ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចូល​សាច់សត្វ​ពី​ក្រៅប្រទេស​តម្លៃ​ប្រមាណ ១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​
23, Feb 2017 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំ ចូល​សាច់សត្វ​ពី​បរទេស​តម្លៃ​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក លើ​វិស័យ​ទេសចរណ៍​។​



​លោក វេ​ង សាខុន នៅតែ​ខ្វល់ខ្វាយ​ពី​បញ្ហា​ការ​នាំចូល​កសិផល និង​សាច់​ពី​បរទេស ពិសេស​គឺ​ការ​នាំចូល​សាច់​ពី​ប្រទេសជិតខាង​កម្ពុជា គឺ​ប្រទេស​វៀតណាម និង​ថៃ ដែល​វា​ធ្វើ​ប៉ះពាល់​ដល់​អាជីវកម្ម និង​ការ​ចិញ្ចឹមសត្វ​តាម​គ្រួសារ​ក្នុងស្រុក​។ ថ្លែង​ក្នុង​វេទិកា​ស្តីពី កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៣​កុម្ភៈ​នេះ នា​សណ្ឋាគារ​សុខា​ភ្នំពេញ លោក​បាន​លើកឡើងថា ការ​នាំចូល​សាច់សត្វ​ពី​បរទេស​មក​កម្ពុ​ជាមាន​កំណើន​ជា​មធ្យម ២ ភាគរយ​ជា​រៀងរាល់ឆ្នាំ​។​

​លោក​បាន​បន្ត​បង្ហើប​ថា ការនាំ​ចូល​សាច់​ពី​បរទេស​នៅតែ​អាច​ប្រកួតប្រជែង​ឈ្នះ​នៅ​ផ្សារ​ក្នុងស្រុក ដដែល បើទោះបីជា​រដ្ឋ​បាន​អន្តរាគមន៍​ដោយ​ដំឡើងថ្លៃ​ពន្ធ​សាច់​នាំចូល​រហូតដល់​ចំនួន ១​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម​ក្តី​។ រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​សង្កេតឃើញ​បញ្ហា​ចម្បង​មួយ​ដែល​នាំ​ឲ្យ​ទីផ្សារ​សាច់​ពី​បរទេស អាច​ប្រកួត​ឈ្នះ​ទីផ្សារ​ក្នុងស្រុក​នោះ​គឺ​ការ​ចិញ្ចឹមសត្វ​យក​សាច់​របស់​បរទេស​មាន​លក្ខណៈ​ជា​អាជីវកម្ម​ដែល​បច្ចេកទេស​ខ្ពស់ជាង​ខ្មែរ​ដែល​ចិញ្ចឹមសត្វ​តាម​យថាផល​នៅឡើយ​។

​លោក​បានបញ្ជាក់​ទៅកាន់​មន្ត្រី អ្នកជំនាញ និង​ភាគី​ពាក់ព័ន្ធ​ជាង ៥០០​នាក់​ដែលមាន​វត្តមាន​ក្នុង​វេទិកា​ពិភាក្សា​ដូច្នេះ​ថា​៖«​គេ​មាន​គ្នា​ម្នាក់ ឬ​ពីរ គឺ​គេ​អាច​ចិញ្ចឹម​ជ្រូក​បាន​ចំនួន​ជាង ៥០០​ក្បាល ក្នុង​មួយ​កសិដ្ឋាន​តែ​កសិករ​ខ្មែរ​ចិញ្ចឹម​បានតែ ២ ទៅ​៥​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ​។ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវតែ​គិតគូរ​ដោះស្រាយ​ពេលនេះ​ថា តើ​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចិញ្ចឹម​បាន​ដូច​គេ​ដែរ​? កុំ​ឲ្យ​កសិករ​យើង បាក់​ទឹកចិត្ត​»​។​

​ក្រៅពី​ការនាំ​ចូល​សាច់​ពីរ​បរទេស​លោក​បង្ហើប​បន្ថែម​លើសពីនេះ​ទៀតថា កម្ពុជា​បាន​ចូល​ចំណី​សត្វ​ពី​បរទេស​តម្លៃ​ប្រមាណ ១៣៥​លាន​ដុល្លារ​អាមេរិក សារធាតុ​ផ្សំ​សម្រាប់​ផលិត​ចំណី​សត្វ​តម្លៃ ១១៣​លាន​ដុល្លារ​អាមេរិក និង​ថ្នាំ​គីមីកសិកម្ម​តម្លៃ ១៥​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

​ទន្ទឹមគ្នានេះ​លោក​បាន​ជំរុញ​មន្ត្រី​ជំនាញ និង​ភាគី​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​រួម ដើម្បី​ជំរុញ​កំណើន​កសិផល និង​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង សម្រាប់​នាំចេញ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ ២០១៤ ដល់​២០១៨ និង ផែនការ​ការអភិវឌ្ឍ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ឆ្នាំ ២០១៦ ដល់​២០១៥ ជាដើម​៕


Tag:
 វេ​ង សាខុន​
  កសិកម្ម​
  សាច់​
© រក្សាសិទ្ធិដោយ thmeythmey.com