ជាតិ
ក្រសួងទេសចរណ៍ រៀបចំ​ប្រកួត Selfie ក្នុង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​អង្គរ​ ​
07, Feb 2017 , 7:59 am        
រូបភាព
​ក្រសួងទេសចរណ៍ បានប្រកាស​ពី​កម្មវិធី​ប្រកួតប្រជែង​ថតរូប​ស៊ែ​ល​ហ្វី (Angkor Selfie Photo Contest) លើក​ទី​ពីរ ក្រោម​ប្រធានបទ​៖ « Selfie អង្គរ​អច្ឆរិយ​» ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា (EQUINOX)​។  ព្រឹត្តិការណ៍ (EQUINOX)​នេះ អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមីនា ចន្លោះ​ពី​ម៉ោង ៥:០០ ដល់​៧:០០​ព្រឹក​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​។



​ព្រឹត្តិការណ៍បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរ កើតឡើង​ពីរដង​ជា​រៀងរាល់ឆ្នាំ ដោយ​លើក​ទី​១ នៅ​ខែមីនា និង​លើក​ទី​២ នៅ​ខែកញ្ញា​។ ជាមួយគ្នានេះ នៅក្នុង​ឆ្នាំនេះ បាតុភូត​ព្រះអាទិត្យរះចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរ អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមីនា ចន្លោះ​ពី​ម៉ោង ៥ ដល់​៧​ព្រឹក​។​

​​អ្នកចូលរួម​ប្រកួត​ថតរូប Selfie ដែលទទួលបានការគាំទ្រ​ច្រើនជាងគេ ពី​លេខ​១ ដល់​លេខ​៣ នឹង​ទទួលបាន​លិខិត​សរសើរ ​​ចេញ​ដោយ​ក្រសួងទេសចរណ៍ និង​រង្វាន់​លើកទឹកចិត្ត។ ចំណាត់ថ្នាក់លេខ​១ ទទួលបាន​ថវិកា ១​លាន​រៀល លេខ​២ ទទួលបាន​ថវិកា ៨០​ម៉ឺន​រៀល និង​លេខ​៣ ទទួលបាន​ថវិកា ៥០​ម៉ឺន​រៀល​។​

​ក្រសួងទេសចរណ៍ អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ និង​សាធារណជន អញ្ជើញ​ទៅ​ទស្សនា និង​ផ្ដិត​យក​រូបភាព​ដ៏​មហស្ចារ្យ​នេះ និង​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​។ នេះ ជា​លើក​ទី​២​ហើយ ដែលក្រសួងទេសចរណ៍រៀបចំ កម្មវិធី​ប្រកួតប្រជែង​ថតរូប Selfie អង្គរ​អច្ឆរិយនេះឡើង ខណៈ​លើក​ទី​១ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ នៅពេលមានបាតុភូត​ព្រះអាទិត្យ​រៈ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរ (EQUINOX)​​៕


Tag:
 Selfie
  ព្រះអាទិត្យ​រះ​ចំ​កំពូល​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com