កីឡាជាតិ
ជាតិ
គ្រូបង្វឹក​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​រំពឹង​ខ្ពស់​លើក​ពាន​លី​កនៅ​ឆ្នាំនេះ​
13, Feb 2017 , 9:19 pm        
រូបភាព
លោក ស៊ិនស៊ីណារ៉ា គ្រូបង្វឹកក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ
លោក ស៊ិនស៊ីណារ៉ា គ្រូបង្វឹកក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ
ដោយ:
​ក្រោយ​យកឈ្នះ​៦​ប្រកួត​ជាប់​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ បានធ្វើ​ឲ្យ​គ្រូបង្វឹក​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ លោក សេត ស៊ិន​ស៊ីណា​រ៉ា មាន​ក្តី​រំពឹង​ខ្ពស់​ក្នុង​ការលើក​ពាន​ក្របខណ្ឌ​ខេ​ម​បូ​ឌា​បៀ​រលីក​ប្រចាំឆ្នាំ​២០១៧(The 1st Cambodia Beer Volleyball League 2017)​។ ក្រុម​នេះ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​បាល់ទះ​វិសាខា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។



​គ្រូបង្វឹក​ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ លោក សេត ស៊ិន​ស៊ីណា​រ៉ា បានដាក់​ក្តី​រំពឹង​ខ្ពស់​រហូតដល់​៧០​ភាគរយ​សម្រាប់​ការ​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​បៀ​រលីក​ប្រចាំឆ្នាំ​២០១៧​។ ការរំពឹង​នេះ​បន្ទាប់ពី​ក្រុម​របស់លោក មិនដែល​ស្គាល់​បរាជ័យ​សម្រាប់​៦​ប្រកួត​ទាំង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នាពេល​កន្លងមក​។ ម្យ៉ាងទៀត ក្រុម​ដែល​ត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក៏​ធ្លាប់​រង​បរាជ័យ ៣-០ ក្រោម​ថ្វីដៃ​របស់​ក្រុម​លោក​ផងដែរ​។

​លោក សេត ស៊ិន​ស៊ីណា​រ៉ា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​តាំងពី​ចាប់ផ្តើម​ប្រកួត​រហូតមក​ដល់ពេលនេះ​ក្រុម​របស់ខ្ញុំ​ប្រកួត​មិនដែល​ចាញ់ គឺ​ឈ្នះ​រហូត​ក្នុង​៦​ប្រកួត​។ ជ័យជម្នះ​របស់​ក្រុម​កងពលធំ​លេខ​៣​នេះ​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាករ ក្រោម​ការឧបត្ថម្ភ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ឯកឧត្តម ស្រី ឌឹ​ប និង​មេបញ្ជាការរង​គ្រប់​ជាន់ថ្នាក់​។ ដូច្នេះ​ខ្ញុំ​រំពឹង​៧០​ភាគរយ​ក្នុង​ការលើក​ពាន​លី​កនៅ​ឆ្នាំនេះ​»​។



​គ្រូបង្វឹក​រូបនេះ​បាន​បន្តទៀតថា សម្រាប់​ជំនួប​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នាពេលខាងមុខ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ត្រៀម​ប្រកួត​យកជ័យ​ជម្នះ​ក្នុងជំនួប​មួយ​នេះ​។ យ៉ាងណាក៏ដោយ លោក បាន​បញ្ជាក់ថា ក្រុម​លោក​មិនមាន​គ្រូបង្វឹក​​​បរទេស​នោះទេ ពោលគឺ​ប្រើសុទ្ធសឹងជា​គ្រូបង្វឹក​កម្ពុជា ដែលមាន​លោក សេត ស៊ិន​ស៊ីណា​រ៉ា ជា​គ្រូ​បង្គោល និង​លោក ជុំ រដ្ឋា ជា​គ្រូ​ជំនួយ​។  

​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​វិសាខា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​លី​ក​ខេ​ម​បូ​ឌា​បៀ​រលីក​ប្រចាំឆ្នាំ​២០១៧ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃទី​១៨ ខែកុម្ភៈ ខាងមុខនេះ​។ ចំណែក​ក្រុម​ខេត្តកំពង់ចាម ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ក្រសួងមហាផ្ទៃ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​។

​ការឡើង​មកជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​យកឈ្នះ​គូប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រៀងៗ​ខ្លួន​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​។ ក្នុងនោះ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​បាន​លត់​ក្រុម​ខេត្តកំពង់ចាម ៣-០ (២៥-២១, ២៥-១៨, ២៥-២១) ខណៈ​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃ ៣-២ (១៩-២៥, ២៥-២៣, ២៧-២៩, ២៥-២១, ១៥-១២)​។



​យ៉ាងណាមិញ ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លងទៅ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​លត់​ក្រុម​វិសាខា​ក្នុង​លទ្ធផល ៣-០ ក្នុងនោះ​សិត​ទី​១​បញ្ចប់​ត្រឹម​លទ្ធផល ២៥-២២ រីឯ​សិត​ទី​ពីរ ២៥-១២ និង​សិត​ទី​ពី​បញ្ចប់​ត្រឹម ២៦-២៤​។ គួររំលឹកថា ក្រុម​ទាំងពីរ​ធ្លាប់បាន​ជួបគ្នា​ម្តង​រួចមកហើយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៦ ដោយ​ពេលនោះ​ក្រុម​វិសាខា​ជា​ម្ចាស់​ជ័យលាភី​៕ 


Tag:
 បាល់ទះ​
  សេត ស៊ិន​ស៊ីណា​រ៉ា​
  កងពលធំ​អន្តរាគមន៍​លេខ​៣
© រក្សាសិទ្ធិដោយ thmeythmey.com