អន្តរជាតិ
វត្តមានប្រមុខការពារជាតិអាមេរិកនៅអាស៊ីបូព៌ា ធ្វើឲ្យចិន ក្តៅក្រហាយផង និងរីករាយផង រដ្ឋមន្ត្រីការជាតិអាមេរិក ក្នុងជំនូបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន
× រដ្ឋាភិបាលក្រុងប៉េកាំង បានខឹងសម្បារខ្លាំងទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិថ្មីអាមេរិកលោក James Mattis ដែលថ្លែងការពារជប៉ុនលើបញ្ហាសមុទ្រចិនខាងកើត។ ក៏ប៉ុន្តែពេលរដ្ឋមន្ត្រីការពារជាតិដដែលនោះ និយាយចំសមុទ្រចិនខាងត្បូងវិញ ក្រុងប៉េកាំង បែរជាត្រជាក់ចិត្តបន្តិច ហើយថែមទាំងស្វាគមន៍សេចក្តីថ្លែងការណ៍ចុងក្រោយរបស់រដ្ឋមន្ត្រីការពារជាតិលើសមុទ្រចិនខាងត្បូងទៀតផង។ នោះ ក៏ព្រោះតែលោករដ្ឋមន្ត្រីរូបនេះ មិនបញ្ចេញជំហរប្រឆាំងចិនក្នុងតំបន់ជម្លោះនោះឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី០៦ កុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានពន្យល់ថា ស្ថានភាពនៅសមុទ្រចិនខាងត្បូងមានស្ថានភាពធម្មតានោះទេ ហើយភាគីពាក់ព័ន្ធ ជាពិសេសចិន និងអាស៊ាន កំពុងតែធ្វើរួមគ្នាដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឲ្យនៅនឹងនរ។ ដោយមិននិយាយចំឈ្មោះអាមេរិកដោយផ្ទាល់នោះ ក្រុងប៉េកាំង បានផ្ញើរសារថា ប្រទេសក្រៅតំបន់ គួរគោរពផលប្រយោជន៍ និងស្មារតីប្រទេសក្នុងតំបន់ ពោលគឺ មិនគួរលូកដៃចូលក្នុងកិច្ចការនេះឡើយ។
ដោយឡែកពាក់ព័ន្ធសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិកលើសមុទ្រចិនខាងត្បូង ចិន បានស្វាគមន៍។ អ្នកនាំពាក្យក្រសួងការបរទេសដដែលនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖« ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការពារជាតិ Mattis ដែលថា មិនចាំបាច់មានចលនាយោធា និងត្រូវដោះស្រាយជម្លោះដោយមធ្យោបាយការទូត, យើង ក៏ជឿជាក់ដូចគ្នាភាគីពាក់គួរដោះស្រាយតាមមធ្យោបាយការទូតរវាងភាគីជម្លោះដោយផ្ទាល់ និងជម្លោះត្រូវគ្រប់គ្រងការចរចា និងពិគ្រោះយោបល់។ នេះ គឺជារឿងដ៏ត្រឹមត្រូវដែលគួរតែធ្វើ»។
សូមជម្រាបផងដែរថា ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅជប៉ុន លោករដ្ឋមន្ត្រីការពារជាតិ James Mattis បានបន្ទោសចិនរឿងសមុទ្រចិនខាងត្បូងដែលបានធ្វើឲ្យបាត់បង់ទំនុកចិត្តជាមួយនឹងប្រទេសនៅក្នុងតំបន់ ក៏ប៉ុន្តែ លោករដ្ឋមន្ត្រី បន្ថែមថា ចំណាត់ការយោធាអាមេរិកក្នុងទម្រង់ធំ មិនត្រូវស្ថិតនៅក្នុងការពិចារណារបស់លោកឡើយ។ លោក បានជំរុញឲ្យមានការទំនាក់ទំនងគ្នា។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិរូបនេះ ហាក់ដូចជាខុសគ្នាបន្តិចជាមួយនឹងការលើកឡើងរបស់អ្នកនាំពាក្យសេតវិមានកាលពីពេលថ្មីនេះ ពោលគឺ ការលើកឡើងរបស់អ្នកនាំពាក្យសេតវិមានលើបញ្ហាសមុទ្រចិនខាងត្បូង ហាក់ដូចជាតានតឹងជាងនេះបន្តិច។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី២៣ មករា អ្នកនាំពាក្យសេតវិមានអាមេរិក លោក Sean Spicer បានអះអាងថា បើសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង បំពាននៅក្នុងដែនសមុទ្រអន្តរជាតិនៃសមុទ្រជម្លោះនោះមែន អាមេរិក ប្តេជា្ញការពារជាដាច់ខាត។
លោក Sean Spicer បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖« វា គឺជាសំណួរមួយ ប្រសិន កោះទាំងនោះ (ប្រជុំកោះមួយចំនួនក្នុងសមុទ្រចិនខាងត្បូង) គឺជាផ្នែកមួយនៃដែនទឹកអន្តរជាតិ និងមិនមែនជាកម្មសិទ្ធិរបស់ចិនមែននោះ ... យើង(អាមេរិក) ធានាថា នឹងការពារអធិបតេយ្យអន្តរជាតិពីការគ្រប់គ្រងដោយប្រទេសណាមួយនោះ»។
