អន្តរជាតិ
ប៉ូលិស​ម៉ាឡេស៊ី​ព្រមាន​ចាប់ខ្លួន​មន្ត្រី​ទូត​កូរ៉េខាងជើង​ពាក់ព័ន្ធ​ឃាតកម្ម គីម ជុង​ណាំ ​
25, Feb 2017 , 10:39 pm        
រូបភាព
​មន្ត្រីប៉ូលិស​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ថា ខ្លួន​អាច​ចេញ​ដីកាចាប់ខ្លួន​មន្ត្រី​ទូត​កូរ៉េខាងជើង​ម្នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លោក គីម ជុង​ណាំ បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ មន្ត្រី​ទូត​កូរ៉េខាងជើង ដែលមាន​តូ​នាទី​ជា​លេខា​ទី​២ ស្ថានទូត និង​មានឈ្មោះ​ក្នុង​បញ្ជី​សង្ស័យ​របស់​ប៉ូលិស ទំនងជា​មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ក្នុងការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះឡើយ​។​


​មកទល់ពេលនេះ អាជ្ញាធរ​ម៉ាឡេស៊ី បាន​រកឃើញ​សារធាតុ​គីមី ដែល​បានសម្លាប់​បងប្រុស​លោក គីម ជុង​អ៊ុន ហើយ​។ ប៉ុន្តែ​ប៉ូលិស​ម៉ាឡេស៊ី នៅតែ​បន្ត​ដុតដៃដុតជើង​ស្វែងរក​ជនសង្ស័យ​មួយចំនួនទៀត ដែល​កំពុង​រត់គេចខ្លួន​នៅឡើយ​។ ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ ក៏មាន​លេខា​ទី​២ ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី Hyon Kwang Song ដែល​ប៉ូលិស​កំពុង​ចង់​នាំខ្លួន​មក​សាកសួរ​ពាក់ព័ន្ធ​ឃាតកម្ម​នេះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្នងការ​ប៉ូលិស​រដ្ឋ Selangor លោក Abdul Samah Mat និយាយថា ប៉ូលិស​នឹង​ទុកពេល​សមរម្យ​ឲ្យ​លោក Hyon Kwang Song ដើម្បី​សហការ​ជាមួយ​ប៉ូលិស មុននឹង​ប៉ូលិស​ចាត់វិធានការ​បន្ត​ទៀត​។ លោក​បញ្ជាក់ថា បើ​លេខា​ទី​២ រូបនេះ​មិន​សហការ​ជាមួយ​ប៉ូលិស​ទេ អាជ្ញាធរ​នឹង​ចេញ​លិខិត​ជូនដំណឹង​មួយ​ឲ្យ​លោក Hyon Kwang Song ចូលខ្លួន​សហការ​ជាមួយ​ប៉ូលិស​

«​ហើយ​ប្រសិនបើ លោក Hyon Kwang Song មិន​បង្ហាញខ្លួន​តាម​ពេល​កំណត់​ទេ យើង​នឹង​ឈាន​មួយ​ជំហាន​ទៀត គឺ​ចេញ​ដីកាចាប់ខ្លួន​ឡើង​តុលាការ​តាមច្បាប់​ម៉ាឡេស៊ី​តែម្ដង​។​» នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ស្នងការ​ប៉ូលិស​រដ្ឋ Selangor ជុំវិញ​ករណី​សង្ស័យ​លើ​លេខា​ទូត​កូរ៉េខាងជើង ដែល​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ប៉ូលិស​ម៉ាឡេស៊ី​កំពុង​ចង់បាន​រូបគាត់​មក​សាក​សួរ​នោះ​។​

​ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​លោក គីម ជុង​ណាំ មាន​ជនជាតិ​កូរ៉េខាងជើង​៨​នាក់ ជាប់ទាក់ទង​ក្នុង​រឿងនេះ​ដោយ​រួមទាំង​លោក Hyon Kwang Song ផង​នោះ​។ ជនជាតិ​កូរ៉េខាងជើង​ម្នាក់ ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​រួចហើយ ខណៈ​២​នាក់​ទៀត កំពុង​លាក់ខ្លួន​លើ​ទឹកដី​ម៉ាឡេស៊ី​នៅឡើយ​។ ចំណែក​ជនសង្ស័យ​ជនជាតិ​កូរ៉េខាងជើង​៤​នាក់​ទៀត បានគេច​ខ្លួន​ចេញពី​ម៉ាឡេស៊ី​ហើយ ក្រោយ​ឃាតកម្ម​។​

​គីម ជុង​ណាំ បងប្រុស​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ស្លាប់​ក្រោយ​ឃាតករ​ប្រើ​សារធាតុ​គីមី VX ដ៏​សាហាវ​។ សារធាតុ​គីមី ត្រូវបាន​ហាមឃាត់​ដោយ​អនុសញ្ញា​អង្គការសហប្រជាជាតិ និង​អនុ​ញ្ញា​ឲ្យ​ប្រើតែ​ក្នុង​ការងារ​វេជ្ជសាស្ត្រ និង​ការងារ​វិទ្យាសាស្ត្រ​ខ្លះ​ប៉ុណ្ណោះ​។ ភ្លាមៗ​បន្ទាប់​កើតហេតុ ប៉ូលិស​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​ស្ត្រី​វៀតណាម និង​ឥណ្ឌូណេស៊ី ទៀតផង ហើយ​ក្នុងនោះ មាន​ម្នាក់​ទំនងជា​រង​ផលប៉ះពាល់​ដោយសារ​សារធាតុ​គីមី VX នេះដែរ​៕  


© រក្សាសិទ្ធិដោយ thmeythmey.com