អន្តរជាតិ
អាស៊ាន​-​ចិន​ផ្តោត​ខ្លាំង​ជាង​មុន​លើ​ការតាក់តែង​ក្រម​ប្រតិបត្តិ COC ឆ្នាំនេះ​
18, Feb 2017 , 12:59 pm        
រូបភាព
ដោយ:
 វ៉ាស៊ីនតោន​៖ ប្រទេស​ហ្វីលីពីន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំនេះ ដែល​គេ​មើលឃើញថា បញ្ហា​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង និង​ការធ្វើ​សេចក្តីព្រាង​គម្រោង ក្រម​ប្រតិបត្តិ​ស៊ីអូ​ស៊ី (COC) គឺជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ​។ មានការ​ពិភាក្សា​ជាច្រើន​កើតឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ការតាក់តែង​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូ​ស៊ី មុនពេល​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស​។​



​សេចក្តីព្រាង​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូ​ស៊ី ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវគេ​គិតថា នឹង​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ក្នុងប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំនេះ ទោះជា​វិវាទ​នេះ​បាន​ថមថយ​ទៅវិញ បន្ទាប់ពី​មាន​កំណើន​នៃ​ភាព​តានតឹង​ក្តី​។​

​លោក​ឈាង វណ្ណា​រិ​ទ្ធិ នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​បាន​ថ្លែងថា​ប្រទេស​ហ្វីលីពីន​នឹងមិន​បោះបង់ចោល​ទេ ព្រោះ​វា​ជា​ផលប្រយោជន៍​ហ្វីលីពីន​ផង និង​ផលប្រយោជន៍​រួម​របស់​អាស៊ាន​ផង​។​

«​អាចមាន​លទ្ធភាព​ចេញរួច​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ជា​គម្រោង Framework Agreement លើ​បញ្ហា ស៊ីអូ​ស៊ី នៅ​តំបន់​យើង​នេះ​។ យើង​នៅចាំ​មើល​លទ្ធផល​នៃ​កិច្ច​ពិ​ភា​ក្ស‍ា​»​។​

​លោក​បាន​អះអាងថា ស៊ីអូ​ស៊ី​ក៏​ជួយ​ដល់​ហ្វីលីពីន ចង​ប្រទេស​ដែលមាន​ទំនាស់​កុំ​ឲ្យ​ប្រើ​កម្លាំងប្រដាប់អាវុធ ឬ​យន្តការ​ហិង្សា​ណាមួយ​ក្នុង​តំបន់​។ លោក​គិតថា ហ្វីលីពីន​នៅតែ​ជំរុញ​ស៊ីអូ​ស៊ី​។​

​លោក អា​ឆ្មាដ រី​ហ្ស៊ែ​ល ព័​ណា​ម៉ា (Achmad Rizal Purnama) លេខា​ទូត​ទី​១ នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែងប្រាប់​វី​អូ​អេ​ថា គោលបំណង​នៃ​ការបង្កើត​ក្រម​ប្រ​ត្តិ​ប​ត្តិ​ស៊ីអូ​ស៊ី គឺ​ដើម្បី​បញ្ជៀ​ស​ជម្លោះ និង​បន្ថយ​ភាព​តានតឹង​។​

«​ការបញ្ចប់​ក្រម​ប្រតិបត្តិ​គឺជា​វិធី​តែមួយគត់​ដែល​អាស៊ាន និង​ចិន​អាច​ធ្វើការ​ជាមួយគ្នា​បាន ដើម្បី​ធានា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ​ក្នុង​តំប​ន‍់​»​។​

​លោក​បាន​ថ្លែង​បន្ថែមថា សមាជិក​អាស៊ាន​កំពុង​រង់ចាំ​ការសម្រេច​របស់​ប្រធាន​ឬ ម្ចាស់ផ្ទះ​ថា តើ​ចង់ឃើញ​ការវិវត្តន៍​របស់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​ពិភាក្សា​យ៉ាងណា​។ តែ​លោ​កថា​ជាធម្មតា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែងតែ​ស្ថិតក្នុង​កម្មវិធី​នៃ​កិច្ចពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​។​

