អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេត​វិមាន ហាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ធំៗ​ចូល​បន្ទប់​យក​ព័ត៌មាន​ ​
25, Feb 2017 , 2:27 pm        
រូបភាព
សេតវិមាន ហាមបណ្ដាញផ្សព្វផ្សាយព័ត៌មានចូលរួមសន្និសីទកាសែតរបស់លោក Sean Spicer (រូបថត៖ Reuters)
សេតវិមាន ហាមបណ្ដាញផ្សព្វផ្សាយព័ត៌មានចូលរួមសន្និសីទកាសែតរបស់លោក Sean Spicer (រូបថត៖ Reuters)
​សេត​វិមាន បាន​ហាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​របស់​អាមេរិក​ជាច្រើន​ចូលរួម​ក្នុង​សន្និសីទកាសែត​របស់រ​ដ្ឋ​មន្ត្រី​ព័ត៌មាន Sean Spicer នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​។ គេ​មិនដឹង​ច្បាស់​ពី​មូលហេតុ​ដែល​សេត​វិមាន​រារាំង​ក្រុមអ្នកកាសែត​ទាំងនោះ​ឡើយ តែ​ពួកគេ​សុទ្ធសឹង​ជា​សារព័ត៌មាន​ដែលមាន​ប្រវត្តិ​មិនត្រូវ​គ្នា​ជាមួយ​រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។​


​អ្នករាយការណ៍​ព័ត៌មាន​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីឈ្មោះ​ដូចជា CNN, Politico, The New York Times, The Los Angeles Times និង BuzzFeed មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​សន្និសីទកាសែត​ក្នុង​ការិយាល័យ​លោក Sean Spicer ឡើយ​។ សន្និសីទកាសែត​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ ធ្វើ​ជំនួស​កម្មវិធី​សន្និសីទ​ប្រចាំថ្ងៃ​តាម​ទូរទស្សន៍ ដែល​តែងតែ​ធ្វើ​នៅ​បន្ទប់​ព័ត៌មាន​នៃ​សេត​វិមាន​។​

​យ៉ាងណាក្ដី អ្នករាយការណ៍​ព័ត៌មាន​មកពី​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងទៀត​ដូចជា Reuters, CBS និង Bloomberg មិន​ត្រូវបាន​ហាមឃាត់​អ្វី​ឡើយ​។ លោក Spicer និយាយថា ក្រុមការងារ​របស់លោក សម្រេចចិត្ត​ធ្វើ​សន្និសីទ​ក្នុង​បន្ទប់​បិទ​ជិត ជំនួស​សន្និសីទ​នៅ​បន្ទប់​ព័ត៌មាន ព្រោះ​មិន​ចង់​និយាយ​រឿង​គ្រប់យ៉ាង​ចំពោះមុខ​កាមេរ៉ា​។

​ការហាមឃាត់​ចូលរួម​ក្នុង​សន្និសីទកាសែត​លើក​នេះ ធ្វើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ដែល​មិនត្រូវ​បានអនុញ្ញាត​អាក់អន់ចិត្ត​យ៉ាងខ្លាំង​។ លោក Dean Baquet ការី​និពន្ធ​ជាន់ខ្ពស់​របស់ The New York Times បាន​និយាយថា សកម្មភាព​បែបនេះ មិន​ដែលមាន​ពីមុន​ឡើយ​នៅ​សេត​វិមាន​។ យើង​ជំទាស់​ដាច់ខាត​ការហាមឃាត់ The New York Times និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត ហើយ​ការយក​ព័ត៌មាន​ដោយ​សេរី​ពី​រដ្ឋាភិបាល គឺជា​ប្រយោជន៍​ប្រទេសជាតិ​។​

​មិន​ត្រឹមតែ The New York Times ឡើយ សូម្បី CNN និង​Buzzfeed ក៏​មិន​ពេញចិត្ត​ចំណាត់ការ​នេះដែរ និង​បាន​ហៅ​ការហាមឃាត់​នេះ ជា​រឿង​មិនអាច​ទទួលយកបាន ព្រមទាំង​ជាការ​សងសឹក​មកលើ​ពួកគេ ដែល​ផ្សាយ​ព័ត៌មាន​ពិត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ ក៏បាន​សន្យា​បន្តការងារ​របស់ខ្លួន​ទៅមុខទៀត ដោយ​មិន​រអាក់រអួល​ដោយសារតែ​ការ​រើស​អើ​ស​ពី​សំណាក់​រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ នោះទេ​។​

​ជាការ​កត់សម្គាល់ រយៈពេល​ជាច្រើន​សប្តាហ៍​មកនេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បន្ត​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ជាច្រើន​មានដូចជា CNN, NBC, New York Times, ABC, CBS ជាដើម​ដោយ​យក​លេស ថា​ស្ថាប័ន​ទាំងនេះ​ចែកចាយ​តែ​ព័ត៌មាន​ក្លែងក្លាយ​។  មេដឹកនាំ​អាមេរិក​រូបនេះ​បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter របស់ខ្លួន ដោយ​ហៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងលើ​ទាំងនោះ​ថា​ជា​ប្រភព​នៃ​ព័ត៌មាន​មិន​ពិត និង​ជាស​ត្រូវ​ធំ​របស់​ប្រជាជន​អាមេរិក​ថែមទៀត​ផង​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com