កន្លងមក ក្នុងរដ្ឋបាលរបស់លោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា អាមេរិក បានមានគោលជំហររឹងទទឹងខ្លាំងជាមួយនឹងចិននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ អាមេរិក បានបញ្ជូននាវាចម្បាំង និងយន្តហោះស៊ើបការណ៍ទៅកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូងដើម្បីប្រឆាំងសកម្មភាពចិននៅក្នុងតំបន់ជម្លោះ ក្រោមហេតុផលការអនុវត្តច្បាប់អន្តរជាតិនៃសេរីការហោះហើរ និងធ្វើនាវាចរណ៍។
បើទោះបីជា ចិន ហាក់បានស្វាគមន៍ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មីលើសមុទ្រចិនខាងត្បូងហើយក៏ដោយចុះ ចិន ក៏ប្រតិកម្មខ្លាំងទៅនឹងជំហររដ្ឋមន្ត្រីការពារជាតិរូបនេះផងដែរ។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់កូរ៉េខាងត្បូង និងជប៉ុន កាលពីសបា្តហ៍មុន លោក James Mattis បានលើកឡើងពីការប្តេជា្ញចិត្តមិនប្រែប្រួលរបស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងកើត។
ក្នុងបរិបទឧបទ្វីបកូរ៉េ លោក Mattis បានអះអាងថា អាមេរិក នឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួនកូរ៉េខាងត្បូង ក៏ដូចជាកងទ័ពអាមេរិក ដែលឈរជើងនៅទីនោះ តាមរយៈការដំឡើងប្រព័ន្ធការពារមីស៊ីល THAAD ដែលចិន តែងតែប្រឆាំងដាច់ខាត ដ្បិត ចិន មើលឃើញថា ប្រព័ន្ធការពារនេះ ប៉ះពាល់ផលប្រយោជន៍សន្តិសុខចិន ពោលគឺប្រព័ន្ធការពារនោះ អាចនឹងក្លាយឧបករណ៍ស៊ើបការណ៍កិច្ចការចិន។
ហើយបញ្ហាដែលចិនបានប្រតិកម្មខ្លាំងនោះ គឺការបន្តទទួលស្គាល់តំបន់រដ្ឋបាលដែលគ្រប់គ្រងដោយជប៉ុន ដែលជាតំបន់ដែលចិន ទាមទារផងដែរនោះ។ នៅថ្ងៃទី០៤ កុម្ភៈកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានប្រកាសថា អាមេរិក បន្តទទួលស្គាល់បណ្តុំកោះដែលគ្រប់គ្រងដោយរដ្ឋបាលរបស់ជប៉ុន ក៏ដូចជាប្រការប្រាំនៃសន្ធិសញ្ញាសម្ព័ន្ធមិត្តអាមេរិក-ជប៉ុន»។ ប្រការប្រាំនៃសន្ធិសញ្ញាសម្ព័ន្ធមិត្តអាមេរិក-ជប៉ុន បានបញ្ញត្តិថា អាមេរិក នឹងការពារអធិបតេយ្យក្រោមរដ្ឋបាលរបស់ជប៉ុន ដែលរាប់បញ្ចូលទាំងបណ្តុំកោះ Senkaku ដែលចិន បានហៅថា Diaoyu និងទាមទារផងដែរនោះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិរូបនេះ បានធ្វើឲ្យចិនផ្ទុះកំហឹងខ្លាំង និងថែមទាំងព្រមានអាមេរិកឲ្យរៀបខ្លួន និងពាក្យសម្តីពេលនិយាយពីតំបន់វិវាទនោះផងដែរ។ « ប្រជុំកោះ Diaoyu និងតំបន់ក្បែរនោះ គឺជាផ្នែកមួយនៃអធិបតេយ្យចិនតាំងពីយូរយាណាស់់មកហើយ។ ហើយនេះ ក៏ជារឿងប្រវត្តិសាស្ត្រមួយដែលមិនមានការប្រែប្រួលផងដែរ។» នេះ គឺជាសេចក្តីថ្លែងការណ៍ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang ទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិកនៅចុងសប្តាហ៍មុន។
នាពេលនោះដែរ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថាយ៉ាងដូច្នេះថា៖« យើង ទទូចឲ្យភាគីអាមេរិកមានឥរិយាបថទទួលខុសត្រូវ បញ្ឈប់ការធ្វើអត្ថាធិប្បាយខុស និងចៀសឲ្យបានការធ្វើឲ្យបញ្ហាកាន់ស្មុគស្មាញ និងបង្កជាអស្ថិរភាពនៅក្នុងតំបន់»៕
Tag:
អាមេរិក
ចិន
ជប៉ុន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com