្ស៊ីដែរ។
លោក ដូណាល់ ត្រាំ រងរិះគន់ខ្លាំងៗ ពីសំណាក់ក្រុមសមាជិកសភាបក្សប្រជាធិតេយ្យនិង បណ្តាអ្នកសាធារណរដ្ឋផងដែរ ក្រោយពេលដែលលោកព្យាយាមនិយាយល្អពីរុស្ស៊ី និងព្រងើយកន្តើយចំពោះបញ្ហានយោបាយរុស្ស៊ីនិងសកម្មភាពរុស្ស៊ីនៅអ៊ុយក្រែនផង។
រហូតដល់ពេលចូលកាន់តំណែងលោក ដូណាល់ ត្រាំ ហាក់មិនផ្លាស់ប្តូរជំហររបស់ខ្លួនចំពោះរដ្ឋាភិបាលក្រេមឡាំងឡើយ។ ពោលគឺនៅតែចង់ភ្ជាប់ទំនាក់ទំនងល្អជាមួយលោក វ្ល៉ាឌីមៀ ពូទីន ដដែលថ្វីបើបណ្តាសមាជិកបក្សសាធារណរដ្ឋជាច្រើនបាននាំគ្នាទាមទារឲ្យលោកប្តូរជំហរក៏ដោយ។
ដូណាល់ ត្រាំ៖«តើអ្នកគិតថា ប្រទេសយើងមិនដែលធ្វើរឿងអាក្រក់អញ្ចឹងឬ»?
ក្នុងបទសម្ភាសន៍ជាមួយជាមួយសារព័ត៌មាន Fox News ដែលចុះផ្សាយថ្ងៃអាទិត្យទី ៥កុម្ភៈលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកគោរពលោក វ្ល៉ាឌីមៀ ពូទីន ណាស់។
សូមស្តាប់ សំឡេង
«ខ្ញុំពិតជាគោរពគាត់ខ្លាំងណាស់។ ខ្ញុំគោរពមនុស្សជាច្រើន ប៉ុន្តែមិនមានន័យថា ខ្ញុំអាចត្រូវរ៉ូវជាមួយពួកគេឡើយ»។
ហើយពេលនិយាយដល់រឿងការចោទប្រកាន់លោក ពូទីន រឿងធ្វើឃាតកម្មអ្នកនយោបាយនិងអ្នកសារព័ត៌មានជាដើមនោះ លោក ដូណាល់ ត្រាំ ឆ្លើយតបវិញភ្លាមថា វាមិនមែនកើតមាននៅតែនៅរុស្ស៊ីទេ រឿងអាក្រក់បែបនេះនៅអាមេរិកក៏កើតមានដែរ។
«វាមានឧក្រិដ្ឋជនច្រើនណាស់។ យើងក៏មានមនុស្សអាក្រក់ច្រើនដូចគ្នា។ តើអ្នកគិតថា ប្រទេសយើងមិនដែលធ្វើរឿងអាក្រក់អញ្ចឹងឬ»?
យ៉ាងណាមិញ ក្រោយពេលដែលលោក ដូណាល់ ត្រាំ និយាយបែបនេះ សមាជិកសភាបក្សសាធារណរដ្ឋលោក Mitch McConnell ដែលមានភរិយាធ្វើជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនក្នុងរដ្ឋបាលត្រាំនោះ បានចេញមុខរិះគន់លោក ត្រាំ មុនគេ។
លោកបានថ្លែងប្រាប់សារព័ត៌មាន CNN ដូច្នេះថា៖« ខ្ញុំមិនគិតថា វាមានរឿងដួចគ្នារវាងអ្វីដែលរុស្ស៊ីធ្វើ និង អ្វីដែលអាមេរិកធ្វើឡើយ។ ពូទីន ជាអតីតភ្នាក់ងារចារកម្ម KGB, ជាឧក្រិដ្ឋជនដែលមិនជាប់ឆ្នោតដោយត្រឹមត្រូវ ដោយគេឯងទាំងពួងចាត់ទុកថា អាចយកជាការបានឡើយ»។
ចំណែកអតីតមន្ត្រីទូតអាមេរិកប្រចាំរុស្ស៊ីនិងជាទីប្រឹក្សាលោកបារ៉ាក់ អូបាម៉ា បានហៅសម្តីរបស់លោក ដូណាល់ ត្រាំ ថា ជារឿងគួរឲ្យខ្ពើមរអើម។ លោកបានសរសេរបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter របស់ខ្លួនដូច្នេះថា៖« ការប្រដូចគ្នារវាងអាមេរិកនិងរុស្ស៊ីដែល ដូណាល់ ត្រាំ លើកឡើងនេះជារឿងមួយដែលគួរឲ្យខ្ពើមរអើម និងមិនត្រឹមត្រូវឡើយ។ ខ្ញុំទទួលស្គាល់ថា អាមេរិកធ្លាប់ប្រើប្រាស់កម្លាំងយោធាមិនត្រឹមត្រូវមែន តែវាជារឿងអតីតកាលប៉ុណ្ណោះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com