«​តែ​ការរក​ដំណោះស្រាយ​អំពី​ដែន​អធិបតេយ្យ​ដែលមាន​ជម្លោះ​គឺ​អាស្រ័យទៅលើ​ភាគី​ពាក់ព័ន្ធ ជាការ​ពិត​គឺជា​បញ្ហា​ទ្វេភាគី វា​មិនមែនជា​បញ្ហា​ពហុភាគី ឬ​ជា​បញ្ហា​តំបន់​នោះ​ទ‍េ​»​។​

​ប្រទេស​ចិន​ដូចជា​អាស៊ាន​ដែរ បាន​ប្តេជ្ញា​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ឆ្នាំទៅ​ក្នុងប្រទេស​ឡាវ​ថា នឹង​បង្កើត​សេចក្តីព្រាង​គម្រោង​ក្រម​ប្រ​ត្តិ​ប​ត្តិ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ ដើម្បី​ឈានទៅ​តាក់តែង​ក្រម​ប្រ​ត្តិ​ប​ត្តិ​ស៊ីអូ​ស៊ី និង​បញ្ចប់​ជម្លោះ ទោះជា​ការអះអាង​របស់​ចិន​នោះ​មិនមាន​គេ​ជឿថា ចិន​នឹង​គោរព​តាម ដូច​ចិន​មិន​គោរព​តាម​សេចក្តីថ្លែងការណ៍​ស្តីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DOC) យ៉ាងណាក៏ដោយ​។​

​កម្ពុជា​ដែលជា​សមាជិក​អាស៊ាន​មួយ​ត្រូវគេ​រាយការណ៍​មក​ថា អាច​នឹង​រៀបចំ​កិច្ចប្រជុំ​អំពី​ការតាក់តែង​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូ​ស៊ី នៅក្នុងពេល​ឆាប់ៗ​ផងដែរ នៅពេល​ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹងចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅក្នុង​ប្រទេស​ហ្វីលីពីន​នៅ​សប្តាហ៍​ខាងមុខ​។ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ធ្វើឡើង មុន​ពេលដែល​កិច្ចប្រជុំ​កំពូល​ថ្នាក់​ប្រមុខរដ្ឋ និង​មេដឹកនាំ​ប្រទេស​ជួបប្រជុំគ្នា​នៅ​ចុងឆ្នាំ ដើម្បី​ពិភាក្សា​បញ្ហា​តំបន់​និង​បញ្ហា​សាកល​ជាដើម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អាស៊ាន​បូក និង​កិច្ចប្រជុំ​កំពូល​អាស៊ី បូព៌ា​ជាដើម​នោះ​។​

​រូបភាព​ពីលើ​អាកាស​បង្ហាញ​កប៉ាល់​បូម​ខ្សាច់​របស់​ចិន​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Mischief Reef នៅ​តំបន់​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​រូបភាព​ពីលើ​អាកាស​បង្ហាញ​កប៉ាល់​បូម​ខ្សាច់​របស់​ចិន​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Mischief Reef នៅ​តំបន់​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​បើតាម​ការអះអាង​រប​ស់លោក​ស្រី ស៊ី​ហូ​កុ ហ្គោ​តុ (Shihoko Goto) អ្នកស្រាវជ្រាវ​នៃ អង្គការ​តាក់តែង​គោលនយោបាយ ឬ​មជ្ឈមណ្ឌល Woodrow Wilson Center​ក្នុង​រដ្ឋ ធានី​វ៉ាស៊ីនតោន បានដាក់​សំណួរ​ចំពោះ​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​ហ្វីលីពីន​របស់​អាស៊ាន ហើយ​សង្ស័យ​អំពី​តួនាទី​ចិន​ក្នុង​តំបន់​។​

