ជាតិ
ជប៉ុន​បើក​មហោស្រព​គី​ហ្សូ​ណា រយៈពេល ៤​ថ្ងៃ នៅ​CJCC
24, Feb 2017 , 8:46 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងឆ្នាំនេះ ជប៉ុន​រៀបចំ​មហោស្រព​គី​ហ្សូ​ណា (KIZUNA) ក្រោម​ប្រធានបទ​ដំណើរ​ទៅកាន់ ប្រទេស​ជប៉ុន (Fly to Japan) ចាប់ពី​ថ្ងៃទី ២៣ ដល់ទី​២៦ ខែកុម្ភៈ ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​ជប៉ុន (CJCC)​។​



​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា សហការ​ជាមួយ CJCC និង​មូលនិធិ ជប៉ុន (Japan Foundation Asia Center Liaison) រៀបចំ​មហោស្រព​នេះ​ឡើង ក្នុង​គោលបំណង​ផ្សារភ្ជាប់​វប្បធម៌​ប្រពៃណី​បុរាណ និង​ទំនើប​រវាង​ជនជាតិ​ជប៉ុន និង​កម្ពុជា​។​

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ណូរី​ណុ​អ៊ុ​ជិ ហ៊ី​ដេ​ស៊ី​សា បាន​ពន្យល់​ពាក្យ​គី​ហ្សូ​ណា ក្នុង​ពិធី​បើក​មហោស្រព​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ​ថា វា​មានន័យថា ជា​ចំណង​ទំនាក់ទំនង​ម​តិ្ត​ភាពជា​មួយ​អ្នក​សំខាន់ៗ ដូចជា គ្រួសារ ឬ​មិត្តភក្តិ ជាដើម​។ បន្ថែម​លើសពីនេះ លោក​បន្តថា ការជ្រើសរើស​ប្រធានបទ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ឆ្នាំនេះ ក្នុង​គោលបំណង​សាទរ​ការបើក​ជើង​ហោះ ហើរ​ត្រង់​រវាង​ជប៉ុន និង​កម្ពុជា កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​កន្លងមក​។​



​ឱកាស​នោះដែរ លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​មហោស្រព​នេះ ជា​ឱកាស​សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ ពិសេស​គឺ យុវជន  បាន​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី​និង​សម័យ​ទំនើប​សម្បូរបែប​រវាង​ជប៉ុន និង​កម្ពុជា​។​

​មហោស្រព​នេះ មានកម្ម​វិធី និង​ពិ​ព័រ​ណ៌​វប្បធម៌​នានា ដូចជា ការសម្តែង​សិល្បៈ​ដោយ​សិល្បករ​ជប៉ុន និង​កម្ពុជា ការរៀប​ផ្កា ការសរសេរ​អក្សរ​ផ្ចង់ ការប្រគុំ​តន្ត្រី ការតាំង​ពិរ​ព័ណ៌​បង្អែម និង​ម្ហូបអាហារ ការ​រចនា​ម៉ូ​ដសក់ និង​សំលៀកបំពាក់ និង​កម្មវិធី​សិក្ខាសាលា​អប់រំ​ផ្សេងទៀត​។​



​គួរបញ្ជាក់ មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា បាន​រៀបចំឡើង​តាំងពី​ឆ្នាំ ២០១២​មក​ម្លេះ​។ សាធារណជន​អាច​ចូលរួម​ស្វែងយល់ និង​ទស្សនា​ដោយ​សេរី​៕









Tag:
 KIZUNA
  ជប៉ុន​
  CJCC
© រក្សាសិទ្ធិដោយ thmeythmey.com