កីឡាជាតិ
ជាតិ
វី ស្រី​ខួច ចាត់ទុក​ការ​ចាញ់ Osman ជា​មេរៀន​ដ៏​ល្អ​សម្រាប់​ដុសខាត់​សមត្ថភាព​ទៅ​ថ្ងៃ​អនាគត​
11, Feb 2017 , 2:51 pm        
រូបភាព
ដោយ:
​កីឡាការិនី វី ស្រី​ខួច អ្នកលេង​គុន​ចម្រុះ​របស់​កម្ពុជា​បាន​ចាញ់​កីឡាការិនី​ម៉ាឡេស៊ី Ann Osman ក្នុង​ទឹក​ទី​១​នា​ការប្រកួត​ក្បាច់​ចម្រុះ​ក្នុង​ទ្រុង​(MMA) ក្នុង​ព្រឹត្តិការណ៍ One Championship 2017 នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ម្សិលមិញ​។ តែ​យ៉ាងណា ស្រី​ខួច ចាត់ទុក​ការ​ចាញ់​នេះ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​កែប្រែ​ចំណុច​ខ្វះខាត​របស់​នាង​។



​អ្នកលេង​ខ្មែរ​ចម្រុះ វី ស្រី​ខួច បានចាត់ទុក​ការបរាជ័យ​ក្រោម​ថ្វីដៃ​របស់​កីឡាការិនី​ម៉ាឡេស៊ី Ann Osman ជាការ​ទទួល​មេរៀន​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ព្រោះ​ការបរាជ័យ​នេះ​បានធ្វើ​ឲ្យ​នាង​ដឹង​ពី​ចំណុច​ខ្វះខាត​ដែល​ត្រូវ​ពង្រឹង​បន្ថែម​។ កីឡាការិនី​រូបនេះ​រំពឹងថា នឹង​បាន​ត្រឡប់មក​ម្តងទៀត ជាមួយ​សមត្ថ​ភាពខ្លាំង​ជាង​មុន​។

​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ នេះ កីឡាការិនី វី ស្រី​ខួច បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​បរាជ័យ​កាលពី​ម្សិលមិញ ប៉ុន្តែ​ខ្ញុំ​យក​ការបរាជ័យ​នេះ​ជា​មេរៀន​សម្រាប់​ថ្ងៃ​អនាគត​។ ខ្ញុំ​ដឹង​ពី​ចំនុចខ្សោយ​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹងធ្វើ​ការកែប្រែ​ចំណុចខ្សោយ​ទាំងនោះ​ឲ្យ​ខ្លាំង​ជាង​មុន​»​។

​គួររំលឹកថា ការប្រកួត​ក្បាច់គុន​ចម្រុះ​(MMA)​នា​ព្រឹត្តិការណ៍ One Championship នៅលើ​សង្វៀន MMA ក្នុង​ពហុ​កីឡដ្ឋាន NEGARA នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃទី​១០ ខែកុម្ភៈ​។ កីឡាការិនី វី ស្រី​ខួច ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​ចាញ់​កីឡាការិនី Ann Osman ជា​ឯកច្ឆន្ទ​ក្នុង​ទឹក​ទី​១ ក្រោយ​អស់​លទ្ធភាព​តដៃ​។

​ការបរាជ័យ​របស់​អ្នកលេង​គុន​ខ្មែរ​ចម្រុះ វី ស្រី​ខួច បន្ទាប់ពី​នាង​ព្យាយាម​ប្រើ​ជើង​ទាត់​ទៅលើ​កីឡាការិនី​ម៉ាឡេស៊ី Osman តែ​ត្រូវ​កីឡាការិនី Osman ចាប់ជើង​បាន​រួច​រុញ​ឲ្យ​ដួល​ខ្ទប់​ទៅនឹង​សង្វៀន​។ បន្ទាប់មក Osman បាន​វាយ​ឡើង​ជិះ​ពីលើ នឹង​ប្រើ​កណ្តាប់ដៃ​វាយ​ទៅលើ​ផ្ទៃមុខ​ពេញៗ ចំណែក ស្រី​ខួច បាន​ព្យាយាម​បិទ និង​ប្រឹង​រើបម្រះ ប៉ុន្តែ​នៅតែ​មិនអាច​រើរួច​ពី​ការ​ជិះ​របស់ Osman រហូត​អាជ្ញាកណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១​នេះ​តែម្តង​៕


Tag:
 ប្រដាក់ MMA
  វី ស្រី​ខួច​
  Osman
© រក្សាសិទ្ធិដោយ thmeythmey.com