កីឡាជាតិ
ជាតិ
ឃួន ឡា​បូ​រ៉ាវី​៖ ជំនួប​នៅ​ទឹកដី Lao Toyota ពិតជា​លំបាក តែ​​បឹងកេត​នឹង​ព្យាយាម​
07, Feb 2017 , 11:24 am        
រូបភាព
ដោយ:
ប្រធាន​ក្រុម​បឹងកេត​អង្គរ ឃួន ឡា​បូ​រ៉ាវី បានចាត់ទុក​ជំនួប​ជើង​ទី​២​នៃ​វគ្គ​ជម្រុះ​ពានរ​រង្វាន់ AFC Cup 2017 ជាមួយ​ក្រុម Lao Toyota នៅលើ​ទឹកដី​ឡាវ​នា​ល្ងាច​នេះ ជាការ​ប្រកួត​មួយ​ដ៏​លំបាក​សម្រាប់​បឹងកេត​។ ប៉ុន្តែ​ប្រធាន​ក្រុម​រូបនេះ ប្តេជ្ញា​នឹង​ព្យាយាម​រក​គ្រាប់​បាល់​ជ័យជម្នះ ដើម្បី​បាន​កៅអី​ទៅលេង​នៅ​វគ្គ​ចែក​ពូ​ល​។​



​លទ្ធផល​ស្មើ ១-១ ក្នុង​ជើង​ទី​១​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 នៅលើ​ទឹកដី​ខ្លួន​នា​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ចុងខែ​មករា បានធ្វើ​ឲ្យ​ប្រធាន​ក្រុម​បឹងកេត​អង្គរ ឃួន ឡា​បូ​រ៉ាវី ចាត់ទុក​ជំនួប​ជាមួយ Lao Toyota ក្នុង​ជើង​ទី​២​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​បឹងកេត​អង្គរ​ព្រោះ​វា​ជា​ជំនួប​កាត់សេចក្តី​ក្នុង​ការឈាន​ទៅលេង​នៅ​វគ្គ​ចែក​ពូ​ល​។ 

​យ៉ាងណាមិញ ប្រធាន​ក្រុម​បឹងកេត​អង្គរ​រូបនេះ បានចាត់ទុក​ជំនួប​ដ៏​សំខាន់​នេះ​នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​តឹងតែង និង​លំបាក​បំផុត​សម្រាប់​បឹងកេត​អង្គរ ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ លើសពីនេះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ប្តេជ្ញា​យកឈ្នះ​រៀងៗ​ខ្លួន​ក្នុងជំនួប​តំណាង​ឲ្យ​ប្រទេសជាតិ​មួយ​នេះ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី ឃួន ឡា​បូ​រ៉ាវី បាន​បញ្ជាក់ថា រូបគេ​នឹង​មិត្ត​រួម​ក្រុម​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងជំនួប​ល្ងាច​នេះ​។ ហើយ​ពួកគេ​នឹង​ប្រឹងប្រែង​ធ្វើ​ឲ្យ​បានល្អ​បំផុត​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​រក​គ្រាប់​បាល់​សម្រាប់​សាង​ជ័យជម្នះ​ជូន​ក្រុម​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ម្សិលមិញ​ខ្សែប្រយុទ្ធ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងជំនួប​ជាមួយ Lao Toyota ល្ងាច​នេះ វា​ជាការ​ប្រកួត​មួយ​ដ៏​លំបាក​សម្រាប់​យើង យើង​ចាំបាច់​ត្រូវធ្វើ​ឲ្យ​បានល្អ​បំផុត​ព្រោះ​វា​ជា​ឱកាស​តែមួយគត់​ដើម្បី​ឈានទៅ​វគ្គ​ចែក​ពូ​ល​។ យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដូច្នេះ​អ្វីដែល​យើង​ត្រូវធ្វើ​គឺ​ប្រឹងប្រែង​រក​គ្រាប់​បាល់​ឲ្យ​បាន ដើម្បី​ឈ្នះ​ការប្រកួត​នៅថ្ងៃនេះ​»​។

​គួរ​បញ្ជាក់ថា ប្រសិនបើ​បឹងកេត​អង្គរ​អាច​យកឈ្នះ​ក្រុម Lao Toyota ក្នុងជំនួប​នៅ​កីឡដ្ឋាន Lao National Stadium MK16 នៅ​ប្រទេស​ឡាវ ល្ងាច​នេះ ក្រុម​តំណាង​កម្ពុ​ជាមួយនេះ​នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​ក្នុង​ពូ​ល F ដែលមាន​ក្លិប​ម៉ាឡេស៊ី Johor Darul Ta’zim ក្លិប​មី​យ៉ាន់​ម៉ា Magwe និង​ក្លិប​ហ្វីលីពីន Global៕ 


Tag:
 ​បាល់ទាត់​
  ឃួន ឡា​បូ​រ៉ាវី​
  AFC Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com