«​ដូច្នេះ​នៅពេល​ដែលមាន​កិច្ចប្រជុំ​កំពូល​មួយទៀត​ដែល​រំពឹងថា តើ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​កិច្ចប្រជុំ ឬមួយ​វា​នាំទៅដល់​លទ្ធផល​ជាក់ស្តែង​? អ្វី​ទៅជា​លទ្ធផល​ជាក់ស្តែង​ទាំងនោះ​? លទ្ធផល​ជាក់ស្តែង គឺថា​ចិន​ត្រូវ​បញ្ឈប់​ការកសាង​សំណង់ ហើយ​ជាការ​ពិត​តម្រូវ​ឲ្យ​ទទួលស្គាល់​ការ​កាត់សេចក្តី​របស់​តុលាការ​អន្តរ​ជា​ត‍ិ​»​។​

​លោកស្រី​បាន​បន្ថែម​អំពី​ក្តី​រំពឹងទុក​ដែល​កើតចេញពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថា​៖

«​ប្រសិនបើ​កិច្ចប្រជុំ​កំពូល​ខាងមុខ​នឹង​ពិភាក្សា​អំពី​ការដាក់កំហិត ឬ​ព្យាយាម​ធ្វើ​ឲ្យ​ការសម្រេច​របស់​តុលាការអន្តរជាតិ​ចូល​ជា​ធរមាន នោះ​គឺជា​ក្តី​រំពឹង​ដ៏​ធំធេង​ចំពោះ​រឿងនេះ​។ តែ​ខ្ញុំ​មិន​គិតថា កិច្ចប្រជុំ​កំពូល​នោះ​នឹងត្រូវ​និយាយ​អំពី​រឿងនេះ​ជាសំខាន់​ទ‍េ​»​។​

​តុលាការអន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ហៅថា The Permanent Court of Arbitration បាន​កាត់សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​កន្លងទៅ តែ​ចិន​មិនបាន​ទទួលយក​សាលដីកា​នោះទេ​ដោយ​ចាត់ទុកថា ដែន​អធិបតេយ្យ​របស់ខ្លួន​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ជាង​២​ពាន់​ឆ្នាំ​ហើយ​។​

​បើតាម​អ្នកការទូត​អាស៊ាន​ម្នាក់​វិញ​បាន​អះអាងថា ប្រទេស​ហ្វីលីពីន​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំនេះ​ទំនងជា​នឹងដាក់​ឲ្យ​ជជែក​អំពី​រឿង​សមុទ្រ​ចិន​ខាងត្បូង​ខ្លះ​ដែរ ហើយ​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ផង តែ​ក៏​មិន​រំពឹងថា នឹងធ្វើ​ឲ្យ​មានការ​រង្គោះរង្គើរ​ដល់​ទំនាក់ទំនង​ថ្មី​របស់​ហ្វីលីពីន​និង​ចិន ដែល​បានធ្វើ​ឲ្យ​ស្ថានការណ៍​ធូរស្រាល​ក្នុង​តំបន់​អាស៊ាន​នោះដែរ​។​

​ប្រទេស​អាស៊ាន​ទាំង​១០ កំពុង​អនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DOC) ដែលមាន​ស្រាប់ ទោះជា​ភាគី​ចិន​មិនបាន​គោរព​តាម​ជា​អចិន្ត្រៃយ៍​ក្តី​។ ប្រទេស​ដែលមាន​ការទាមទារ​ក​ម្ម​សិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង​ដែនដី​តៃវ៉ាន់​។​

​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ដែល​រង​សម្ពាធ​ពី​អន្តរជាតិ ជាពិសេស​មហាអំណាច​ពិភពលោក​នោះ គឺជា​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​ទី​៥ ក្នុង​ពិភពលោក ដែលមាន​ផលិតផល​សរុប​រួមគ្នា​រហូតដល់​ទៅជិត​២​លាន​លាន​កន្លះ​ដុល្លារ​។ ប្រទេស​ទាំង​១០​នេះ​រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ថៃ ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី ព្រុយ​ណេ និង​វៀតណាម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com