កីឡាជាតិ
ជាតិ
អ្នក​ចុះឈ្មោះ​ចូលរួម​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ព្រះសីហនុ​មាន​ចំនួន​ជិត​២០០០​នាក់​ហើយ​
10, Feb 2017 , 4:28 pm        
រូបភាព
ដោយ:
​ចំនួន​អត្ត​ព​លិ​ក​ចូលរួម​រត់ប្រណាំង​អន្តរជាតិ​ម៉ារ៉ាតុន​លើក​ទី​៦​នៅ​ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ មាន​ជិត​២​ពាន់​នាក់ ក្នុងនោះ​អត្ត​ព​លិ​ក​បរទេស​មាន​ចំនួន​ប្រមាណ​ជាជាង​១០០​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ពោលគឺ​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំមុន​។​



​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បានកត់សម្គាល់​ឃើញថា ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន​លើក​ទី​៦​នៅ​ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ ហាក់ដូច​មាន​ទ្រឹង បើ​ប្រៀប​ទៅនឹង​ឆ្នាំមុន​។ ការអះអាង​បែបនេះ​ធ្វើឡើង​ក្នុង​សន្និទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ នៅ​ទី​ស្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ទ្រឹង​នៃ​ចំនួន​អ្នកចូលរួម​ទាំង​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​នេះ លោក​អគ្គលេខាធិការ NOCC រូបនេះ​បាន​បញ្ជាក់ថា អាច​បណ្តាលមកពី​កម្ពុជា​មិនទាន់មាន​ជើងហោះហើរ​ផ្ទា​ល់ពី​បរទេស​មកកាន់​ខេត្ត​ព្រះសីហនុ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​មកកាន់​តំបន់​ទេសចរណ៍​ឆ្នេរ​ខ្សាច់​នេះ​។ ម្យ៉ាងទៀត​ដោយសារ​ការផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​នៅ​មិនទាន់​ទូលំទូលាយ​។ 



​ទោះបីជា​យ៉ាងនេះ​ក្តី​ថ្នាក់ដឹកនាំ​កីឡា​រូបនេះ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ចូលរួម​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​កាន់តែច្រើន​កុះករ​។ លោក​បន្ថែមទៀតថា នឹង​ជួយ​ដឹកនាំ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ឲ្យ​មាន​ភាពល្បីល្បាញ​ដូច​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​ខេត្តសៀមរាប ដោយ​យ៉ាងហោច​ត្រូវ​ចំណាយពេល​១០​ឆ្នាំ​ទើប​ជោគជ័យ​។

​លោក រំពឹង​យ៉ាង​មុតមាំ​ថា ប្រសិនបើ​ជើងហោះហើរ​របស់​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ភាព​សកម្ម និង​មាន​ជើងហោះហើរ​ផ្ទាល់​ច្រើន​ពី​បរទេស ទៅ​ថ្ងៃ​អនាគត​ព្រឹត្តិការណ៍​នេះ​នឹង​ទទួលបាន​ការចូលរួម​ច្រើន​ពី​សំណាក់​អត្ត​ពិ​ក​ជាតិ និង​អន្តរជាតិ​។

​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​ធ្វើឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​។ ម្យ៉ាង​ដើម្បី​បំផុស និង​ផ្សព្វផ្សាយ​ពី​វិធាន​ការពារ​ឆ្នេរ​ដ៏​ស្រស់​នៅ​ខេត្ត​ព្រះសីហនុ​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា និង​ស្វែងរក​មូលនិធិ​បម្រើ​ឲ្យ​អំពើ​មនុស្សធម៌​។



​ប៉ុន្តែ​ត្រង់ចំណុច​នេះ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ការរៀបចំ​រយៈពេល​៥​ឆ្នាំ​កន្លង គឹ​មិនដែល​បាន​បរិច្ចាក​ថិ​វ​កា​សប្ប​រសធម៌​ដល់​អង្គការ ឬ​ស្ថាប័ន​មនុស្សធម៌​នោះទេ ព្រោះ​ការរៀបចំ​កន្លងមក​ថ​វិកា​ដែល​ប្រមូលបាន​ពី​ការចុះឈ្មោះ និង​ឧបត្ថម្ភ​មាន​ទំហំ​តូច​ជាង​ការចំណាយ​ផ្សេងៗ​។

​ជាមួយគ្នានេះ លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ជា​កត្តា​ទាក់ទាញ​អត្ត​ព​លិ​ក​អន្តរជាតិ ឲ្យ​មក​ចូលរួម និង​ទស្សនា​តំបន់​ទេសចរណ៍​ឆ្នេរ​ខ្សាច់​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ព្រះសីហនុ ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា និង​ជា​ខេត្ត​ដែលមាន​ឆ្នេរ​ខ្សាច់​ល្អ​ដាច់​គេ​នៅលើ​ពិភពលោក​។

​គិត​ត្រឹម​ថ្ងៃទី​១០ ខែកុម្ភៈ មាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​បាន​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ជា​ជិត​២​ពាន់​នាក់​ហើយ ក្នុងនោះ​អត្ត​ព​លិ​ក​បរទេស​មាន​ចំនួន​ជាង​១០០​នាក់ ប៉ុន្តែ​ចំនួន​អាច​នៅមាន​ការកើនឡើង ព្រោះ​ការចុះឈ្មោះ​ចូលរួម​នៅ​ទទួល​រហូតដល់​ចុងខែ​កុម្ភៈ​។ បើតាម​ការប៉ាន់ប្រមាណ​របស់​គណៈកម្មការ​រៀប​ចំ​អាច​ហក់​ឡើង​រហូត​ជាង​២​ពាន់​នាក់ ពោលគឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែលមាន​ជាង​២​ពាន់​នាក់​។



​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​៣​ប្រភេទ​វិញ្ញាសា​រួមមាន រត់ប្រណាំង​ចម្ងាយ​២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។ សម្រាប់​តម្លៃ​ចុះឈ្មោះ​ចូលរួម​ចម្ងាយ​២១​គីឡូម៉ែត្រ​បរទេស​៤៥​ដុ​លា្ល​រ កម្ពុជា​១៥​ដុល្លារ​, ចម្ងាយ​១០​គីឡូម៉ែត្រ​បរទេស​៣៥​ដុល្លារ កម្ពុជា​១០​ដុល្លារ និង​ចម្ងាយ​៣​គីឡូម៉ែត្រ​បរទេស​២០​ដុល្លារ កម្ពុជា​៥​ដុល្លារ​។ ព្រឹត្តិការណ៍​នេះ​រៀបចំ​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧ នៅលើ​ឆ្នេរ​អូ​ឈើទាល ទី​រួម​ខេត្ត​ព្រះសីហនុ​៕  


Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​ព្រះសីហនុ​
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com