អន្តរជាតិ
ឡាវ​ព្យាយាម​បន្ធូរ​ការព្រួយបារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ថ្មី​របស់ខ្លួន​
23, Feb 2017 , 7:39 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសឡាវ លោក Sommad Pholsena (កណ្តាល)ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកាថ្នាក់តំបន់រយៈពេលពីរថ្ងៃ ២២-២៣ខែកុម្ភៈ ស្តីពីទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង (Pak Beng) (ស៊ុន ណារិន/VOA)
រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសឡាវ លោក Sommad Pholsena (កណ្តាល)ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកាថ្នាក់តំបន់រយៈពេលពីរថ្ងៃ ២២-២៣ខែកុម្ភៈ ស្តីពីទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង (Pak Beng) (ស៊ុន ណារិន/VOA)
ដោយ: VOA
​ហ្លួងព្រះបាង ៖ មន្ត្រីជាន់ខ្ពស់​និង​មន្ត្រី​ជំនាញ​របស់​ប្រទេស​ឡាវ បាន​អះអាងថា​គម្រោង​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​ថ្មី​មួយទៀត​របស់ខ្លួន​គឺ​ទំនប់ ប៉ាក់ បេង (Pak Beng) មិនមាន​ផលប៉ះពាល់​ធំដុំ​ដល់​ប្រទេសជិតខាង​នោះ ទេ ដោយ​ពួកគេ​លើកឡើងថា​ទំនប់​វា​រី​អគ្គិសនី​នេះ នឹង​ធ្វើឡើង​ដូចនឹង​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​(Xayaburi)​ដែរ​។​



​ការលើកឡើង​នេះ ធ្វើឡើង​នៅក្នុង​វេទិកា​ពិភាក្សា​ថ្នាក់​តំបន់​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២-២៣ កុម្ភៈ នៅក្នុង​ទីក្រុង​ហ្លួងព្រះបាង (Luang Prabang) ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​លើ​ការស្នើ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ថ្មី​នេះ​។​

​វេទិកា​ដែល​នឹង​បើក​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ពី​ក្តីបារម្ភ​របស់​ពួកគេ​លើ​ទំនប់​វា​រី​អគ្គិសនី ប៉ាក់ បេង នេះ ត្រូវបាន រៀបចំឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ​(MCR) ហើយ​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ទន្លេមេគង្គ សង្គម​ស៊ីវិល និង​អ្នកជំនាញ​មួយចំនួន​។​

​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​របស់​ប្រទេស​ឡាវ លោក Sommad Pholsena បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​ដំណើរការ​នៃ​ការស្ថាបនា​ទំនប់ ប៉ាក់ បេង​នេះ ធ្វើឡើង​ដូចគ្នា​នឹង​ទំនប់​សា​យ៉ា​ប៊ូ​រី ដែល​លោក​ថា​មាន​ស្តង់ដារ​មួយ​អាច​ទទួលយកបាន​។​

​លោក​បន្ថែមថា រដ្ឋាភិបាល​ប្រទេស​ឡាវ បាន​សហការ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​អនុវត្ត​ទៅតាម​ជំហាន​ដំបូង​នៃ​ការស្នើ​ស្ថាបនា​ទំនប់​នេះ​។​

​លោក​មានប្រសាសន៍ថា​៖ «​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ប្រជាជន​ឡាវ ថៃ វៀតណាម និង​កម្ពុជា​។ វា​ជា​កាតព្វកិច្ច​របស់​រដ្ឋា​ភិ​បាល​ឡាវ ជាពិសេស​ក្រសួង​(​ធនធានធម្មជាតិ​និង​បរិស្ថាន​)​ផ្ដល់​សារៈសំខាន់​ចំពោះ​(​ការបារម្ភ​)​របស់​ពួកគេ​»​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​ក៏​ដូច​អ្នក​ទាំងអស់គ្នា​ដែរ​។ ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ធនធានធម្មជាតិ​និង​បរិស្ថាន​។ ខ្ញុំ​ចង់​បន្សល់ទុក​បរិស្ថាន​ល្អ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​យើង​»​។​

