អន្តរជាតិ
តុលាការ​ហ្វីលីពីន​ចេញ​ដីកា​ចាប់​សមាជិក​ព្រឹទ្ធសភា​ដែល​រិះគន់ Duterte ញាត់​គុក​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​
23, Feb 2017 , 10:59 pm        
រូបភាព
​តុលាការ​ហ្វីលីពីន បានចេញ​ដីកាចាប់ខ្លួន​លោកស្រី Leila de Lima សមាជិក​ព្រឹទ្ធសភា​ចូលចិត្ត​រិះគន់​ប្រធានាធិបតី Rodrigo Duterte និង​គូកន​២​នាក់​ទៀត ជុំវិញ​ការចោទប្រកាន់​ពាក់ព័ន្ធ​សំណុំរឿង​គ្រឿងញៀន​អំឡុងពេល​លោកស្រី​កាន់តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​។ ដីកា​ចាប់​ខ្លូន​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ ធ្វើឡើង​បន្ទាប់​រដ្ឋបាល​លោក Duterte ដាក់ពាក្យ​បណ្ដឹង​លើ​លោកស្រី de Lima ដែល​សង្ស័យថា​បាន​ការពារ​ឈ្មួញ​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​រដ្ឋ​។​



​ក្រុមមន្ត្រី​ធ្វើការ​ឲ្យ​លោកស្រី Leila de Lima បានបញ្ជាក់​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​ថា ចៅក្រម Juanita Gurrero នៃ​តុលាការ​តំបន់ Muntinlupa RTC បានចេញ​ដីកាចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​រូបនេះ និង​បុរស​ពីរ​នាក់​ទៀត​ទាក់ទង​នឹង​សំណុំរឿង​គ្រឿងញៀន​។ ដីកាចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់​ក្រសួងយុត្តិធម៌​នៃ​រដ្ឋាភិបាល​ប្រធានាធិបតី Rodrigo Duterte ដែល​តែង​ត្រូវបាន​លោកស្រី Leila រិះគន់​ធ្ងន់ៗ​រឿង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។​

​បើតាម​សារព័ត៌មាន Rappler ដីកាចាប់ខ្លួន​នេះ​អះអាងថា ឆ្លងកាត់​ការវាយតម្លៃ​យ៉ាង​ប្រុងប្រយ័ត្ន​លើ​ព័ត៌មាន និង​ភស្តុតាង​ទាំងអស់ ដែល​បង្ហាញ​ក្នុងការ​ស៊ើបអង្កេត​បឋម​របស់​ក្រសួងយុត្តិធម៌ តុលាការ​មាន​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​ចេញ​ដីកាចាប់ខ្លួន​លោកស្រី Leila M. de Lima, លោក Rafael Marcos Z. Ragos ដែលជា​អតីត​ប្រធានការិយាល័យ​កែប្រែ និង​លោក Ronnie Palisoc Dayan អតីត​អ្នក​បើកឡាន និង​ជា​មិត្ត​ប្រុស​លោកស្រី Leila​។

​រដ្ឋមន្ត្រី​យុត្តិធម៌ Vitaliano Aguirre II បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន dzMM ថា ដីកាចាប់ខ្លួន អាច​ត្រូវបាន​អនុវត្ត​គ្រប់ពេល​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​។ យ៉ាងណាមិញ មេធាវី​លោកស្រី Leila ហៅ​ការវិវត្ត​ចុងក្រោយ​នេះ ជា​រឿង​គួរ​អស់សំណើច និង​សោកស្ដាយ ព្រោះ​តុលាការ​មិនទាន់​ចាត់ការ​បណ្ដឹង​របស់លោក​ស្រី​ប្រឆាំងនឹង​រឿងនេះ​នៅឡើយ​។

​យោងតាម​ពាក្យបណ្ដឹង​របស់​រដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា Leila បានទទួល​លុយ​ចំនួន​៥​លាន​ពឺ​សូ ស្មើ​១​សែន​ដុល្លារ​ពី​ឈ្មួញ​គ្រឿងញៀន ដែល​ត្រូវបាន​បញ្ជូន​ទៅផ្ទះ​លោកស្រី កាលពីពេល​លោកស្រី​កាន់តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌​។ ពាក្យបណ្ដឹង​ដដែល​បន្តថា លោកស្រី បាន​បើកដៃ​ឲ្យ​ឈ្មួញ​រកស៊ី​គ្រឿងញៀន​ពី​ខាងក្នុង​ពន្ធនាគារ​ជាតិ ដែល​ប៉ូលិស​ពណ៌នា ថា​ស្មើនឹង​៧០​ភាគរយ​នៃ​គ្រឿងញៀន​ចរាចរ​ក្នុងប្រទេស​។

​ទោះជា​យ៉ាងណាក្ដី លោកស្រី Lima ដែលជា​អ្នកប្រឆាំង​លោក Duterte រហូតមក​នោះ បាន​ទាត់ចោល​ការចោទប្រកាន់​នេះ និង​ចាត់ទុក​ពាក្យបណ្ដឹង​ប្រឆាំង​លោកស្រី ជា​រឿង​នយោបាយ​ទៀតផង​។ លោកស្រី​និយាយ​ដែរ​ថា នេះ ជា​រឿង​ផ្ទាល់ខ្លួន​ដែល​លោក​ប្រធានាធិបតី Duterte មិន​ពេញចិត្ត​លោកស្រី ពេល​លោកស្រី​នៅ​ធ្វើជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ហើយ​លោក Duterte ធ្វើជា​អភិបាលក្រុង Davao និង​ពេល​លោកស្រី​ផ្ដើមគំនិត​ស៊ើបអង្កេត​រឿង​ឃាតករ​សម្ងាត់​ធ្វើការ​ឲ្យ​លោក Duterte ផង​នោះ​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  Leila de Lima
© រក្សាសិទ្ធិដោយ thmeythmey.com