កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​ជឿជាក់ថា ក្រោ​ន​នៅតែមាន​ឱកាស​ឡើងទៅ​វគ្គ​ចែក​ពូ​ល AFC Cup
07, Feb 2017 , 2:41 pm        
រូបភាព
ដោយ:
​ក្រុម​ភ្នំពេញ​ក្រោ​ន​នៅមាន​ឱកាស​ឡើងទៅ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​លំដាប់​ទី​២​សម្រាប់​ក្លិប​បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2017 ប្រសិនបើ​អាច​យកឈ្នះ​ក្រុម Home United លើស​ពីមួយ​គ្រាប់​ក្នុងជំនួប​ជើង​ទី​២​នៃ​វគ្គ Playoff នៅ​សិង្ហ​បុរី ល្ងាច​នេះ​។ ប៉ុន្តែ​ឱកាស​របស់​ភ្នំពេញ​ក្រោ​ន​ស្ថិតក្នុង​ភាគរយ​តិច​ក្រោយ​ចាញ់​ក្នុង​ជើង​ទី​១​។​



​ការ​ចាញ់​ក្រុម Home United ៤-៣ ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​១​លើ​ទឹកដី​ខ្លួន​នៅ​កីឡដ្ឋាន RSN កាលពី​ចុងខែ​មករា កន្លងទៅ បានធ្វើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន មាន​ភាគរយ​តិច​ក្នុង​ការឡើង​ទៅកាន់​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFC Cup 2017 ជាង​ក្រុម Home United​។ ប៉ុន្តែ​ក្រុម​នេះ​នៅមាន​ឱកាស​ប្រសិនបើ​អាច​យកឈ្នះ Home United លើស​ពីមួយ​គ្រាប់​ក្នុង​ជើង​ទី​២​នៃ​វគ្គ Playoff នៅ​កីឡដ្ឋាន Jalan Besar Stadium ក្នុងប្រទេស​សិង្ហ​បុរី នា​វេលា​ម៉ោង​៦​លា្ង​ចនេះ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី គ្រូបង្វឹក​របស់​ភ្នំពេញ​ក្រោ​ន លោក សែម សំណាង (Sam Schweingruber) នៅតែ​មានការ​ជឿជាក់ថា ភ្នំពេញ​ក្រោ​ន​នឹង​អាច​ឡើងទៅ​កាន់​វគ្គ​បន្ត ព្រោះ​ក្រុម​លោក​មាន​ទាំង​កម្លាំង និង​ល្បឿន​។​«​យើង​មាន​គុណភាព និង​កម្លាំង ប្រសិនបើ​យើង​ប្រើ​វា​បានល្អ ខ្ញុំ​ជឿជាក់ថា នឹងមាន​សំណាង​ឈ្នះ​ក្នុងជំនួប​ល្ងាច​នេះ​»​។ នេះ​ជា​សំដី​របស់​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​។ 

​លោកគ្រូ​បង្វឹក​រូបនេះ​បានបញ្ជាក់​ទៀតថា​៖«​អ្វីដែល​សំខាន់បំផុត​នោះ​គឺថា យើង​មានការ​ជឿជាក់ និង​មាន​ទស្សនវិស័យ​ច្បាស់លាស់ យើង​មិនមែន​ត្រូវការ​ត្រឹមតែ​ឈ្នះ​ប៉ុណ្ណោះ​ទេ គឺ​គោលដៅ​របស់​ពួកយើង​ត្រូវ​ការឡើង​ទៅលេង​ក្នុង​វគ្គ​ចែក​ពូ​ល AFC Cup 2017»​។​

​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ភ្នំពេញ​ក្រោ​ន Shane Booysen បាន​ទាត់​ទុក​ការបង្ហាញ​ខ្លួន​របស់​ភ្នំពេញ​ក្រោ​ន​នៅលើ​ទឹកដី​សិង្ហ​បុរី គឺ​ដើម្បី​ប្រកួត​យកជ័យ​ជម្នះ​ដែល​ពួកគេ​ចង់បាន មិនមែន​ត្រឹមតែ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង​បង្ហាញ​សមត្ថភាព​នោះឡើយ​។ ដូច្នេះ​ការគោរព​ចំពោះ​ម្ចាស់ផ្ទះ​ក្រុម Home United គឺ​ទុក​មួយ​ឡែក​។ 

«​យើង​មាន​ការគោរព​ចំពោះ​ម្ចាស់ផ្ទះ Home United និង​កីឡាករ​របស់​ពួកគេ ប៉ុន្តែ​ទុក​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃនេះ​។ យើង​បាន​ទុក​ការគោរព​នេះ​មួយ​ឡែក ហើយ​អ្វី​សំខាន់​គឺ​ក្រុម​របស់​យើង​ត្រូវការ​ឈ្នះ​ក្នុងជំនួប​ល្ងាច​នេះ​។ យើង​មក​ទីនេះ​គឺ​ដើម្បី​ប្រកួត និង​ទទួលបាន​លទ្ធផល​ដែល​យើង​ចង់បាន​។ យើង​មិនមែន​មក​ទីនេះ​ត្រឹមតែ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ចង់​ឲ្យ​កម្ពុជា​ឈានទៅ​កាន់​វគ្គ​បន្ត និង​ចង់​បង្ហាញថា យើង​អាចធ្វើ​វា​បាន​»៕ 


Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  សែម សំណាង​
  AFC Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com