អន្តរជាតិ
ចិន ផ្គើន​អាមេរិក​ដោយ​បញ្ជូន​នាវា​ល្បាត​ក្បែរ​តំបន់​ជម្លោះ​ចិន​-​ជប៉ុន ក្រោយ​អាមេរិក​ប្រកាស​នឹង​ជួយ​ការពារ​ជប៉ុន
07, Feb 2017 , 1:54 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក (ខាងឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិជប៉ុន (ខាងស្តាំ)
រដ្ឋមន្ត្រីការពារជាតិអាមេរិក (ខាងឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិជប៉ុន (ខាងស្តាំ)
ដោយ: ថ្មីៗ
នាវាចម្បាំង​ចិន​បី​គ្រឿង នៅ​ថ្ងៃទី​០៦ កុម្ភៈ បាន​ល្បាត​នៅក្បែរ​តំបន់​ប្រជុំ​កោះ​ជម្លោះ Senkaku (​ហៅ​ដោយ​ជប៉ុន​) ឬ Daioyu (​ហៅ​ដោយ​ចិន​)​។ ការ​ល្បាត​នេះ ធ្វើ​ឡើ​ក្រោយ​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ដែល​ប្រមុខ​ការពារជាតិ​អាមេរិក​ថ្មី បាន​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន និង​ថែមទាំង​បានប្រកាសថា អាមេរិក នឹង​បន្ត​ការពារ​តំបន់​នោះ​ដើម្បី​ជប៉ុន​ផងដែរ​។



«​នាវាចម្បាំង​ចិន បាន​ល្បាត​នៅក្នុង​ដែនទឹក​អធិបតេយ្យ​ជប៉ុន​ក្នុង​ចម្ងាយ​ប្រមាណ​១២ ណូ​ទី​កខ​ល ម៉ា​ល (​ជាង​២២​គីឡូ​ម៉ែត​) នៃ​សមុទ្រ​ចិន​ខាងកើត​។​» នេះ​គឺជា​ការអះអាង​របស់​ម​ន្ត្រី​ការពារជាតិ​អាមេរិក​ទៅកាន់​សារព័ត៌មាន Fox News នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃទី​០៤ កុម្ភៈ​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis បានប្រកាសថា អាមេរិក បន្ត​ទទួលស្គាល់​បណ្តុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​ជប៉ុន ក៏ដូចជា​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន​»​។ ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន បាន​បញ្ញត្តិ​ថា អាមេរិក នឹង​ការពារ​អធិបតេយ្យ​ក្រោម​រដ្ឋបាល​របស់​ជប៉ុន ដែល​រាប់បញ្ចូល​ទាំង​បណ្តុំ​កោះ Senkaku ដែល​ចិន បាន​ហៅថា Diaoyu និង​ទាមទារ​ផងដែរ​នោះ​។

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បានធ្វើ​ឲ្យ​ចិន​ផ្ទុះ​កំហឹង​ខ្លាំង និង​ថែមទាំង​ព្រមាន​អាមេរិក​ឲ្យ​រៀបខ្លួន និង​ពាក្យសម្តី​ពេល​និយាយ​ពី​តំបន់​វិវាទ​នោះ​ផងដែរ​។ « ប្រជុំ​កោះ Diaoyu និង​តំបន់​ក្បែរ​នោះ គឺជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​ចិន​តាំងពី​យូរយា​ណាស់់​មកហើយ​។ ហើយ​នេះ ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិនមាន​ការប្រែប្រួល​ផងដែរ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អាមេរិក​នៅ​ចុង​សប្តាហ៍​មុន​។​

​នាពេល​នោះដែរ អ្នកនាំពាក្យ​រូបនេះ បាន​បន្តទៀតថា​យ៉ាង​ដូច្នេះ​ថា​៖« យើង ទទូច​ឲ្យ​ភាគី​អាមេរិក​មាន​ឥរិយាបថ​ទទួលខុសត្រូវ បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយ​ខុស និង​ចៀស​ឲ្យ​បាន​ការធ្វើ​ឲ្យ​បញ្ហា​កាន់​ស្មុគស្មាញ និង​បង្ក​ជា​អស្ថិរភាព​នៅក្នុង​តំបន់​»៕


Tag:
 ចិន​
  ជប៉ុន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com