​រដ្ឋមន្ត្រី​ឡាវ​រូបនេះ​បាន​ថ្លែងថា លោក​សង្ឃឹមថា នឹងមាន​ការពិភាក្សា​ប្រកបដោយ​ការគោរព​គ្នា​និង​ការរិះគន់​ដោយ​ស្ថាបនា​។​

​លោក​មានប្រសាសន៍ថា​៖ «​វា​ពិបាក​ក្នុងការ​យល់ព្រម​គ្នា​ទាំងស្រុង​ទៅលើ​បញ្ហា​ទាំងអស់ ប៉ុន្តែ​យើង​អាច​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ធានាថា​ការព្រួយបារម្ភ​និង​ការស្នើសុំ​សំខាន់ៗ ត្រូវបាន​កត់ត្រា​និង​ពិចារណា​…»​។​

​ទំនប់​វា​រី​អគ្គិសនី ប៉ាក់ បេង ដែល​ផ្ដល់​ថាមពល​ក្នុង​បរិមាណ ៩១២ មេ​ហ្គា​វ៉ា​ត់ និង មានតម្លៃ​ប្រមាណ ២៣៧២ លាន​ដុល្លារ​អាមេរិក ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៥៤០ គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​~​ឡាវ​។ បើ​យោងទៅតាម​ការស្នើ គម្រោង​ស្ថាបនា​ទំនប់​នេះ ដែល​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៤​។​

​លោក ដាវ​ង់ ផន​កែវ (Daovong Phonekeo) លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ មានប្រសាសន៍ថា ទំនប់​នេះ​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​ទំនប់​សា​យ៉ា​ប៊ូ​រី ដូច្នេះ លោក​ថា ទំនប់​នេះ​មិន​បង្ក​ការប៉ះពាល់​ធំដុំ​លើ​ប្រទេស​នៅ​ផ្នែក​ខាងក្រោម​ទន្លេ​នោះទេ​។​

​លោក​មានប្រសាសន៍ថា​៖ «​ប៉ាក់ បេង នៅ​ពីលើ​ទំនប់​សា​យ៉ា​ប៊ូ​រី​។ យើង​នឹង​ធ្វើតាម​ស្តង់ដារ​ដូចគ្នា ហើយ​ការបំពេញ​តម្រូវ​ការដូ​ច​គ្នា​។ ដូច្នេះ ខ្ញុំ​ជឿថា​នេះ​មិនសូវមាន​ផលប៉ះពាល់​ទេ​សម្រាប់ ប៉ាក់ បេង​»​។​

​លោក​បន្តថា​ប្រទេស​ឡាវ ក៏​ពិចារណា​ទៅលើ​ការផលិត​អគ្គិសនី តាមរយៈ​ពន្លឺព្រះអាទិត្យ​និង​ខ្យល់ ប្រសិន​ការចំណាយ​ទៅលើ​ការផលិត​ទាំងនេះ ទាប​ជាង​ការចំណាយ​ទៅលើ​ទំនប់​វា​រី​អគ្គិសនី​។​

​នៅពេល​សួរថា​តើ​ឡាវ​នឹងធ្វើ​ទំនប់​វា​រី​អគ្គិសនី​ផ្សេងទៀត​ដែរឬទេ លោក ដាវ​ង់ ផន​កែវ បាន​បញ្ជាក់ថា​៖ «​បាទ បាទ ពិតជា​ធ្វើ​ត​ទៀត​។ វា​អាស្រ័យទៅលើ​ផលប្រយោជន៍​និង​ការចំណាយ​ទៅលើ​គម្រោង​។ ប្រសិនបើ​គម្រោង​វា​មានតម្លៃ​សម្រាប់​សេដ្ឋកិច្ច និង​មិន​ប៉ះពាល់​បរិស្ថាន ហេតុ​អីយើ​ង​មិន​អភិវឌ្ឍ​។ នេះ​ជាគោលការណ៍​ងាយៗ​»​។​

