ជាតិ
ក្រសួងបរិស្ថាន​ពន្យល់​ពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​ទឹក​ដង​ទន្លេបាសាក់​តូច​ប្រែ​ពណ៌​ខ្មៅ​
24, Feb 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ពិនិត្យឃើញ​ទឹក​ក្នុង​ទន្លេបាសាក់​តូច ប្រែ​ពណ៌​ទៅជា​ខ្មៅ  និង​មាន​ក្លិនស្អុយ​ខុស​ប្រក្រតី ក្រសួងបរិស្ថាន បាន​បញ្ជូន​មន្ត្រី​ជំនាញ  ដើម្បី​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​បង្ហូរទឹក​កង្វក់​នេះ ដោយ​សហការ​ជាមួយ​មន្ទីរ និង​អង្គការ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។



​ក្រោយពី​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​រក​មូល​ហេតុដែល​នាំ​ឲ្យ​ទឹកទន្លេ​ពណ៌​ខ្មៅ​រួ​ច ក្រុម​ជំនាញ​បាន​រកឃើញថា បញ្ហា​នេះ បណ្តាលមកពី​ពី​ការកកស្ទះ​នៃ​បណ្តាញ​លួ​មេនៅតាម​បណ្តោយ​មហាវិថី​សុធារស ធ្វើ​ឲ្យ​ទឹកលូ​ដែល​ត្រូវ​ហូរ​ទៅកាន់​បណ្តាញ​លូ​នៅ​បឹងត្របែក ត្រូវ​ហូរ​ច្រាល​ចេញមក​ខាង​ផ្នែក​ទន្លេបាសាក់​តូច​វិញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ដដែល បន្ត​លើកឡើង​យ៉ាងនេះ​ថា​៖«​អង្គភាព​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ចាត់វិធានការ ដោយ​ធ្វើ​សកម្មភាព​ស្តារ​បណ្តាញ​លូ ដែល​កកស្ទះ​ទាំងនោះ ហើយ​កិច្ចការ​នេះ នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ ៣០ ថ្ងៃ​»​។​

​ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏​សុំ​ការយោគយល់​ពី​សាធារណ​ជន និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សាក់​តូច​ផងដែរ ដើម្បី​ទុកពេល​ឲ្យ​អង្គភាព​ជំនាញ​ដោះស្រាយ​បញ្ហា​នេះ​៕


Tag:
 ​ក្រសួងបរិស្ថាន​
  ទន្លេបាសាក់​តូច
© រក្សាសិទ្ធិដោយ thmeythmey.com