អន្តរជាតិ
រជ្ជទាយាទ​ជប៉ុន ណា​រ៉ូ​ហ៊ី​តុ ត្រៀមខ្លួន​រួចរាល់​ដើម្បី​ស្នងរាជ្យ​បន្ត​បិតា អាគី​ហ៊ី​តុ​
23, Feb 2017 , 9:19 pm        
រូបភាព
​រជ្ជទាយាទ​ជប៉ុន ណា​រ៉ូ​ហ៊ី​តុ បង្ហាញ​ជំហរ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ស្នងរាជ្យ​សម្បត្តិ​បន្ត​ពី​អធិរាជ អាគី​ហ៊ី​តុ ជា​បិតា​។ អធិរាជ អាគី​ហ៊ី​តុ ដែលមាន​ព្រះ​សុខភាព​ចុះខ្សោយ​ខ្លាំង ទំនងជា​ដាក់រាជ្យ​នៅ​ដើមឆ្នាំ​២០១៩ ខណៈដែល​រដ្ឋាភិបាល​ជ​ប៉ុន កំពុងដំណើរការ​ពិភាក្សា​បង្កើត​ច្បាប់​ដើម្បី​បើកផ្លូវ​ឲ្យ​ព្រះអង្គ​ដាក់រាជ្យ​បាន​។ បើ​ដំណើរការ​ទៅមុខ​ដោយ​រលូន អធិរាជ អាគី​ហ៊ី​តុ នឹង​ក្លាយជា​អធិរាជ​ជប៉ុន​ដំបូង​គេ​ដែល​ប្រកាស​ដាក់រាជ្យ​ក្នុងពេល​ជាង​២០០​ឆ្នាំ​មកនេះ​។​



​ឆ្លៀត​ក្នុង​ពិធី​គម្រប់​ព្រះជន្ម​៥៧ វស្សា រជ្ជទាយាទ ណា​រ៉ូ​ហ៊ី​តុ មានបន្ទូល​ជា​លើក​ទី​១ ជុំវិញ​លទ្ធភាព​នៃ​ការដាក់រាជ្យ​របស់​អធិរាជ អាគី​ហ៊ី​តុ ដែលមាន​ព្រះជន្ម​ច្រើន​ទៅហើយ​។ រជ្ជទាយាទ​អង្គ​នេះ ក៏បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ស្នង​តំណែង​ប្រមុខរដ្ឋ​បន្ត​ពី​បិតា ដែល​អាច​ប្រកាស​ផ្ទេរ​រាជ្យសម្បត្តិ​នៅ​ខែមករា ឆ្នាំ​២០១៩ ខាងមុខ​។ ដោយសារ​រដ្ឋធម្មនុញ្ញ​ហាម​អធិរាជ​ដាក់រាជ្យ រដ្ឋាភិបាល​ជប៉ុន​កំពុង​ញាប់ដៃ​ក្នុងការ​បង្កើត​ច្បាប់​ពិសេស​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ផ្ទេរ​រាជ្យ​បាន​។​

សូមស្តាប់សំឡេង៖




​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ រជ្ជទាយាទ​អង្គ​នេះ មានបន្ទូលថា ព្រះអង្គ​នឹង​បំពេញ​រាជកិច្ច​ដូចដែល​បិតា​អាគី​ហ៊ី​តុ ធ្លាប់ធ្វើ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ធ្វើជា​តំណាង​ឲ្យ​ប្រទេស និង​ការរួបរួម​របស់​ប្រជាជន​។ រជ្ជទាយាទ​ព្រះជន្ម​៥៧​វស្សា ក៏បាន​សន្យា​រំលែក​ទុក្ខសោក និង​ក្ដី​រីករាយ​របស់​ប្រជាជន​ជប៉ុន​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Japan Times ។​

​ព្រះអង្គម្ចាស់ ណា​រ៉ូ​ហ៊ី​តុ ឈរ​នៅ​លេខ​រៀង​ទី​១ សម្រាប់​ការ​ស្នង​តំណែង​បន្ត​ពី​អធិរាជ អាគី​ហ៊ី​តុ ដែល​សោយរាជ្យ​ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក​នោះ​។ សម្រាប់​រាជានិយម​ជប៉ុន ការផ្ទេរ​រាជ្យ​ធ្វើ​បានតែ​សម្រាប់​បុត្រា​ប៉ុណ្ណោះ ខណៈដែល​សមាជិក​រាជ​វង្ស​ជា​ស្ត្រី គ្មាន​សិទ្ធិ​ស្នងរាជ្យ​បន្ត​ឡើយ​។ អនុជ​របស់​រជ្ជទាយាទ គឺ​ព្រះអង្គម្ចាស់ អាគី​ស៊ី​ណូ ស្ថិតនៅ​លំដាប់​ទី​២ នៃ​ការ​ស្នងរាជ្យ​សម្បត្តិ​នេះ ហើយ​បុត្រា​ព្រះអង្គ ព្រះជន្ម​១០​វស្សា​នៅ​លំដាប់​ទី​៣​។​

​បើតាម​សារព័ត៌មាន The Japan Times រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ មាន​គម្រោង​បញ្ជូន​ច្បាប់​ពិសេស​មួយ​ទៅកាន់​ស្ថាប័ន​នីតិបញ្ញត្តិ ដែល​បើកផ្លូវ​ឲ្យ​អធិរាជ អាគី​ហ៊ី​តុ ដាក់រាជ្យ​បាន ប៉ុន្តែ​ច្បាប់​ពិសេស​នេះ នឹង​អនុវត្ត​សម្រាប់តែ​ករណី​អធិរាជ អាគី​ហ៊ី​តុ ប៉ុណ្ណោះ​។ សេចក្ដីព្រាងច្បាប់​ពិសេស​នេះ កំពុង​ពិនិត្យ​ដោយ​គណៈកម្មាធិការ​មួយ​តែងតាំង​ដោយ​រដ្ឋាភិបាល មុននឹង​បញ្ជូន​ទៅកាន់​សភា​ទាំងពីរ​។ សភា​ទាំងពីរ​របស់​ជប៉ុន ក៏​នឹង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​នេះ​ទៀត​ដែរ​។​

​គម្រោង​ច្បាប់​ពិសេស​ថ្មី​នេះ លេច​ជា​រូបរាង បន្ទាប់ពី​អធិរាជ អាគី​ហ៊ី​តុ បង្ហាញ​ព្រះទ័យ​ដាក់រាជ្យ​កាលពី​ខែសីហា ឆ្នាំមុន​។ នៅពេលនោះ អធិរាជ អាគី​ហ៊ី​តុ មិនមាន​បំណង​បន្ត​ជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទៀត​ទេ ខណៈដែល​ព្រះអង្គ មាន​ព្រះជន្ម​កាន់តែច្រើន និង​បាន​កាត់បន្ថយ​ព្រះរាជកិច្ច​ជាច្រើន ក៏ដូចជា​ផ្ទេរ​រាជកិច្ច​របស់​ទ្រង់​ឲ្យ​រជ្ជទាយាទ​ផងដែរ​។ ដោយសារ​រឿងនេះ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ទំនងជា​ចង់​ឲ្យ​ព្រះអង្គម្ចាស់ ណា​រ៉ូ​ហ៊ី​តុ ឡើង​គ្រងរាជ្យ​ឲ្យ​បាន​ឆាប់​នោះ​៕


Tag:
 ជប៉ុន​
  Naruhito
  Akihito
© រក្សាសិទ្ធិដោយ thmeythmey.com