កីឡាជាតិ
ជាតិ
កម្ពុជា​គ្រោង​បញ្ជូន​កីឡា​ជាង​២០​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​
22, Feb 2017 , 2:18 pm        
រូបភាព
លោក ញ៉ាន សុខវិសាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ជាតំណាងកម្ពុជាចូលរួមកិច្ចប្រជុំនាយបេសកកម្មព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ
លោក ញ៉ាន សុខវិសាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ជាតំណាងកម្ពុជាចូលរួមកិច្ចប្រជុំនាយបេសកកម្មព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ
ដោយ:
​កម្ពុជា​គ្រោង​បញ្ជូន​កីឡា​ជាង​២០​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នា​ខែសីហា​ខាងមុខនេះ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​មិនទាន់បាន​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​ប្រភេទ​កីឡា​ទាំងនោះ​នៅឡើយ​ទេ ខណៈ​ប្រភេទ​កីឡា​ដែល​ធ្លាប់​ដណ្តើមបាន​មេដាយ​នៅតែ​ជា​ប្រភេទ​កីឡា​ក្តី​រំពឹង​ដដែល​។ ការប្រកួត​នេះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​បានកំណត់​ដាក់​៣៨​ប្រភេទ​កីឡា​ចូលរួម ដោយមាន​វិញ្ញាសា​សរុប​ចំនួន​៤០៥​វិញ្ញាសា​។



​នាយ​បេសកកម្ម​កម្ពុជា​លោក ញ៉ា​ន សុខ​វិសាល បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​គ្រោង​បញ្ជូន​កីឡា​ជាង​២០​ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា​។ ប៉ុន្តែ​លោក​បញ្ជាក់ថា នេះ​គ្រាន់តែ​ជា​តួលេខ មិនមែនជា​ឈ្មោះ​ប្រភេទ​កីឡា​ជាក់ស្តែង​នោះទេ ខណៈ​តួលេខ និង​ឈ្មោះ​ជាក់ស្តែង​រង់ចាំ​កិច្ចប្រជុំ​នៅ​ខែមីនា​ខាងមុខនេះ​។ 

«​ជា​បណ្តោះអាសន្ន​កម្ពុជា​យើង​បាន​បញ្ជូន​តួលេខ​ជាង​២០​ប្រភេទ​កីឡា តែ​វា​មិនមែនជា​ឈ្មោះ​កីឡា​នោះទេ វា​គ្រាន់តែ​ជា​តួលេខ​។ ហើយ​ចំនួន​ពិតប្រាកដ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នឹង​ជួបប្រជុំ​សម្រេច​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ខែមីនា ខាងមុខនេះ​»​។ នេះ​ជាស​ម្តី​របស់លោក ញ៉ា​ន សុខ​វិសាល​។



​យ៉ាងណាក៏ដោយ កម្ពុជា​នៅតែ​បានចាត់ទុក​ប្រភេទ​កីឡា​ដែល​ធ្លាប់​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិ​កាណ៍​ស៊ី​ហ្គេម​នាពេល​កន្លងមក ដូចជា​ប៉េតង់​, តេ​ក្វាន់​ដូ​, សី​ប៉ា​ក់តា​ក្រ​ជាដើម ជា​ប្រភេទ​កីឡា​សក្តា​នុ​ពេល ខណៈ​ប្រដាល់​ទោះបី​មិន​ធ្លាប់​ដណ្តើមបាន​មេដាយ​ក៏​ក្លាយជា​ក្តី​រំពឹង​របស់​កម្ពុជា​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ​កីឡា​សក្តានុពល​មួយចំនួន​របស់​កម្ពុជា​ដូចជា​ចំបាប់ ល្បុក្កតោ និង​វ៉ូ​វី​ណា​ម​មិនមាន​វត្តមាន​ក្នុង​ស៊ី​ហ្គេម​នេះឡើយ​។ 

​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ NOCC លោក ញ៉ា​ន សុខ​វិសាល កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ជា​តំណាង​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​នាយ​បេសកកម្ម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ជាមួយ​តំណាង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​តំ​នប់​អាស៊ាន​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​ទៅលើ​ទម្រង់​បែបបទ និង​លក្ខខណ្ឌ​មួយចំនួន​ក្នុងការ​ចូលរួម​ព្រឹ​ត្ត​ការណ៍​នេះ​។  លើសពីនេះ​លោក​បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​ស្នាក់នៅ​របស់​កីឡាករ និង​ដើរ​មើល​ទីតាំង​នៃ​ទីលាន​ប្រកួត​ទៀតផង​។​

​គួរ​បញ្ជាកថា ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នេះ​មាន​១១​ប្រទេស​ចូលរួម មាន​៣៨​ប្រភេទ​កីឡា និង​៤០៥​ប្រភេទ​វិញ្ញាសា​។ ព្រឹត្តិការណ៍​នេះ​នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែសីហា និង​បិទ​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧៕ 


Tag:
 Sea Games 2017
  ញ៉ា​ន សុខ​វិសាល​
  ស៊ី​ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com