ជាតិ
ព័ត៍មានសុខភាព
CDC ប្រាប់​ឲ្យ​ពលរដ្ឋ​បង្ការ និង​ប្រុងប្រយ័ត្ន​ជំងឺ​ពងបែក​ដៃ ជើង និង​ក្នុង​មាត់​
11, Feb 2017 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួងសុខាភិបាល បានចេញ​សារ​ជា​សំណួរ ចម្លើយ ដែល​ទាក់ទង​នឹង ជំងឺ​ពងបែក​ដៃ ជើង និង​ក្នុង​មាត់​។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បញ្ជាក់ថា កន្លងមក​ថ្មី ជំងឺ​ពងបែក​នៅលើ​ដៃ ជើង និង​ក្នុង​មាត់ ហាក់​មានការ​កើនឡើង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​CDC​។​



​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង បញ្ជាក់ថា កន្លងមកនេះ CDC ទទួលបាន​របាយការណ៍​ពី​ការកើនឡើង​នៃ​ជំងឺ​ពងបែក​លើ​ដៃ ជើង និង​ក្នុង​មាត់​។​ ​ហេតុនេះ CDC ណែនាំ​ឲ្យ​អាណាព្យាបាល ឪពុកម្ដាយ និង​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុងការ​បង្ការ និង​ព្យាបាល​ជំងឺ​នេះ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ជំងឺ​ពងបែក​ដៃ ជើង និង​ក្នុង​មាត់ (HFMD) គឺជា​ជំងឺឆ្លង​មួយ​កើត​ឡើងជា​ញឹកញាប់​ចំពោះ​ទារក និង​កុមារ​។ ជំងឺ​នេះ មាន​រោគសញ្ញា គ្រុនក្ដៅ មាន​ដំបៅ​ឈឺ​ក្នុង​មាត់  និង​មា​នក​ន្តួ​ល​លើ​បាតដៃ បាត់​ជើង​។ ម្យ៉ាងទៀត ជំងឺ​នេះ កើតមាន​នៅក្នុង​ប្រទេស​ជាច្រើន​ពេញ​ទូទាំង​ពិភពលោក​។

​ជំងឺ​ពងបែក ដៃ ជើង និង​ក្នុង​មាត់ ភាគច្រើន​ជា​ជំងឺ​ស្រាល ហើយ​អ្នក​ដែល​កើត​ជំងឺ​នេះ ស្ទើរតែ​ទាំងអស់​ជាសះស្បើយ​ក្នុង​រយៈពេល​ពី​៧ ទៅ​១០ ថ្ងៃ​។ ជា​កម្រ​ជំងឺ​នេះ អាច​បង្ករ​ឲ្យ​មាន​ផល​លំបាក​ធ្ងន់ធ្ងរ​មួយចំនួន រួមមាន រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ និង​រោគសញ្ញា​ផ្លូវដង្ហើម​។ ជំងឺ​នេះ កើតឡើង​ចំពោះ​កុមារ​អាយុ​ក្រោម ១០​ឆ្នាំ ហើយ​កុមារ​តូចៗ​ងាយ​នឹងមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។

​ជាមួយគ្នានេះ ឪពុកម្ដាយ ឬ​អាណាព្យាបាល​ត្រូវ​នាំ​កុមារ​ទៅ​មន្ទីរពេទ្យ បើ​កុមារ​ទាំងនោះ មាន​អាកា​រៈ​ដូចជា ក្អូ​ត ពិបាក​ដកដង្ហើម ប្រកាច់ ឬ​ទន់ដៃទន់ជើង​ជាដើម​។ ដោយឡែក ជំងឺ​នេះ អាច​ការពារ​បាន ដោយ​ការអនុវត្តន៍​អនាម័យ​ល្អ និង​បញ្ជូន​កូន​ទៅ​ពេទ្យ​ទាន់ពេលវេលា ប្រសិនបើ​ធ្ងន់ធ្ងរ​។ ជាពិសេស ដើម្បី​ការពារ​ជំងឺ​នេះ ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​មុនពេល​ទទួលទាន​អាហារ សម្រាប់​កុមារ​ក្រោយ​ប្ដូរ​ទ្រនាប់​ខោ ត្រូវ​សម្អាត និង​ជូត​ឲ្យ​បាន​ស្អាត​។ ដើម្បី​ជៀសវាង​ការប៉ះពាល់​ស្និត​ស្នាល ជាមួយ​កុមារ​ដែលមាន​ជំងឺ​នេះ ដើម្បី​កាត់បន្ថយ​ការឆ្លង​ផងដែរ​។​

​គួរ​បញ្ជាក់ថា ជំងឺ​ពងបែក ដៃជើង និង​ក្នុង​មាត់ បណ្ដាលមកពី មេរោគ​វីរុស​ដែល​ស្ថិតនៅក្នុង​ក្រុម Enterovirus ជា​អ្នកបង្ក ជំងឺ​ពងបែក ដៃជើង និង​ក្នង​មាត់​ភាគច្រើន​បង្កឡើង​ដោយ coxsackievirus  តែ​ក៏​អាច​បង្ករ​ដោយ​មេរោគ enterovirus 71 (EV71)​ផងដែរ​។ ជំងឺ​នេះ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដោយ​ការប៉ះពាល់​ផ្ទាល់​ជាមួយ នឹង​វត្ថុ​រាវ នៃ​ផ្លូវដង្ហើម និង​ទឹករងៃ​ដែល​ចេញពី​ពងបែក​។ ជំងឺ​នេះ អាច​ចម្លង​ខ្លាំង​បំផុត​ក្នុង​សប្ដាហ៍​ទី​១​។ សម្រាប់​ព័ត៌មាន​បន្ថែម អាចទាក់ទង​តាម​លេខ​ទូរ​សព្ទ ១១៥៕


Tag:
 CDC
  ពងបែក​ដៃ ជើង និង​ក្នុង​មាត់
© រក្សាសិទ្ធិដោយ thmeythmey.com