កីឡាជាតិ
ត្បូងឃ្មុំ​ទទួលបាន​៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ​កណ្តាល ខណៈ​ជំនួប​បី​គូ​ទៀត​ស្មើគ្នា​
09, Feb 2017 , 12:07 pm        
រូបភាព
ក្រុម​កីឡា​ករ​បាល់ទាត់ខេត្តព្រះវិហារ។ រូបថត Preah Vihear City ft
ក្រុម​កីឡា​ករ​បាល់ទាត់ខេត្តព្រះវិហារ។ រូបថត Preah Vihear City ft
ដោយ:
 
​ក្រុមបាល់ទាត់​ត្បូងឃ្មុំ​ទទួលបាន​៣​ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កណ្តាល ៥-២ ចំណែក​ក្រុម​ព្រះវិហារ​, ឧ​ត្ត​រ​មានជ័យ​, កំពង់ធំ​, សៀមរាប​, កំពង់ឆ្នាំង និង​បាត់ដំបង​ទទួលបាន​១​ពិន្ទុ​រៀងៗ​ខ្លួន នា​ការប្រកួត​បញ្ចប់​ជើង​ទី​១​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ កាលពី​ម្សិលមិញ​។​

 
​ការប្រកួត​បញ្ចប់​ជើង​ទី​១​ដំណាក់កាល​ទី​១​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ក្រុម​ត្បូងឃ្មុំ​បាន​លត់​ក្រុម​កណ្តាល ៥-២ ដល់ផ្ទះ ដើម្បី​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ឈរ​លំដាប់​ទី​២​ក្នុង​ពូ​ល B ដោយមាន​៣​ពិន្ទុ ខណៈ​ព្រៃវែង​ឈរ​កំពូល​តារាង​ដោយមាន​៦​ពិន្ទុ និង​កណ្តាល​ឈរ​បាត​តារាង​មាន​០​ពិន្ទុ​។  
 
​រីឯ​ពូ​ល C ក្រុម​ម្ចាស់ផ្ទះ​ព្រះវិហារ ចែក​ពិន្ទុ​ជាមួយ ឧ​ត្ត​រ​មានជ័យ​ក្រោយ​រក្សា​លទ្ធផល​ស្មើ ០-០​។ ឧ​ត្ត​រ​មានជ័យ​ឈរ​កំពូល​តារាង​ដោយមាន​៧​ពិន្ទុ ខណៈ​ព្រះវិហារ​ឈរ​បាត​តារាង​ដោយមាន​១​ពិន្ទុ​។ ពូ​ល C ដដែល ក្រុម​កំពង់ធំ​ក៏​ចែក​ម្នាក់​១​ពិន្ទុ​ជាមួយ​សៀមរាប​ផងដែរ ក្រោយ​រក្សា​លទ្ធផល​ស្មើ ១-១ នៅលើ​កីឡដ្ឋាន​ខេត្តកំពង់ធំ​។ ក្រុម​សៀមរាប​ឈរ​លំដាប់​ទី​២​ដោយមាន​៤​ពិន្ទុ រីឯ​កំពង់ធំ​ឈរ​លំដាប់​ទី​២​ជាមួយ​៤​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​ក្រុម​សៀមរាប​។  
 
​ចំណែក​ពូ​ល D ក្រុម​កំពង់ឆ្នាំង និង​បាត់ដំបង​ទទួលបាន​ម្នាក់​១​ពិន្ទុ​នៅលើ​ទឹកដី​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ១-១​។ ក្នុង​ពូ​ល D ក្រុម​បាត់ដំបង​ឈរ​កំពូល​តារាង​ដោយមាន​៤​ពិន្ទុ រីឯ​កំពង់ឆ្នាំង​ឈរ​លំដាប់​ទី​២​ដោ​យាមា​ន​២​ពិន្ទុ និង​ប៉ៃលិន​ឈរ​បាត​តារាង​ដោយមាន​១​ពិន្ទុ​។​
 
​ជើង​ទី​២​ដំណាក់​ទី​១​នៃ​សន្សំ​ពិន្ទុ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ សប្តាហ៍​ក្រោយនេះ​។ ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​២​នេះ ដោយមាន​ការចូលរួម​បន្ថែម​ពី​ក្រុម​តាកែវ និង​កំពង់ស្ពឺ ក្រុម​ទាំងពីរ​ស្ថិតនៅក្នុង​ពូ​ល A៕   
 
​លទ្ធផល​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧
- ពូ​ល B៖ កណ្តាល ២-៥ ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ខេត្តកណ្តាល​
- ពូ​ល C៖ ព្រះវិហារ ០-០ ឧ​ត្ត​រ​មានជ័យ នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
- ពូ​ល C៖ កំពង់ធំ ១-១ សៀមរាប នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​
- ពូ​ល D៖ កំពង់ឆ្នាំង ១-១ បាត់ដំបង នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង​
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com