ជាតិ
ខ្យល់​កន្ត្រាក់​ក្នុង​ក្រុង​សៀមរាប​បណ្តាល​ឲ្យ​បាក់​ដើម​គគីរ​ចំណាស់​៤​ដើម​
23, Feb 2017 , 6:15 pm        
រូបភាព
ប្រភពរូបថត៖ ហ្វេសប៊ុក រដ្ឋបាល ខេត្តសៀមរាប
ប្រភពរូបថត៖ ហ្វេសប៊ុក រដ្ឋបាល ខេត្តសៀមរាប
​សៀមរាប​៖ ខ្យល់​កន្ត្រាក់​មួយ​ដ៏​ខ្លាំង បាន​ប៉ះ​ទីក្រុង​សៀមរាប​នៅ​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​បណ្តាល​ឲ្យ​ដើមឈើ​ជាច្រើន​ដើម បាន​បាក់មែក និង​ដួល​រំលំ​។ តាម​ការបញ្ជាក់​ពី​អាជ្ញាធរ ក្នុង​ហេតុការណ៍​ដ៏​កម្រ​នេះ បណ្តាល​ឲ្យ​ដើម​គគីរ​ធំៗ​នៅ​បណ្តោយ​ស្ទឹង​សៀមរាប ដួល​រំលំ​ចំនួន​៤​ដើម​។​



​លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​នេះ​ថា ដើម​គគីរ​ចំណាស់ ដែល​អាជ្ញាធរ​ប្រឹង​ថែរក្សា​លម្អ​ក្រុង​រហូតមក បាន​បាក់​ដួល​រំលំ​អស់​ចំនួន​៤​ដើម​។ លោក​បញ្ជាក់ថា ដើម​គគីរ​ដែល​បាក់​នោះ មាន​ទីតាំង​ស្ថិតនៅ​ខាងកើត​ព្រះរាជដំណាក់ តាម​បណ្តោយ​ស្ទឹង​សៀមរាប​។​

​លោក គឹម ឆៃ​ហៀ​ង បាន​ហៅ​ខ្យល់​កន្ត្រាក់​នេះ​ថា ជា​បាតុភូតធម្មជាតិ ហើយ​វា​ក៏​ត្រូវបាន​ព្យាករណ៍​ដោយ​ក្រសួង​ធនធាន និង​ឧតុនិយម​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​លោក​មានការ​ងឿងឆ្ងល់​នោះ គឺ​ខ្យល់​នេះ​បាន​ប៉ះ​តែ​ក្នុង​រង្វង់​សង្កាត់​ទាំង​៥​នៃ​ក្រុង​សៀមរាប​តែប៉ុណ្ណោះ ជារួម​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តសៀមរាប មិនបាន​ប៉ះពាល់​ឡើយ​។ លោក ឆៃ​ហៀ​ង បន្ថែមថា​៖« ខ្យល់​នេះ​ត្រូវតែ​កណ្តាល​ក្រុង​សៀមរាប ជារួម​នៅ​ជាយៗ ក៏​មិនត្រូវ​ដែរ ហើយ​តាម​ការសាកសួរ​តាម​បណ្តា​ខេត្ត​ជិតៗ ក៏​គេ​អត់​ប៉ះ​ដែរ មិនដឹង​ហេតុអ្វី​»​។​



​ក្រៅពី​ការ​ដួល​រំលំ និង​បាក់​មែកឈើ​ដើមឈើ​មួយចំនួន​ហើយ​នោះ លោក​អភិបាលរង​ខេត្តសៀមរាប​បានបញ្ជាក់​ថា ហេតុការណ៍​នេះ​ពុំមាន​អ្នកណា​រងគ្រោះ​ឡើយ​។​
 
​គួរ​បញ្ជាក់ថា ហេតុការណ៍​ខ្យល់​កន្ត្រាក់​នៅ​ខេត្តសៀមរាប​នេះ បានកើត​ឡើង​នៅ​ចន្លោះ​ម៉ោង ១​កន្លះ និង​ស្ងប់ស្ងាត់​ទៅវិញ​នៅ​ម៉ោងជាង​២​រសៀល​។ នៅតាម​បណ្តោយ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប គេ​សង្កេតឃើញ​មាន​មែកឈើ និង​ស្លឹកឈើ​រាយប៉ាយ​ស្ទើរ​គ្រប់​ទីតាំង​កន្លែង ចំណែក​បុគ្គលិក​អនាម័យ ក៏​កំពុង​រួសរាន់​ប្រមូល និង​ដឹកជញ្ជូន​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​ផងដែរ​៕





Tag:
 ​ខ្យល់​កន្ត្រាក់​
  គឹម ឆៃ​ហៀ​ង
© រក្សាសិទ្ធិដោយ thmeythmey.com