ជាតិ
លោកស្រី ទេព វ​ន្នី ជាប់ពន្ធនាគារ​ជា​លើក​ទី​៣ ព្រោះ​ការតវ៉ា​នានា​ទាក់ទង​នឹង​រឿង​បឹងកក់​
23, Feb 2017 , 9:05 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​២០១១ ជា​ពេលដែល​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់ ត្រូវបាន​បណ្តេញ​ចេញពី​លំនៅដ្ឋាន លោកស្រី ទេព វ​ន្នី បាន​ក្លាយជា​សកម្មជន​មួយរូប ដែល​តែងតែ​ចូលរួម​តវ៉ា​ជា​ញឹកញាប់ ដើម្បី​ទាមទារ​អ្វីមួយ​ពី​អាជ្ញាធរ​។ ការតវ៉ា​របស់លោក​ស្រី ទេព វ​ន្នី មិនសូវ​ជា​ទទួលបាន​ផល​វិជ្ជមាន​ប៉ុន្មាន នោះទេ​។ ផ្ទុយ​មកវិញ ដោយសារតែ​ការចូលរួម​តវ៉ា​ទាំងនោះ លោកស្រី ទេព វ​ន្នី បាន​ជាប់ពន្ធនាគា​ររ​ហូត​ដល់​ទៅ​បី​ដង​ឯណោះ តាមរយៈ​ការកាត់ទោស​របស់​តុលាការ​នៅ​កម្ពុជា​។



​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ បាស​ម្រេច​កាត់ទោស​លោក​ស្រី ទេព វ​ន្នី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ ក្រោម​បទ​ចោទ​«​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​។ ជា​បទ​ចោទ ដែល​ទាក់ទង​នឹង​អំពើហិង្សា តាំងពី​២០១៣ មកម្ល៉េះ ដែល​កាលនោះ លោកស្រី ទេព វ​ន្នី រួមទាំង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ផ្ទះ​សម្តេច ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍ លើ​ជម្លោះដីធ្លី​នៅក្នុង​តំបន់​បឹងកក់​។

​លោកស្រី បូ​វ សោភា សកម្មជន​បឹងកក់​មួយរូប​ដែល​ស្និទ្ធ​នឹង​លោកស្រី ទេព វ​ន្នី  និង​តែងតែមាន​វត្តមាន​ជាមួយគ្នា​ពេល​តវ៉ា​លើ​បញ្ហា​នានា​នោះ បានចាត់ទុក​ការសម្រេច​របស់​តុលាការ នេះ ថា​ជា​រឿង​អយុត្តិធម៌​។ លោកស្រី បូ​វ សោភា បាន​រិះគន់​តុលាការ​នៅ​កម្ពុជា ថា​កាត់ក្តី​ដោយ​លម្អៀង ហើយ​ជាពិសេស​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ដូច​ក្រុម​លោកស្រី មិនដែល​ទទួលបាន​យុត្តិធម៌​ឡើយ​។
​លោកស្រី បូ​វ សោភា បញ្ជាក់ថា  លោកស្រី រួមទាំង​ប្រជាពលរដ្ឋ​ផ្សេង​ទៀ នឹង​បន្តធ្វើ «​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដដែល ដើម្បី​សុំ​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី​។

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​តុលាការ​បាន​កាត់ទោស​លោ​ក​ស្រី ទេព វ​ន្នី ឲ្យ​ជាប់ពន្ធនាគារ​។​

​ក្រោយ​ជម្លោះដីធ្លី​នៅក្នុង​តំបន់​បឹងកក់ ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ បានធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​។ រហូតដល់​ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​១៥​នាក់ ក្នុងនោះ​ក៏មាន​លោកស្រី ទេវ វ​ន្នី ម្នាក់​ដែរ ត្រូវបាន​តុលាការ​ចោទ​ពីបទ «​ជេរប្រមាថ​មន្ត្រីរាជកា​រ​សាធារណៈ​» ហើយ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​២​ឆ្នាំកន្លះ ដោយសារតែ​តវ៉ា​នឹង​រឿង​លុប​បឹងកក់ ដែល​ប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ពួកគេ​។ ប៉ុន្តែ ក្រោយ​អនុវត្ត​ទោស​បាន​ត្រឹម​មួយខែ បី​ថ្ងៃ តុលាការ ក៏​សម្រេច​ដោះលែង ប្រជាពលរដ្ឋ​ទាំង​១៥​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។

​នៅ​ឆ្នាំ​២០១៤ លោកស្រី ទេព វ​ន្នី ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​រយៈពេល​៥​ខែ ក្រោម​ប​ទោ​ចោទ «​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​»៕



Tag:
 ទេព វន្នី
© រក្សាសិទ្ធិដោយ thmeythmey.com