កីឡាជាតិ
ជាតិ
អ្នកលេង​គុន​ខ្មែរ​ចម្រុះ វី ស្រី​ខួច ប៉ះ​កីឡាការិនី Ann Osman នៅ​ម៉ាឡេស៊ី​ថ្ងៃនេះ​
10, Feb 2017 , 1:42 pm        
រូបភាព
ដោយ:
​កីឡាការិនី វី ស្រី​ខួច អ្នកលេង​ក្បាច់គុន​ចម្រុះ​របស់​កម្ពុជា ដែល​កំពុង​លេចធ្លោរ​នៅ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាការិនី Ann Osman អ្នកលេង​គុន​ចម្រុះ​ជើង​ខ្លាំង​របស់​ម៉ាឡេស៊ី​ក្នុង​ព្រឹត្តិការណ៍ One Championship 2017 នៅ​ប្រទេស​ម៉ាឡេស៊ី ថ្ងៃនេះ​។



​អ្នកលេង​គុន​ខ្មែរ​ចម្រុះ វី ស្រី​ខួច ដែលមាន​បទពិសោធន៍​តិចតួច​នៅលើ​សង្វៀន​ប្រកួត​ក្បាច់​ចម្រុះ​ក្នុង​ទ្រុង​(MMA) ត្រូវ​តទល់​ជាមួយ​អ្នកលេង​គុន​ចម្រុះ​ចាស់វស្សា​របស់​ម៉ាឡេស៊ី Ann Osman ដែលមាន​បទពិសោធន៍​ច្រើនជាង​ខ្លួន ក្នុង​ព្រឹត្តិការណ៍ One Championship 2017 នា​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ នេះ​។ ការប្រកួត​នេះ​ធ្វើឡើង​នៅក្នុង​ពហុ​កីឡដ្ឋាន NEGARA ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

​ទោះបី​កីឡាការិនី វី ស្រី​ខួច មានបទពិសោធន៍​តិចតួច​នៅលើ​សង្វៀន MMA ក៏ដោយ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ខ្លួន​ពី​ដង​របស់​នាង គឺ​ទទួលបាន​ជ័យជម្នះ​ទាំង​ពីរដង​។ ក្នុងនោះ​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ស្រី​ខួច បាន​យកឈ្នះ​កីឡាការិនី​រួម​ជាតិ អេ​ព្រី​យ៉ា​នុត អេ​ភូ​ថង ក្នុង​ព្រឹត្តិការណ៍ One Championship Kingdom of Khmer និង​បាន​យកឈ្នះ​កីឡាការិនី​ថៃ Khadja Aiyada Verpoest កាលពី​ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​។



​ងាក​មក​មើល Ann Osman ឯណេះ​វិញ នាង​ធ្លាប់​ឆ្លងកាត់​ការប្រកួត​រហូតដល់​៧​ដង ក្នុងនោះ​ឈ្នះ​៤​ដង និង​ចាញ់​៣​ដង​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ជ័យជម្នះ​៤​ដង គឺ Osman បាន​យកឈ្នះ​លើ​កីឡាការិនី​អេ​ហ្ស៊ី​ប​ចំនួន​៣​លើក និង​អាមេរិក​១​លើក​។​

​ជ័យជម្នះ​ទាំងនោះ​រួម​មាននៅ​ខែកក្កដា ឆ្នាំ​២០១៦ Osman បាន​យកឈ្នះ​កីឡាការិនី​អេ​ហ្ស៊ី​ប Haiat Farag Youssef, កីឡាការិនី​អេ​ហ្ស៊ី​ប Walaa Abbas Mohamed Kamaly នៅ​ខែមីនា ឆ្នាំ​២០១៥, កីឡាការិនី​អេ​ហ្ស៊ី​ប Aya Saber នៅ​ខែតុលា ឆ្នាំ​២០១៤ និ​ឈ្នះ​កីឡាការិនី​អាមេរិក Ana Julaton នៅ​ខែសីហា ឆ្នាំ​២០១៤​។

​ចំណែក​ការ​ចាញ់​៣​ដង​របស់ Osman រួមមាន​៖ ចាញ់​កីឡាការិនី​សិង្ហ​បុរី Sherilyn Lim នៅ​ខែតុលា ឆ្នាំ​២០១៣, កីឡាការិនី​រុស្ស៊ី Irina Mazepa នៅ​ខែតុលា ឆ្នាំ​២០១៥ និង​ចាញ់​កីឡាការិនី​ហ្វី​លី​ពិន April Osenio នៅ​ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ​៕  




Tag:
 ប្រដាល់ MMA
  វី ស្រី​ខួច
© រក្សាសិទ្ធិដោយ thmeythmey.com