អន្តរជាតិ
ប្រមុខ​ការទូត​ហ្វីលីពីន​៖ ចិន សន្យា​ជាមួយ​ហ្វីលីពីន​ថា មិន​សាងសង់​សំណង់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ឡើយ​
23, Feb 2017 , 9:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទសហ្វីលីពីន ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលបំពេញទស្សនកិច្ចនៅកម្ពុជា (រូបភាពដោយ៖ រំដួល ចិត្រា)
រដ្ឋមន្ត្រីការបរទសហ្វីលីពីន ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលបំពេញទស្សនកិច្ចនៅកម្ពុជា (រូបភាពដោយ៖ រំដួល ចិត្រា)
ដោយ: ថ្មីៗ
​ប្រមុខ​ការទូត​ហ្វីលីពីន លោក Perfecto Yasay បាន​អះអាងថា លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​សន្យា​ជាមួយនឹង​ប្រធានាធិបតី​ហ្វីលីពីន ថា ក្រុង​ប៉េកាំង នឹងមិន​សាងសង់​សំណង់​ផ្សេងៗ​នៅលើ​តំបន់​វិវាទ​ត្រួតស៊ីគ្នា​នៃ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ លោក ថ្លែង​បែបនេះ ស្រប​ជាមួយនឹង​ការលេចឡើង​ពី​ព័ត៌មាន​ដែលថា ចិន គ្រោង​ដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។



«​ប្រធានាធិបតី Xi បាន​សន្យា​ជាមួយនឹង​ប្រធានាធិបតី Duterte ថា ចិន នឹងមិន​ទាមទារ និង​សាងសង់​សំណង់​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough នៃ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Perfecto Yasay ទៅកាន់​សារព័ត៌មាន នៅ​ថ្ងៃទី​២៣ កុម្ភៈ ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Reuters​។
​ប្រមុខ​ការទូត​ហ្វីលីពីន​រូបនេះ ក៏បាន​ឲ្យ​ដឹង​ដែលថា ការសន្យា​រវាង​ប្រមុខរដ្ឋ​ចិន និង​ប្រមុខរដ្ឋ​ហ្វីលីពីន​បែបនេះ ក្នុងអំឡុង​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​នៅ​ខែតុលា​ឆ្នាំមុន​។

​សូម​រម្លឹក​បន្តិច​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​បំពេញ​ទស្សនកិច្ច​បួន​ថ្ងៃ​ទៅកាន់​ចិន​នៅ​ខែតុលា​ឆ្នាំមុន​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​ចិន​ពេលនោះ គឺជា​ការបញ្ជាក់​មួយ​ថា ហ្វីលីពីន មាន​គោលនយោបាយ​ការបរទេស​ឯករាជ្យ សំដៅ​ហ្វីលីពីន មិន​ស្ថិតក្រោម​អំណាច​របស់​អា​មេ​រិ​ក​ឡើយ​។ ហើយ ចិន ក៏បាន​ពេញ​ជាមួយនឹង​ជំហរ​ហ្វីលីពីន​មួយ​នេះ​ផងដែរ​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ ហ្វីលីពីន ក៏​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ច្រើន​ផងដែរ ដោយ​ចិន បានផ្តល់​កម្ចី​អភិវឌ្ឍ​ជាច្រើន​ដល់​ហ្វីលីពីន​។ ជាពិសេស​នោះ ចិន បានអនុញ្ញាត​ដល់​អ្នក​នេសាទ​ហ្វីលីពីន​អាច​នេសាទ​បែប​ប្រពៃណី​នៅក្នុង​តំបន់​វិវាទ Scarborough ដែលជា​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​រវាង​ចិន និង​ហ្វីលីពីន ហើយ​ត្រូវបាន​ចិន​គ្រប់គ្រង​ដោយ​ផ្តាច់​មុខក្រោយ​ប្រទេស​ទាំងពីរ​មាន​វិវាទ​ការទូត​ខ្លាំង​នៅ​ឆ្នាំ​២០១២​នោះ​។

​នៅ​ថ្ងៃទី​២២ កុម្ភៈ ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ពីរ​នាក់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ សំណង់​របស់​ក្រុង​ប៉េកាំង​នៅលើ​កោះ​សិប្បនិម្មិត​នា​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទំនងជា​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ដំឡើង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។ មន្ត្រី​ទាំងនេះ​បន្តថា គម្រោង​សាងសង់​សំណង់​បម្រើ​ប្រយោជន៍​យោធា​នោះ​នឹង​ជួយ​ពង្រីក​សមត្ថភាព​ការពារ​ដែនអាកាស​រប​ស់​ចិន​លើ​ដែន​កោះ​ជម្លោះ ប៉ុន្តែ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​នេះ​មិនបាន​បញ្ជាក់​ច្បាស់​ថា ចិន​អាច​នឹង​នឹង​ពង្រាយ​មី​ស៊ី​ល​ទៅលើ​កោះ​នេះ​នៅពេលណា​ឡើយ​៕

Tag:
 ចិន​
  ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com