កីឡាជាតិ
ជាតិ
បឹងកេត​អង្គរ​និង​ការពារជាតិ ប្រជែង​យកពាន Charity Cup មុន​បើក​រដូវ​កាល​ថ្មី​
09, Feb 2017 , 8:39 am        
រូបភាព
ដោយ:
​មុន​បើក​រដូវ​កាល​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ ម្ចាស់​ការពារ​តំណែង​ជើងឯក បឹងកេត​អង្គរ ត្រូវ​ប្រជែង​គ្នា​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​ដែលជា​ម្ចាស់​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្នុង​ពានរង្វាន់​សប្បុរសធម៌​ស៊ី​អិន​ស៊ី​ស៊ី​ឆ្នាំ​២០១៧(CNCC Charity Cup 2017) នា​ថ្ងៃទី​១២ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ក្រុម​បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ​មុន​បំពេញបេសកកម្ម​ក្នុង​ពានរង្វាន​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ (Cambodian League 2017)​។ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ខាងមុខនេះ ក្រុម​ទាំងពីរ​ត្រូវ​ជួប​ប្រកួត​គ្នា​ក្នុង​ពានរង្វាន់​សប្បុរសធម៌​ស៊ី​អិន​ស៊ី​ស៊ី​ឆ្នាំ​២០១៧(CNCC Charity Cup 2017) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ពានរង្វាន់​ដែល​រៀបចំ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC) នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ​ចូលរួម​ទស្សនា និង​ការឧបត្ថម្ភ​ផ្សេងៗ សម្រាប់​ជួយ​ដល់​អង្គការ​ស្ថាប័ន​នានា​ដែល​ធ្វើការ​បម្រើ​ឲ្យ​មនុស្សធម៌​។ សំបុត្រ​ចូលរួម​ទស្សនា​មាន​ពីរ​ប្រភេទ​ក្នុងនោះ​កន្លែង​មាន​ដំបូល​តម្លៃ​៥​ពាន​រៀល និង​កន្លែង​អត់​ដំបូល​តម្លៃ​៣​ពាន់​រៀល​។



​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​(CNCC) ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្កើត​ឡើង​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ប៉ុន្តែ​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧​។ ស្ថាប័ន​នេះ​បង្កើតឡើង ដើម្បី​ទទួលបន្ទុក​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​លី​ក​កំពូល​កម្ពុជា ឲ្យ​កាន់តែ​មានគុណ​ភាពល្អប្រសើ​រ​។​

​គួរ​បញ្ជាក់ថា ក្រុម​បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ថ្ងៃ​បើកឆាក​ពានរង្វាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា Cambodian League 2017 នា​ថ្ងៃទី​១៨ ខែកុម្ភៈ ខាងមុខ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រៅពីនេះ​ក៏មាន​ការប្រកួត​ពី​គូ​ទៀតផង​ដែរ ក្នុងនោះ​ក្រុម​អគ្គិសនី​កម្ពុជា​ជួប​ណាហ្គា​វើ​ល​នៅ​កីឡដ្ឋាន​ស្វាយរៀង ខណៈ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប ស៊ីម៉ាក់ នៅ​កីឡដ្ឋាន​សៀមរាប​។ សំបុត្រ​ចូលរួម​ទស្សនា​មានតម្លៃ​៣​ពាន់​រៀល និង​៥​ពាន់​រៀល​៕


Tag:
 បាល់ទាត់​
  CNCC
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com