កីឡាជាតិ
ជាតិ
បឹងកេត​ប្រជែង​ដណ្តើមពាន​រង្វាន់ CNCC Charity Cup ជាមួយ​ទ័ព​នៅ​ល្ងាច​នេះ​
12, Feb 2017 , 8:44 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​បឹងកេត​អង្គរ​ជួប​ប្រកួត​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ដើម្បី​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ស៊ី​អិន​ស៊ី​ស៊ី​ឆ្នាំ​២០១៧(CNCC Charity Cup 2017) នា​ល្ងាន​ថ្ងៃទី​១២ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ពានរង្វាន់​នេះ​ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC)​បង្កើតឡើង ដើម្បី​រួមចំណែក​ជួយ​ដល់​អំពើ​មនុស្សធម៌​នៅ​កម្ពុជា​។



​ក្រុម​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​បឹងកេត​អង្គរ តទល់​ជាមួយ​ក្រុម​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ក្រសួងការពារជាតិ ក្នុង​ពានរង្វាន់​ដែល​បង្កើតឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC) ដែលមាន​ឈ្មោះថា CNCC Charity Cup ប្រចាំឆ្នាំ​២០១៧​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១២ ខែកុម្ភៈ នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ពានរង្វាន់ CNCC Charity Cup នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​បម្រើ​ក្នុង​សកម្មភាព​មនុស្សធម៌ ពោលគឺ​ថវិកា​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ​ចូលរួម​ទស្សនា និង​ការឧបត្ថម្ភ​ផ្សេងៗ នឹង​បរិច្ចាក​ជូន​ដល់​អង្គការ​ស្ថាប័ន​នានា​នៅ​កម្ពុជា​ដែល​ធ្វើការ​ទាក់ទង​នឹង​អំពើ​សប្បុរសធម៌​។  

​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​(CNCC) ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្កើត​ឡើង​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ប៉ុន្តែ​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧​។ ស្ថាប័ន​នេះ​បង្កើតឡើង ដើម្បី​ទទួលបន្ទុក​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​លី​ក​កំពូល​កម្ពុជា ឲ្យ​កាន់តែ​មានគុណ​ភាពល្អប្រសើ​រ​។​

​ដូច្នេះ​ពានរង្វាន់​ដែល​បង្កើត​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​នេះ ក៏​ដើម្បី​អបអរ​មុន​ថ្ងៃ​បើក​រដូវ​ថ្មី​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ Cambodian League 2017 ផងដែរ​។ ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ នឹង​ចាប់ផ្តើម​នា​ថ្ងៃទី​១៨ ខែកុម្ភៈ ខាងមុខ ដោយ​ក្នុង​ថ្ងៃនោះ​បឹងកេត​អង្គរ ត្រូវ​តទល់​ជាមួយ​ក្រសួងការពារជាតិ​ក្នុង​ថ្ងៃ​បើកឆាក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕  


Tag:
 បឹងកេត​អង្គរ​
  ក្រសួងការពារជាតិ​
  CNCC Charity Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com