ជាតិ
លោក អំ សំអាត ចូល​បំភ្លឺ​នៅ​តុលាការ ក្នុងនាម​ជា​ជនសង្ស័យ នៅ​ម៉ោង​៣​រសៀល​នេះ
08, Feb 2017 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ច័ន្ទ ពុទ្ធ​ស័​ក្ត តំណាង​សហគមន៍​បឹងកក់ បាន​ដើរចូល​ក្នុង​តុលាការ​ហើយ នៅ​ម៉ោងជាង​២​រសៀល​នេះ ដើម្បី​បំភ្លឺ​ជុំវិញ​អំពើហិង្សា កាលពី​ឆ្នាំ​២០១៦​។ រ​ហូត​ដល់​ម៉ោង​៣​រសៀល លោក អំ សំអាត មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ ក៏​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ផងដែរ ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ខាងលើ​។​



​ខណៈពេល​នេះ លោក លោក ច័ន្ទ ពុទ្ធិ​ស័​ក្ដ តំណាង​សហគមន៍​បឹងកក់ កំពុង​បំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  ជុំវិញ​អំពើហិង្សា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។ ចំណែកឯ លោក សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ ដែល​រង​ការវាយដំ​ក្នុង​អំពើហិង្សា​នេះ ហើយ​ត្រូវបាន​ចាត់ទុកថា​ជា​ជនសង្ស័យ​ដែរនោះ កំពុងតែ​ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នកសារព័ត៌មាន នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មុននឹង​លោក ចូលទៅ​បំភ្លឺ នៅ​ម៉ោង​៣​រសៀល​។ 

​ដោយឡែក ប្រជាពលរដ្ឋ​មួយចំនួន កំពុងតែ​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ការគាំទ្រ និង​លើកទឹកចិត្ត ដល់​លោក អំ សំអាត និង​លោក ច័ន្ទ ពុទ្ធិ​ស័​ក្ត​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើ អង្គការ​លីកាដូ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អះអាងថា លោក អំ សំអាត រួមទាំង​លោក ច័​ន្ធ ពុទ្ធិ​ស័​ក្ត គឺជា​ជនរងគ្រោះ ដែល​រង​ការវាយដំ​ពី​សំណាក់​សមត្ថកិច្ច ដូច្នេះ​អ្នក​ទាំងពីរ មិនគួរណា​ត្រូវបាន​តុលាការ ចាត់ទុកថា​ជនសង្ស័យ​នោះទេ​។

​យ៉ាងណា លោក អំ សំអាត បាន​បញ្ជាក់ថា ការដែល​ព្រះរាជអាជ្ញា ចាត់ទុក​លោក ថា​ជា​ជនសង្ស័យ​បែបនេះ គឺ​យោងទៅតាម​របាយការណ៍​ដែល​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​។ លោក អំ សំអាត បាន​អះអាងថា មន្ត្រីប៉ូលិស បាន​បញ្ជូន​របាយការណ៍​ទៅ​ឲ្យ​ព្រះរាជអាជ្ញា ដោយ​ចោទ​លោក​ថា ជា​ជនសង្ស័យ ក្នុង​អំពើហិង្សា​នេះ​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ អំពើហិង្សា​មួយ​បានកើត​ឡើង ដោយ​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខណ្ឌដូនពេញ ក្នុង​ពិធី​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក​។ កាលនោះ លោក អំ សំអាត ធ្លាប់​និយាយថា លោក បាន​ចូលទៅ​ឃាត់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ កុំ​ឲ្យ​ប្រើ​អំពើហិង្សា​ដាក់គ្នា​។ ប៉ុន្តែ នៅពេល​លោក អំ សំអាត កំពុង​ចូល​ឃាត់ ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ប្រើ​កណ្ដាប់ដៃ​វាយ​លោក​តែម្ដង​៕
 

Tag:
 តុលាការ​
  ច័ន្ទ ពុទ្ធិ​ស័​ក្ត​
  អំ សំអាត
© រក្សាសិទ្ធិដោយ thmeythmey.com