​ទំនប់​ពីរ​ផ្សេងទៀត​របស់​ឡាវ​គឺ​ទំនប់​សា​យ៉ា​ប៊ូ​រី និង​ទំនប់​ដន​សា​ហុង កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស និង​បានក្លាយ​ជាការ​ព្រួយបារម្ភ​របស់​អ្នកការពារ​បរិស្ថាន និង​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​និង​សហគមន៍​អន្តរជាតិ​។​

​ប្រសិនបើ​មានការ​សាងសង់​មែន ទំនប់​វា​រី​អគ្គិសនី ប៉ាក់ បេង នេះ នឹង​ក្លាយជា​ទំនប់​ទី​បី​ក្នុងចំណោម​គម្រោង​សាងសង់​ទំនប់​ចំនួន​១១​របស់​ឡាវ​នៅលើ​តួ​មេ​នៃ​ទន្លេមេគង្គ​។​

​មុន​វេទិកា​ថ្នាក់​តំបន់​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រានចោល​សំណើ​របស់​ប្រទេស​ឡាវ​ដើម្បី​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី ប៉ាក់ បេង នេះ​។ ពួកគេ​លើកឡើងថា​ទំនប់​នេះ នឹង​ប៉ះពាល់​លំហូរ​ទឹក​និង​ធនធាន​ជលផល​នៅ​កម្ពុជា​។​

​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) លោក តឹក វណ្ណា​រ៉ា ធ្លាប់បាន​លើកឡើងថា​ផលប៉ះពាល់​នៃ​ទំនប់​ពីរ​របស់​ឡាវ មិនទាន់មាន​ការសិក្សា​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ ប្រទេស​ឡាវ​ស្នើការ​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​មួយ​ផ្សេងទៀត​។​

​លោក តែ ណា​វុ​ធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ ដែល​បាន​ចូលរួម​វេទិកា​នៅ​ទីក្រុង​ហ្លួងព្រះបាង បាន​ថ្លែងប្រាប់ VOA​ថា​ក្រុម​ជំនាញ​កម្ពុជា នឹង​វាយតម្លៃ​ឯកសារ រហូតដល់​ខែឧសភា ឆ្នាំ​២០១៧ តាម​ការជូនដំណឹងរ​បស់​ប្រទេស​ឡាវ​ដែលមាន​រយៈពេល​៦​ខែ​។​

​លោក​បន្តថា​នៅក្នុង​ខែមីនា កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ជាតិ​និង​កិច្ចប្រជុំ​ថ្នាក់​តំបន់​ជា​បន្តបន្ទាប់​។​

​លោក​មានប្រសាសន៍ថា​៖

«​វា​ប៉ះពាល់​ប៉ះ​អី យើង​ត្រូវការ​ពេលវេលា​ពិនិត្យ​ឯកសារ​សិន ព្រោះ​វា​សុទ្ធតែ​ទិដ្ឋភាព​បច្ចេកទេស ដែល​នឹង​គាំទ្រ​ដល់​ការសម្រេចចិត្ត ការបញ្ចេញ​យោបល់​អី​មួយ​ត្រឹមត្រូវ នៅ​ពីរ​បី​ខែក្រោយ​»​។​

​ទោះជា​យ៉ាងណា លោក​លើកឡើងថា ទំនប់​នេះ​ស្ថិតនៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ហើយ​លោក​ថា កម្ពុជា​នឹងមិន​រង​ផលប៉ះពាល់​ធំដុំ​នោះទេ​។​

​លោក​មានប្រសាសន៍ថា​៖ «​ដោយសារ​វា​នៅ​ឆ្ងាយ​១៥៤០​គីឡូម៉ែត្រ ខ្ញុំ​គិតថា​បើ​ប៉ះពាល់​តិចតួច​តែ​ប៉ុណ្ណឹង​។ ប៉ុន្តែ​យើង​ត្រូវតែ​បារម្ភ​ទាំងអស់គ្នា យើង​ត្រូវ​សិក្សា​ឯកសារ ហើយ​ត្រូវការ​មតិ​សង្គម​ស៊ីវិល​ចូលរួម ក្រសួង​ជំនាញ​ចូលរួម​»​។​

