អន្តរជាតិ
អន្តរជាតិ​អាច​ចាត់វិធានការ​ប្រឆាំង​កូរ៉េខាងជើង បើ​រកឃើញ​ឃាតកម្ម​បងប្រុស​លោក​គីម​ជុង​អ៊ុន ជា​ភេរវកម្ម​គាំទ្រ​ដោយ​រដ្ឋ
23, Feb 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​អះអាងថា ករណី​ឃាតកម្ម​លោក គីម ជុង​ណាំ ដែលជា​បងប្រុស​ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន អាចឈាន​ដល់​ការបើកផ្លូវ​ដល់​សហគម​ន៍​អន្តរជាតិ​ចេញ​អន្តរាគមន៍​ប្រឆាំង​។ លទ្ធភាព​នៃ​អន្តរាគមន៍​សហគមន៍​អន្តរជាតិ ប្រសិនបើ​រកឃើញថា កូរ៉េខាងជើង ពិតជា​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​នោះ​មែន​នោះ​។



« ប្រសិនបើ​កូរ៉េខាងជើង ត្រូវបាន​រកឃើញថា​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​លោក គីម ជុង​ណាំ​មែន សហគមន៍​អន្តរជាតិ នឹង​ពិនិត្យ​មើលថា​តើ​ជា​អំពើ​ភេ​វរ​កម្ម​ដែល​ដឹកនាំ​ដោយ​រដ្ឋ ដែល​បាន​បំពាន​លើ​អធិបតេយ្យ​ម៉ាឡេស៊ី​ឬ​យ៉ាងណា​។ ហើយ​ឥរិយាបថ​នេះ អាចបង្កើត​ឲ្យ​មាន​បរិយាកាស​មួយ ដែល​ត្រូវ​ពិភាក្សា​លើ​ឆាក​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោក Yun Byung-se នៅ​ថ្ងៃទី​២២ កុម្ភៈ ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Yonhap​។

​តាម​ប្រភពព័ត៌មាន​ព័ត៌មាន ប្រមុខ​ការទូត​កូរ៉េខាងត្បូង បាន​សង្កត់ធ្ងន់ថា ៖«​ប្រសិនបើ​ឃាតកម្ម​ពិតជា​រកឃើញថា​បែប​នោះ វា នឹងត្រូវ​ចាត់ទុកជា​ការបំពាន​មួយ​ដ៏​ធ្ងន់ធ្ងរ​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ​។​»​។ លោក Yun ដែល​ថ្លែង​ក្រោយពី​បាន​ជួប​លោក​រដ្ឋមន្ត្រី​បរទេស​អង់គ្លេស ថែមទាំង​ឲ្យ​ដឹងថា សហភាព​អឺរ៉ុប គ្រោង​ប្រកាស​ទណ្ឌកម្ម​ឯកតោភាគី​ប្រឆាំងនឹង​ក​ម្ម​វិធី​នុយក្លេអ៊ែរ និង​ការអភិវឌ្ឍ​មី​ស៊ី​ល​កូរ៉េខាងជើង ក៏ដូចជា​ករណី​ឃាតកម្ម​នា​រយៈពេល​ចុងក្រោយ​នេះ​ផងដែរ​។

​សូម​រម្លឹក​បន្តិច​ថា លោក គីម ជុង​ណាំ ដែលមាន​ម្តាយ​ផ្សេងគ្នា​ពី​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ លោក បាន​ស្លាប់​នៅតាម​ផ្លូវ ខណៈ​មន្ត្រី​ព្រលានយន្តហោះ បញ្ជូន​លោក​ទៅកាន់​សង្គ្រោះបន្ទាន់ បន្ទាប់ពី មាន​ហេតុការណ៍​នៃ​ការ​ខ្ទប់​មុខ​លោក​ជាមួយនឹង​សារធាតុពុល​នៅ​ព្រលានយន្តហោះ​ម៉ាឡេស៊ី​។

​ករណី​ឃាត​កម្មនេះ កំពុងតែ​បង្កើត​រឿងចម្រូងចម្រាស​ការទូត​ខ្លាំង​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង ដ្បិត កូរ៉េខាងជើង បានទាមទារ​យក​សាក​សព​របស់លោក គីម ជុង​ណាំ ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ ម៉ាឡេស៊ី​តម្រូវ​ឲ្យ​បំពេញ​តាម​នីតិវិធី​ប្រទេស​ខ្លួន​។ អ្វី​ដែលជា​ចម្រូងចម្រាស​ខ្លាំង​នោះ ប៉ូលិស​ម៉ាឡេស៊ី បាន​រកឃើញ​ជនសង្ស័យ​នៃ​ឃាតកម្ម​នោះ ក៏មាន​ពលរដ្ឋ​កូរ៉េខាងជើង​ខាងជើង​ផងដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com