អន្តរជាតិ
ទោះ​មាន​វ័យ​៩៣​ឆ្នាំ មេដឹកនាំ​ផ្ដាច់ការ Mugabe ប្រកាសថា លោក​មិន​ទៅណា​ឡើយ​ ​
26, Feb 2017 , 7:39 pm        
រូបភាព
ប្រធានាធិបតីស៊ីមបាវ៉េ Robert Mugabe និងភរិយា Grace Mugabe ក្នុងពិធីខួបកំណើតគម្រប់៩៣ឆ្នាំ (រូបថត Xinhua)
ប្រធានាធិបតីស៊ីមបាវ៉េ Robert Mugabe និងភរិយា Grace Mugabe ក្នុងពិធីខួបកំណើតគម្រប់៩៣ឆ្នាំ (រូបថត Xinhua)
​ប្រធានាធិបតី​វ័យ​ជរា Robert Mugabe ទើបតែ​ប្រារព្ធ​ពិធី​អបអរ​ខួបកំណើត​អាយុ​៩៣​ឆ្នាំ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បើទោះជា​លោក​ចូលដល់​វ័យ​នេះ​តាំងពី​ថ្ងៃទី​២១ មក​ក្ដី​។ មាន​អាយុ​ក្បែរ​មួយ​សតវត្សរ៍​ទៅហើយ​ក្ដី លោក Mugabe នៅតែ​ក្ដាប់​អំណាច​ជា​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​មិន​លែងដៃ និង​ថែមទាំង​ប្រកាស​ចំពោះមុខ​ភ្ញៀវ​ចូលរួម​កម្មវិធី​ខួបកំណើត​ថា លោក​នឹងមិន​លាលែង​ពី​នយោបាយ​ឡើយ ហើយ​លោក​ក៏​មិនទាន់​តែងតាំង​អ្នក​ស្នង​តំណែង​ដែរ​។​


​កម្មវិធី​ខួបកំណើត​អាយុ​៩៣​ឆ្នាំ របស់​ប្រធានាធិបតី​ស៊ីម​បា​វ៉េ Robert Mugabe បានធ្វើ​ឡើង​យ៉ាង​អធិកអធម និង​បាន​ចំណាយលុយ​ជាង​២​លាន​ដុល្លារ​អាមេរិក ខណៈដែល​ប្រជាជន​រាប់លាន​នាក់​រក​អង្ករ​ច្រក​ឆ្នាំ​មិន​ចង់បាន​។ ចំពោះមុខ អ្នកគាំទ្រ​រាប់ពាន់នាក់ និង​ភ្ញៀវកិត្តិយស​ជាច្រើន​នៅឯ Matabeleland លោក Mugabe ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​១៩៨០ មក​នោះ មិនបាន​បង្ហាញ​បំណង​បោះបង់​អំណាច​ក្ដាប់​ពេញដៃ​របស់លោក​ឡើយ​។​

​ដោយ​ស្លៀក​សម្លៀកបំពាក់​ចម្រុះ​ពណ៌​អបអរ​ថ្ងៃកំណើត​ខ្លួនឯង ប្រធានាធិបតី​ស៊ីម​បា​វ៉េ​រូបនេះ និយាយថា​៖ «​មាន​មនុស្ស​ជាច្រើន​ប្រមូល​ផ្ដុំគ្នា រួច​ស្រែក​ឲ្យ​ខ្ញុំ​ចុះចេញ​។ ខ្ញុំ​សួរ​ខ្លួនឯង​ថា ខ្ញុំ​ត្រូវ​ទៅណា​?» ហើយ​លោក​ក៏​មិន​រើស​អ្នកណា​មក​ស្នង​តំណែង​បន្ត​ពី​លោក លុះត្រាតែ​គណបក្ស ZANU-PF​របស់លោក​យល់ថា ដល់ពេល​លោក​ត្រូវ​ចាកចេញ ទើប​លោក​លាលែង​ពី​តំណែង ដែល​លោក​កាន់កាប់​អស់​ពេល​៣៧​ឆ្នាំ​មកនេះ​។

«​មាន​អ្នកខ្លះ​និយាយថា លោក​ប្រធានាធិបតី​គួរ​ជ្រើសរើស​អ្នក​បន្តវេន​ហើយ មុន​លោក​ចូលនិវត្តន៍​។ តើ​នេះ​ជាការ​បង្ខំ​មែន​ទេ​? ខ្ញុំ​មិន​ចង់​ធ្វើ​រឿងនេះ​ឡើយ​។ នេះ​ជា​បញ្ហា​របស់​គណបក្ស​ខ្ញុំ ដែល​ត្រូវ​ជ្រើសរើស​អ្នកថ្មី​។ គណបក្ស​អាច​បើក​សន្និបាត​វិសាមញ្ញ ប៉ុន្តែ​ពេលនេះ ខ្ញុំ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ក្រោយនេះ​។​» នេះ​ជាការ​លើកឡើង​របស់លោក Mugabe ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera ។​

​កាន់តែ​ពិសេស​នោះ ក្នុង​ពិធីបុណ្យ​ខួបកំណើត​គម្រប់​ខួប ៩៣​ឆ្នាំ​នេះដែរ លោក Mugabe បានទទួល​អំណោយ​ធំ​មួយ​ពី​សហភាព​អឺរ៉ុប​។ អំណោយ​នោះ​គឺ ការបន្ត​ទណ្ឌកម្មសេដ្ឋកិច្ច និង​រឹតបន្តឹង​ការធ្វើដំណើរ​សម្រាប់​មេដឹកនាំ​ស៊ីម​បា​វ៉េ​។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន  ក្រុមប្រឹក្សា​អឺរ៉ុប​បាន​បោះឆ្នោត​សម្រាប់​បន្ត​ទណ្ឌកម្ម​ប្រឆាំង​ប្រធានាធិបតី Mugabe និង​ភរិយា Grace Mugabe  និង​រាល់​ឧស្សាហកម្ម​យោធា​របស់​រដ្ឋ​ស៊ីម​បា​វ៉េ​ទាំងមូល​។​

​តាមពិតទៅ ទណ្ឌកម្ម​ទាំងនេះ​ត្រូវ​ដាក់ចេញ​ដំបូង​កាលពី​ឆ្នាំ ២០០២​មកម្ល៉េះ ហើយ​វា​មាន​គោលដៅ​សំខាន់​រឹតបន្តឹង​ការធ្វើដំណើរ​របស់​ប្រធានាធិបតី​ផង បង្កក​ទ្រព្យសម្បត្តិ​របស់លោក​ផង និង​ហាម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ធ្វើ​ពាណិជ្ជកម្ម​អាវុធ​ជាមួយ​ស៊ីម​បា​វ៉េ​។ ប៉ុន្តែ លោក Mugabe នៅតែ​បន្ត​កាន់អំណាច​យ៉ាង​ណែន ខណៈ​ប្រជាជន​មួយចំនួន​នាំគ្នា​រិះគន់​មេដឹកនាំ​ស៊ីម​បា​វ៉េ​ថា​មិនគួរ​ខ្ជះខ្ជាយ​លុយ​ឥតប្រយោជន៍ ស្របពេល​សេដ្ឋកិច្ចជាតិ​និង​ប្រជាជន​កំពុង​ត្រដរខ្យល់​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com