​កាលពី​ខែមករា អង្គការ​ទន្លេ​អន្តរជាតិ​(International Rivers )​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​បង្ហាញ​ពី​ការបារម្ភ​អំពី​ការប៉ះពាល់​ដែល​នឹង​បង្កឡើង​ដោយ​ទំនប់​វា​រី​អគ្គិសនី​អគ្គិសនី ប៉ាក់ បេង​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖

«​ទំនប់​វា​រី​អគ្គិសនី ប៉ាក់ បេង នឹងមាន​ផលប៉ះពាល់​ច្រើន​ទៅលើ​សហគមន៍​ក្រៅ​តំបន់​ក្នុងប្រទេស​ថៃ​និង​ពេញ​តំបន់​ទន្លេមេគង្គ រួម​នឹង​ការប៉ះពាល់​នៃ​គម្រោង​វា​រី​អគ្គិសនី​ដែលមាន​ស្រាប់​»​។​

​បើ​យោងតាម​អង្គការ​អន្តរជាតិ​មួយ​នេះ មនុស្ស​ប្រមាណ ៦៧០០​នាក់ នឹងត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយសារ​ការសាងសង់​ទំនប់​ទាំងនេះ​។​

​លោកស្រី Nuanlaor Wongpinnitwarodom នាយក​ការិយាល័យ​គ្រប់គ្រង​ទន្លេមេគង្គ​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​របស់​ប្រទេស​ថៃ​មានប្រសាសន៍ថា រដ្ឋាភិបាល​ថៃ​នឹងធ្វើ​ការសិក្សា​បន្ថែមទៀត​លើ​ផលប៉ះពាល់ ដោយសារតែ​ប្រជាជន​ក្នុងភូមិ​ចំនួន​ពីរ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​របស់​ថៃ បានបង្ហាញ​ការបារម្ភ​លើ​ការស្នើសុំ​ធ្វើ​ទំនប់ ប៉ាក់ បេង​នេះ​។​

​លោកស្រី​មានប្រសាសន៍ថា​៖ «​ពី​ភាគី​ថៃ ប្រជាជន​ព្រួយបារម្ភ​(​អំពី​ទំនប់​នេះ​)​។ យើង​នឹងធ្វើ​ការសិក្សា​លក្ខណៈ​វិទ្យាសាស្ត្រ​។ យើង​មិនទាន់​ដឹង​ពី​ផលប៉ះពាល់​នៅឡើយ​ទេ​»​។​

​មន្ត្រី​ឡាវ លើកឡើងថា​ប្រទេស​ឡាវ​ត្រូវការ​ថាមពល​អគ្គិសនី​ដើម្បី​លើកតម្កើង​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ទៅដល់​៧,៥​ភាគរយ​នៅត្រឹម​ឆ្នាំ​២០២០​និង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។​

​បើតាម​មន្ត្រី​ឡាវ រដ្ឋាភិបាល​ឡាវ​បាន​ព្រមព្រៀង​ជាមួយ​ប្រទេសជិតខាង​ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុងនោះ​មាន​លក់​ថាមពល​ទៅ​ឲ្យ​ប្រទេស​ថៃ​ចំនួន​៩០០០ មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ​២០២៥​ប្រទេស​កម្ពុជា​ចំនួន​១៥០០​មេ​ហ្គា​វ៉ា​ត់​ក្នុង​ឆ្នាំ​២០២៥ និង​ប្រទេស​វៀតណាម​ចំនួន​៥០០០​មេ​ហ្គា​វ៉ា​ត់​ក្នុង​ឆ្នាំ​២០៣០​។​

​ក្រោយពី​ទទួលបាន​មតិយោបល់​និង​ការព្រួយបារម្ភ​ពី​ភាគី​ពាក់ព័ន្ធ គណៈកម្មការ​ទន្លេមេគង្គ​នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ម្ដងទៀត​នៅក្នុង​ខែឧសភា​ខាងមុខ ដើម្បី​ពិភាក្សា​ពី​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​នេះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com